រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានអះអាងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០នេះ ចំណូលពីទេសចរណ៍នៅតំបន់ការពារធម្មជាតិមានទំហំជាង២៥លានដុល្លារសហរដ្ឋអាមេរិក។
លោកនេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែវិច្ឆិកាថា ចំណូលទាំងនោះបានមកពីការផ្តល់សេរវាកម្មជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកម្សាន្តនូវតំបន់ការពារធម្មជាតិក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានចំនួនជាង៥៣ម៉ឺននាក់(៥៣៦ ៥៤៥)។
លោក នេត្រ ភក្ដ្រា បានលើកឡើងទៀតថា ក្រៅពីចំណូលថវិការាប់លានដុល្លារអាមេរិក ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន ភ្ញៀវទេសចរក៏បានចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ធម្មជាតិដែល កម្ពុជាមាន ដល់ពលរដ្ឋរបស់ខ្លួននិងទេសចរបរទេសថែមទៀតផង។
លោកបន្ដថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានាក្នុងតំបន់អភិរក្សនិងការពារដោយក្រសួងបរិស្ថាននៅឆ្នាំ២០២០នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ និង២០១៩។
នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុប ចំនួនជាង៣៤ម៉ឺននាក់(៣៤៣ ៨៥២) នាក់ ហើយចំណូលពេលនោះ ត្រូវគេប៉ាន់ប្រមាណថាមានចំនួនជាង ១៦លានដុល្លារអាមេរិក។ ចំណែកនៅឆ្នាំ២០១៩ កន្លងទៅតំបន់អភិរក្ស និងតំបន់ការពារធម្មជាតិបានទទួល ភ្ញៀវទេសចរជាង៤០ម៉ឺននាក់(៤០២ ២៩៣) ហើយទទួលបានចំណូលប្រមាណ ១៨ លានដុល្លារ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ អះអាងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ ល្បិចកលពីការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់បន្តទៀត។
ទោះបីជាចំណូលបានពីវិស័យធនធានធម្មជាតិមានការកើនឡើងជាលំដាប់ក្តី ប៉ុន្តែក្រុមអ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិ បញ្ជាក់ថាតំបន់ការពារធម្មជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងរងការបំផ្លិចបំផ្លាញ ពិសេសព្រៃឈើ រ៉ែ និងសត្វព្រៃ។
តំបន់ព្រៃអភិរក្សខ្លះដូចជាតំបន់ព្រៃឡង់ តំបន់ឧទ្យានជាតិវិរៈជ័យ ឧទ្យានជាតិកែវសីម៉ា តំបន់ជួរភ្នំក្រវាញ តំបន់អារ៉ែងជាដើម បទល្មើសព្រៃឈើ និងសត្វព្រៃ កើតមានឡើងឥតឈប់ឈរ ហើយក៏អាចឈានទៅរកក្តីវិនាសនៅពេលខាងមុខ ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ៕