28 C
Phnom Penh

លោក យឹម ស៊ីណន ថាពលរដ្ឋនឹងមិនស្គាល់ជាតិយុត្តិធម៌ឡើយ នៅពេលតុលាការជាឧបករណ៍របស់អ្នកដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិនៅប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន លើកឡើងថានៅពេលតុលាការទាំងមូលបានក្លាយជាឧបករណ៍របស់មេដឹកនាំ ឬ អ្នកនយោបាយ នោះពលរដ្ឋនឹងមិនស្គាល់ឡើងនូវរសជាតិយុត្តិធម៌។

សកម្មជនគណបក្សប្រឆាំងនៅក្រៅប្រទេសរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធថា នៅពេលចៅក្រមព្រះរាជអាជ្ញាបានយកចំណេះដឹងវិជ្ជាជីវៈ ឧត្តមគតិ និងឆន្ទៈរបស់ខ្លួន ដាក់ក្រោមជើងរបស់អ្នកនយោបាយ នោះពួកគេមិនអាចស្គាល់ឡើយនូវតម្លៃពិតនៃជីវិតរបស់ខ្លួន។ 

ការលើកឡើងរបស់លោក យឹម ស៊ីណន ធ្វើឡើងស្របពេលដែល តុលាការរបស់លោក ហ៊ុន សែន ចេញដីកាបង្គាប់ឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ជិត៦០នាក់ ឱ្យចូលខ្លួនសវនាការនៅថ្ងៃទី ២៦ ខែវិច្ឆិកា ជុំវិញការចោទប្រកាន់ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

កាលពីថ្ងៃទី ៦ខែវិច្ឆិកាឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ  បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនប្រធានចលនាយុវជនគនបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន ដើម្បីយកមកអនុវត្តតាមច្បាប់ជាធរមាន។

ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស៊ីណននេះ ក្រោមការចោទប្រកាន់ថាបានរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតអំឡុងឆ្នាំ២០១៩។

យ៉ាងណាគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ការចាប់ខ្លួនសកម្មជននយោបាយក្តី សកម្មជនសិទ្ធិមនុស្សក្តី ឬសកម្មជនបរិស្ថានក្តី គឺជាវិធានការច្បាប់សុទ្ធសាធ ដោយមិនមានគោលដៅទៅលើតែក្រុមណាមួយនោះឡើយ។ លើសពីនេះ ស្ថាប័នតុលាការ ជាស្ថាប័នឯករាជ្យ ដោយគ្មានបុគ្គលណាអាចរំលោភបំពាន ឬ ជ្រៀតជ្រែកបានទេ។

ទោះបីជាយ៉ាងនេះក្តី អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី បានរិះគន់ប្រព័ន្ធតុលាការ និងទាមទារឱ្យមានការរុះរើស្ថាប័នមួយនេះចោលតែម្តង ត្បិតជាស្ថាប័នដែលបម្រើផលប្រយោជន៍នយោបាយឱ្យលោកហ៊ុន សែន និងបក្ខពួករបស់លោក ព្រមទាំងបង្កើតរឿងឈឺចាប់ដល់ពលរដ្ឋក្រីក្រនៅកម្ពុជារាប់មិនអស់។

លោកអះអាងថា ស្ថាប័នជាតិដែលពលរដ្ឋខ្មែរកំពុងស្អប់បំផុតនៅពេលបច្ចុប្បន្ន គឺស្ថាប័នតុលាការ ព្រោះស្ថាប័ននេះ ជាឧបករណ៍រក្សាអំណាចសម្រាប់លោក ហ៊ុន សែន និងជាឧបករណ៍សម្រាប់ជនខិលខូច អ្នកមានប្រាក់ មានអំណាចព្រមទាំងជនផ្តាច់ការ មកប្លន់ដីធ្លី ផ្ទះសម្បែង និងធ្វើបាបពលរដ្ឋ ហើយតុលាការតែងកាត់ក្តីឱ្យពួកគេឈ្នះលើពលរដ្ឋទន់ខ្សោយជានិច្ច។

អតីតមេបក្សប្រឆាំងរូបនេះ ថាតុលាការគឺមានសារៈសំខាន់ណាស់ ដើម្បីធានានូវយុត្តិធម៌ និងភាពត្រឹមត្រូវនៅកម្ពុជា ប៉ុន្តែលោកថាដើម្បីរក្សាឱ្យបាននូវភាពយុតិ្តធម៌ គឺទាល់តែរើរុះប្រព័ន្ធតុលាការនៅកម្ពុជាចោលតែម្តង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស