30 C
Phnom Penh

លោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី និងអ្នកពាក់ព័ន្ធដែលបានជួបដោយផ្ទាល់ឬប្រយោលជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto) ទាំងអស់ ត្រូវធ្វើចត្តាឡីស័កឬ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ឱ្យបានច្បាស់លាស់ ជៀសវាងការដាក់ខ្លួននៅដាច់ដោយឡែកមិនបានត្រឹមត្រូវ ឬធ្វើសកម្មភាពជួបអ្នកដទៃ ដែលធ្វើឱ្យមានករណីឆ្លងជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំ ឬចូលទៅក្នុងសហគមន៍។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រទី៦ខែវិច្ឆិកានេះ បានឱ្យដឹងថា អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto) មានចំនួនរហូតទៅដល់ជិត១ពាន់នាក់(៨៤០)។

ក្រសួងបន្តថា ចំពោះលទ្ធផលតេស្តទៅលើអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីទាំងជិត១ពាន់នាក់កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានណែនាំដល់អ្នកដែលប៉ះពាល់ទាំងនោះ វបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវវិលត្រឡប់ទៅធ្វើតេស្តឡើងវិញចំនួន ៣ដងទៀត នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ថ្ងៃទី១៤ និងទី១៨ ខែវិច្ឆិកា។

ក្នុងសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅបណ្តាញសារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាលឈ្មោះ Fresh New នៅថ្ងៃសុក្រនេះ លោកហ៊ុន សែន បានបញ្ជា ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

ការបញ្ជានេះ ក្រោយពេលលោកសង្កេតឃើញថា មានមន្ត្រីខ្លះធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវឡើយ ដោយខ្លះចេញក្រៅ ឬដើរហាត់ប្រាណ ឬជួបជាមួយមនុស្សទី៣ផ្សេងទៀត ហើយបញ្ហានេះលោកបារម្ភខ្លាចថានឹងធ្វើឱ្យលទ្ធភាពនៃការចម្លងជំងឺកូវីដ១៩ ទៅកាន់សហគមន៍នឹងកើតមានឡើង ប្រសិនបើមន្ត្រីឬ អ្នកពាក់ព័ន្ធទាំងនោះ រកឃើញថាមានជំងឺកូវីដ១៩មែននោះ។

លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហានេះរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសន្ទនាគ្នាតាមទូរស័ព្ទផ្ទាល់ជាមួយលោក លោក ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី ខណៈលោក ភីធើ ស៊ីចាតូ ទៅដល់ប្រទេសហុងគ្រីវិញ ហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ភីធើ ស៊ីចាតូបានសុំការអធ្យាស្រ័យចំពោះថ្នាក់ដឹកនាំកម្ពុជា អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ បណ្តាលមកពីខ្លួនគាត់ ដែលលោកបានធ្វើតេស្ត មិនមានកូវីដ១៩នោះទេ ទើបលោកបានដឹកនាំគណៈប្រតិភូចេញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញមានប្រភពច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា លោក ភីធើ ឆ្លងកូវីដ-១៩ តាំងពីពេលណា និងនៅទីណានោះទេ។

ដោយឡែក ក្រសួងការបរទេសកម្ពុជា អះអាងថា លោក ភីធើ និងសមាជិកគណៈប្រតិភូទាំងអស់របស់លោក បានធ្វើតេស្តរកមេរោគកូវីដ-១៩ និងមានវិញ្ញាណបនបត្រសុខភាព ដែលបញ្ជាក់ពីការគ្មានជំងឺកូវីដ-១៩ មុនពេលចេញដំណើរមកកម្ពុជា។

លោក ភីធើ និងគណៈប្រតិភូរបស់លោក បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយនៅពេលល្ងាចក្នុងថ្ងៃដដែល ហើយលោក និងគណៈប្រតិភូ ក៏បានចេញពីកម្ពុជាបន្តដំណើរទៅបំពេញបេសកកម្មការទូតនៅប្រទេសថៃ។

ពេលទៅដល់ថៃ ក៏មានព័ត៌មាន ផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ថា លោក ត្រូវធ្វើតេស្តរកឃើញថាមានជំងឺកូវីដ-១៩ ហើយបន្ទាប់មក រដ្ឋាភិបាលរបស់លោក បានបញ្ជូនយន្តហោះ ដឹកលោកទៅហុងគ្រីវិញ ដោយជំនួបនានារបស់លោក និងមេដឹកនាំថៃ ត្រូវលុបចោលភ្លាមៗផងដែរ។

ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសហុងគ្រីលោក ភីធើ ស៊ីចាតូ និងគណៈប្រតិភូរបស់លោក បានជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រួមមានលោក ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ ជួបជាមួយរដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម លោក លឹម គានហោ។ ជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និង ជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ព្រមទាំងថ្នាក់ដឹកនាំកម្ពុជាច្រើនរូបផ្សេងទៀត៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស