រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី ដែលមកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ ត្រូវបានររកឃើញថាឆ្លងជំងឺកូវីដ១៩ ក្រោយជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងទៀត។
សារព័ត៌មានរ៉យទ័រ(Reuters) ដែលចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ បានរកឃើញឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ បន្ទាប់ពីលោកចាកចេញពីកម្ពុជា កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា។
ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជារយៈពេល១ថ្ងៃនោះ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី បានជួបជាមួយលោក ហ៊ុន សែន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់ក្នុងគម្រោងសំខាន់ៗចំនួន៣ថែមទៀតផង ។ ក្នុងជំនួបនោះភាគីទាំងពីរបានបង្ហាញភាពស្និតស្នាលជាមួយគ្នា ក្នុងនាមមិត្តដ៏ល្អរបស់កម្ពុជាកន្លងមក ។
ក្រៅពីនាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រីលោក ភីធើ ស៊ីចាតូ ក៏បានជួបដោយផ្ទាល់ និងចាប់ដៃក្នុងន័យបង្ហាញពីភាពស្និតស្នាតជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន។ ចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និង រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោរ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត។
ភ្លាមៗក្រោយព័ត៌មានរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីឆ្លងជំងឺកូវីដ១៩ ត្រូវបានផ្សព្វផ្សាយ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី ៤វិច្ឆិកានេះ ដោយបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ ពិតជារកឃើញថាវិជ្ជមានកូវីដ១៩ ប្រាកដមែន។
ប៉ុន្តែសមាជិកគណប្រតិភូប្រទេសហុងគ្រីទាំងអស់ បានធ្វើតេស្តនិងមានវិញ្ញាបណ្ណបត្រសុខភាពបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ មុនពេលចេញដំណើរពីកម្ពុជា។
យ៉ាងនេះក្តី ក្រសួងបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ខ្លួន ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូរបស់ប្រទេស ហុងគ្រី នៅក្នុងពេលទស្សនៈកិច្ចនៅកម្ពុជា ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងដាក់ឱ្យនៅដាច់ដោយឡែក តាមការកំណត់របស់ក្រសួងសុខាភិបាល។
គិតមកត្រឹមថ្ងៃទី៤ ខែវិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប២៩២នាក់ ។ ក្នុងនោះចំនួនអ្នកជំងឺដែលព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៨៣នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន៩នាក់៕