27.5 C
Phnom Penh

អាជ្ញាធរអះអាងថា ផលិតផលក្លែងក្លាយជាង៥០០តោន នឹងត្រូវបំផ្លាញចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អះអាងថាផលិតផលក្លែងក្លាយជាង៥៤០តោន នឹងត្រូវបំផ្លាញចោលនៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឬហៅកាត់ថា គ.ប.ផ.ក បញ្ជាក់ថាផលិតក្លែងក្លាយទាំងនោះ ក៏មានដែរ នូវឱសថខុសច្បាប់ចំនួនជិត៨តោននឹងត្រូវកម្ទេចចោល នៅបរិវេណទីលានចាក់សំរាមដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ។

ប្រភពដដែលបន្តថា ការកម្ទេចផលិតផលក្លែងក្លាយទាំងនោះ ធ្វើឡើងតាមរយៈដីកាបង្កាប់របស់តុលាការ។ ពិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតអាជ្ញាធរដែនដីមន្ត្រីរាជការ និង វិស័យឯកជនជាច្រើនរូបទៀត។

ផលិតផលក្លែងក្លាយនិងខុសច្បាប់ជាង៥៤០តោន ត្រូវសមត្ថកិច្ចចាប់បានក្នុងរយៈពេល៩ខែកន្លងមក ដោយគិតពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២០។ ក្នុងចំណោមផលិតផលក្លែងក្លាយទាំងនោះ  មានផលិតផលសម្រាប់បរិភោគ ផលិតផលជាគ្រឿងសម្អាង ផលិតអាហារបំប៉ន និង ផលិតផលឱសថ ដូចជា ផលិតផលឱសថប្រឆាំងនឹងជំងឹកូវីដ-១៩ ជាដើម។

កាលពីពេលកន្លងទៅ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានសច្ចាហើយថា លោកនឹងមិនចូលរួមពិធីកម្ទេចឬបំផ្លាញផលិតផលក្លែងក្លាយ និងខូចគុណភាពទៀតឡើយ ព្រោះការបង្រ្កាបនិងកម្ទេចផលិតផលក្លែងក្លាយទាំងនោះកន្លងមក មិនដែលចាប់បានមេខ្លោងនោះឡើយ។

ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យស្ថាប័នជំនាញឱ្យយកចិត្តទុកដាក់ស្វែងរកមេខ្លោងឬ អ្នកនៅពីក្រោយខ្នងការជួញដូរផលិតផលក្លែងក្លាយទាំងនោះ ប៉ុន្តែមកទល់ពេលបច្ចុប្បន្នមេខ្លោងឬអ្នកនៅពីក្រោយខ្នងបទល្មើសទាំងនេះ សមត្ថកិច្ចចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បានតិចតួចណាស់។

ដោយឡែក ផលិតក្លែងក្លាយ និងខុសច្បាប់ទាំងនោះ បានហូរចូលក្នុងទីផ្សារកម្ពុជា និងត្រូវបានពលរដ្ឋខ្មែរប្រើប្រាស់ដោយមិនដឹងខ្លួនថា ផលិលផលទាំងនោះកំពុងបំផ្លាញសុខភាពប្រជាជាតិខ្លួនឯងស្ទើរជារៀងរាល់ថ្ងៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស