38 C
Phnom Penh

លោក ហ៊ុន សែន ខកខានចូលរួមកម្មវិធីមួយចំនួន ព្រោះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូពេទ្យបានដាក់ឲ្យ លោក ហ៊ុន សែន ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃបន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីដែលមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

ការរកឃើញថារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសហុងគ្រី មានជំងឺកូវីដ១៩នេះ ក្រោយពេលលោកបានបញ្ចប់ទស្សនៈកិច្ចរបស់ខ្លួន ដោយបានជួបជាមួយប្រមុខដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជាច្រើននាក់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយបានត្រឡប់ទៅបំពេញទស្សនៈកិច្ចនៅប្រទេសថៃ ប៉ុន្តែត្រូវបានស្ថាប័នជំនាញសុខាភិបាលថៃរកឃើញថាលោកមានជំងឺកូវីដ១៩ ។ 

លើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន អះអាងថា ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងក្នុងដំណើរទស្សនៈកិច្ចនេះទាំងអស់ដើម្បីយកវត្ថុសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ភ្លាមៗតែម្តង។

លោកបញ្ជាក់ថា រូបលោក ភរិយារបស់លោក ក្រុមអង្គរក្ស និងអ្នកបើកបររថយន្តសរុប ១៨ នាក់ទៀត ត្រូវបានធ្វើតេស្តរកវីរុសកូវីដ ១៩ តែលទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់។

យ៉ាងនេះក្តីដើម្បីសុវត្ថិភាព ក្រុមគ្រូពេទ្យតម្រូវឱ្យលោក ហ៊ុន សែន រស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ សូម្បីតែភរិយា កូន និងចៅៗរបស់លោក ក៏មិនអាចជួបលោកបានដែរ។

ជាងនេះទៀតលោក ហ៊ុន សែន បានប្រកាសពីការខកខានមិនបានចូលរួមក្នុងកម្មវិធីនានា ដូចជា ការចូលរួមក្នុងធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ការចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះតាមបណ្តាខេត្តនានា។ លោកក៏បានប្រកាស លើកថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប និងជាពិសេសមិនបានចូលរួមប្រជុំអាស៊ានថែមទៀតផង។

តែទោះយ៉ាងណាក៏ដោយ លោកអះអាងថា លោកនៅតែអាចពិនិត្យ និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ ក្នុងនោះអភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៏ ឬសុំយោបល់ពីលោកបានដូចធម្មតា។

ការចាត់វិធានសុវត្ថិភាពនេះ ធ្វើឡើងក្រោយក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៤ ខែវិច្ឆិកា ថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ភីធើ ស៊ីចាតូ (Péter Szijjártó) ធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ នៅឯទីក្រុងបាងកក ប្រទេសថៃ ក្រោយពីលោកបានចេញចេញពីកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅ។

ដោយឡែកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២០ នេះ បានអះអាងថា អ្នកដែលបានប៉ះពាល់ជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) ក្នុងដំណើរទស្សនៈកិច្ចនោះមានចំនួន ៦២៨ នាក់ ហើយត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទរកម្ពុជា ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ ១៩ ទាំងអស់គ្នា។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៩២នាក់។ ក្នុងនោះ អ្នកជំងឺដែលបានព្យាបាលឱ្យជាសះស្បើយ សរុបមានចំនួន ២៨៦។ ចំណែកអ្នកដែលមិនទាន់ជាសះស្បើយ ៦នាក់ ទៀតកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី៥ វិច្ឆិកា ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា មន្ត្រីរាជការរបស់ក្រសួងការបរទេសដែលបានប៉ះពាល់ជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) ក្រោយធ្វើតេស្តវត្ថុសំណាក់រួច លទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ ទាំងអស់។

យ៉ាងនេះក្តី រដ្ឋមន្ត្រី និងមន្ត្រីក្រសួងការបរទេសដែលទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រីទាំងនោះ នឹងបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដើម្បីធ្វើតេស្តជាថ្មីម្តងទៀត។

ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្លួននូវវិធានការពារសុវត្ថិភាព រក្សាគម្លាតសុវត្ថិភាពសង្គម លាងដៃជាប្រចាំ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការឆ្លងវីរុសកូវី១៩ ដែលនឹងអាចកើតមានគ្រប់ពេលវេលា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស