32 C
Phnom Penh

ក្នុងដំណើរពីខេត្តកោះកុង ទៅខេត្តពោធិ៍សាត់លោក កឹម សុខា កត់សម្គាល់ថាខ្មែរយើងពិតជាបានបាត់បង់ធនធានធម្មជាតិជាច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយ លោក កឹម សុខា  អះអាងថា ក្នុងដំណើរកាត់ព្រៃនៃជួរភ្នំ ក្រវាញ ភូមិសាស្ត្រពីខេត្តកោះកុង ឆ្ពោះមកខេត្តពោធិ៍សាត់អស់រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃ៥ ខែវិច្ឆិកា លោក អះអាងថា ខ្មែរយើងពិតជាបានបាត់បង់ធនធានធម្មជាតិអស់ជាច្រើនប្រាកដមែន។

លោក កឹម សុខា សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៦ខែវិច្ឆិកានេះថា ក្នុងការធ្វើដំណើរតាមរថយន្តចេញពីទីរួមខេត្តកោះកុង តម្រង់ទៅដល់ស្រុកវាលវែងខេត្តពោធិ៍សាត់ ចម្ងាយជាងមួយរយគីឡូម៉ែត្រ កាត់ព្រៃ តាមផ្លូវតូចចង្អៀត ស្ងាត់ជ្រងំ លើជួរភ្នំក្រវាញ ដោយប្រើរយៈពេលធ្វើដំណើរទៅ ជិត៤ម៉ោងក្រោមភ្លៀងរលឹម។

លោកថា ក្នុងដំណើរនោះ លោកនិងសហការី បានសម្រាកមួយយប់នៅក្នុងភូមិតូចមួយដែលមានពលរដ្ឋរស់នៅមិនច្រើនអ៊ូអរទេ តែជាកន្លែងដែលមានសក្តានុពលខាងផ្នែកកសិកម្ម និងទេសចរណ៍។

លោកបន្តថា ថ្ងៃបន្ទាប់ទើបយើងត្រឡប់មកវិញ ដោយចំណាយពេលធ្វើដំណើរកាត់ព្រៃឆ្លងកាត់វាលមួយ វាលពីរ  អស់រយៈពេលបីម៉ោងកន្លះទៀត គឺពិតជាការប្រថុយប្រថានបន្តិច តែជាការចង់ឃើញ ចង់ដឹង ឬប្រៀបដូចពាក្យចាស់លោកពោលថាឮដប់ដង មិនស្មើនឹងឃើញម្តង។

លោកថា អ្វីដែលបានឃើញនៅតាមដងផ្លូវ និងនៅក្នុងភូមិទីនោះ លោកមិនទាន់អាចរៀបរាប់អស់ទេ ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍នោះគឺ ថាខ្មែរយើងពិតជាសម្បូណ៌ធនធានធម្មជាតិល្អៗ មានតម្លៃ និងមានលក្ខណៈភូមិសាស្ត្រអំណោយផល។

ជាមួយគ្នានេះ លោក កឹម សុខា អះអាងថា ខ្មែរយើងពិតជាបានបាត់បង់ធនធានធម្មជាតិអស់ជាច្រើន។ ប៉ុន្តែខ្មែរយើងពិតជានៅតែមានធនធានធម្មជាតិដូចជា ទឹក ដី ព្រៃ ភ្នំ ជ្រលង ដងអូរ បឹងបួរជាដើម សមល្មមដែលជាធនធានសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ វប្បធម៌របស់ខ្មែរដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកយល់ឃើញថា ការងាកក្រោយសម្លឹងមើលការខុសឆ្គង គឺជាមេរៀនអាក្រក់និងល្អ មិនមែនសម្រាប់តែទិទៀនដើម្បីបង្កជម្លោះនោះទេ តែផ្ទុយទៅវិញ គួរណា នាំគ្នាសម្លឹងនូវភាពវិជ្ជមាន គឺកសាងអនាគតឲ្យប្រសើរឡើង។

លើសពីនេះ លោកជំរុញឱ្យមានការរួមគ្នាថែរក្សាការពារ ធនធានដែលនៅមានទាំងនោះ សម្រាប់ជាប្រយោជន៍ជាតិ ឲ្យបានផលដល់ប្រជាពលរដ្ឋខ្មែរទូទៅ មិនសំដៅតែអ្នកមានលុយ ឬមានអំណាចនោះទេ។

សម្រាប់លោក កឹម សុខា ចង់ឃើញសម្បត្តិធម្មជាតិទាំងនោះនៅតែជារបស់ខ្មែរ ដើម្បីខ្មែរ ជាពិសេសទុកជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ ហើយគេនឹងដឹងគុណដល់យើងដែលជាអ្នកជំនាន់មុននេះ។

កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា អះអាងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ ដល់ភ្ញៀវក្នុងតំបន់សហគមន៍ចំនួន ២២ នៅតំបន់ការពារធម្មជាតិចំនួន ១២ កន្លែង ក្នុងខេត្តចំនួន ៨ ដែលចំណូលនេះបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានមានចំនួនប្រមាណ២៥លានដុល្លារអាមេរិក។ លោកបន្តថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មី និងមុខរបរថ្មីជូនប្រជាសហគមន៍ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ ល្បិចកលពីការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់បន្តទៀត។

យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិ បញ្ជាក់ថាតំបន់ការពារធម្មជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងរងការបំផ្លិចបំផ្លាញ ពិសេសព្រៃឈើ រ៉ែ និងសត្វព្រៃឥតឈប់ឈរ ហើយតំបន់ព្រៃការពារខ្លះកំពុងប្រឈមមុខនឹងក្តីវិនាស នៅពេលខាងមុខ ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន គ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះទេ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស