28 C
Phnom Penh

មន្ត្រីចិនថាចិនសង្ឃឹមថា នឹងបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកក្រោមរដ្ឋការរបស់មេដឹកនាំថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្រ្គាមពាណិជ្ជកម្ម អាមេរិក-ចិន ដែលបញ្ឆេះដោយលោកប្រធានាធិបតីដូណាល់ត្រាំ អាចនឹងបិទបញ្ចប់ ក្រោមរដ្ឋការថ្មី របស់ លោក ចូលបៃដិន (Joel Biden) ហើយភាពតានតឹងការទូតក៏អាចនឹងកាត់បន្ថយបានយ៉ាងច្រើនដែរ។ នេះបើតាមការយល់ឃើញរបស់មន្ត្រីចិន ដែលត្រូវបានគេហទំព័រ one india.com ដកស្រង់សម្តីចុះផ្សាយនៅថ្ងៃទី៥វិច្ឆិកានេះ។

ការយល់ឃើញរបស់មន្ត្រីចិន ក៏មិនខុសពីអ្នកសង្កេតការណ៍ជាច្រើនទៀតដែរ ហើយក៏មិនខុសនឹងសារព័ត៌មាន The Global Times របស់ចិននោះដែរ ដែលបានធ្វើវិចារណកថារបស់ខ្លួន អំពីមេដឹកនាំសម្រាប់អាមេរិក៤ឆ្នាំទៀតនេះ។ 

ខណៈការរាប់សន្លឹកឆ្នោតកំពុងបង្ហាញថាបេក្ខជនប្រធានាធិបតី ចូលបៃដិន (Joel Biden) កំពុងនាំមុខហើយសង្ឃឹមថា នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី The Global Times បានចេញផ្សាយវិចារណកថារបស់ខ្លួនមួយលេខ ដោយប្រាប់ពលរដ្ឋអាមេរិកថា បើមានមេដឹកនាំថ្មីសម្រាប់សេតវិមានគឺទំនាក់ទំនង ចិន-អាមេរិក ដែលតានតឹងនឹងស្ដារឡើងវិញ។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន Le Yucheng បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ចិនស្ឃឹមថា បើសេតវិមាន មានមេដឹកនាំថ្មី គឺភាពតានតឹង ពិតជាត្រូវកាត់បន្ថយ ហើយជម្លោះផ្សេងៗទៀតដែលកំពុងកើតមាន ក៏នឹងចុះកំដៅផងដែរ។ មិនតែប៉ុណ្ណោះ អាមេរិក និងចិននឹងជា ដៃគូនៃការធ្វើអោយពិភពលោកមានស្ថិរភាពនិងការរីកចម្រើន។

ប៉ុន្តែសម្រាប់អ្នកអង្កេតការណ៍អំពីប្រទេសចិនគឺភាគច្រើនមិនមានសុទិដ្ឋិនិយមថា មេដឹកនាំថ្មី របស់អាមេរិកនឹងឱនទន់ភ្លន់ដាក់ចិន នោះទេ គឺមេដឹកនាំ ឬបក្សកាន់អំណាចរបស់អាមេរិក នៅតែបង្កើតគោលនយោបាយរបស់ខ្លួនតានតឹងមកលើចិន ដដែល។

អ្នកសង្កេតការណ៍មើលឃើញថា បញ្ហាសិទ្ធិមនុស្ស និងការពង្រីកការវាតទីនិយម គឺមេដឹកនាំអាមេរិកទោះជាថ្មី គឺនៅតែសើរើ ហើយរក្សាគំនាប លើចិនដដែរ។

តែសារព័ត៌មានចិន The Global Times មើលឃើញថា រយៈពេល ជិត៤ឆ្នាំមកនេះ គោលនយោបាយរបស់ រដ្ឋការលោកដូណាល់ត្រាំ បានដាក់មកលើចិន ធ្ងន់ធ្ងរ និងមិនមានយុត្តិធម៌ទៀតផង ហើយថាកាន់តែអាក្រក់ទៀត នោះគឺអាមេរិកបានបង្កអន្តិសុខតំបន់ ដោយបង្ខំអោយមានការប្រឈមមុខ ដាក់គ្នា ដោយកម្លាំងកងទ័ពចូលមកពាក់ព័ន្ធកិច្ចការរបស់តំបន់។

សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard លោក Graham Allison ដែលស្និទ្ធនឹង មន្ត្រីចិន មើលឃើញថា លោកត្រាំគឺជាគូប្រជែង ជាមួយចិន រកទីបញ្ចប់គ្មាននោះទេហើយ មានមេដឹកនាំថ្មី គឺនឹងបានប្រសើរ ឡើងវិញនូវទំនាក់ទំនងទ្វេភាគី។ លោកថាអស់ពីរឿងមួយទៅរឿងមួយ ដូចជាករណីហុងកុង ជីងចាំង តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

តែលោកក៏មើលឃើញអំពីយុទ្ធសាស្ត្ររបស់ មេដឹកនាំអាមេរិកជាប់ឆ្នោត គឺមិនអាចគិតថាធ្វើអោយភាពតានតឹងចិន-អាមេរិកឆាប់វិលមក រកភាពធូរស្រាលបានឆាប់ឡើយព្រោះ សង្រ្គាមពាណិជ្ជកម្ម ដែលលោកត្រាំបង្កឡើង បើទោះបីត្រូវរកទីបញ្ចប់តែមិនមែនចប់ដោយឆាប់រហ័ស និងងាយៗឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស