31 C
Phnom Penh

អ្នកវិភាគជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដើម្បីបញ្ចប់ការរំលោភបំពានពីបរទេសជិតខាងមកលើកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយជើងចាស់ រិះគន់ថា កម្ពុជាកំពុងអស់ភាពឯករាជ្យ បាត់បង់សមត្ថភាពគ្រប់គ្រងដឹកនាំប្រទេសខ្លួនឯងដែលកំពុងស្ថិតនៅក្នុងស្ថានភាព ប្រាក់ក៏បង់ ថង់ក៏ដាច។ រីឯបរទេសជិតខាងបានទាញឲ្យចូលក្នុងជម្លោះរវាងមហាអំណាចធំៗរបស់ពិភពលោកបន្ថែមទៀត។

អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ បានអះអាងថា កម្ពុជាសន្យាថានឹងថែរក្សាការពារ ហើយម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ទាំងអស់។ លើសពីនេះម្ចាស់ហត្ថលេខីទាំងនោះ ក៏បានសន្យាទទួលស្គាល់ និងគោរព អធិបតេយ្យភាព ឯករាជ្យ  បូរណរភាពទឹកដី និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជាទៀតផង។

លើកឡើងក្នុងបណ្តាញសង្គម ហ្វេស ប៊ុក បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា ការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពពីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាការបោះបង់ចោលនូវការធានាជាលក្ខណៈអន្តរជាតិចំពោះ អធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងភាពមិនអាចរំលោភបានរបស់កម្ពុជាទាំងស្រុង។

យ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់ ព្រមាន ចាប់ខ្លួនក្រុមអ្នកតវ៉ាដែលមានគម្រោងនាំគ្នាមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញនៅថ្ងៃគម្រប់ខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។

លោកអះអាងថា រូបលោកផ្ទាល់ជាអ្នកចរចា និងបានចុះហត្ថលេខាដើម្បីឲ្យមានកិច្ចព្រមព្រៀងនេះឡើងជាមួយបណ្តាប្រទេសជាម្ចាស់ហត្ថលេខីមួយចំនួនទៀត។ ជាងនេះទៀត លោកបានលើកជាសំណួរថា តើក្រុមអ្នកតវ៉ាទាំងនោះស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះច្បាស់ដែរឬទេ? ហើយថា តើកិច្ចព្រមព្រៀងនេះមានអត្ថន័យយ៉ាងណានោះ?

ជុំវិញការព្រមាននេះ កាលពីខែតុលា អង្គការសមាគមប្រមាណជាង ២០ ស្ថាប័ន បានដាក់ញ្ញត្តិចំនួនពីរលើកទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំជួបជុំគ្នាក្នុងបំណងដើម្បីរៀបចំរំឭកខួប ២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅបរិវេណទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ប៉ុន្តែមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបដិសេធទទួលលិខិតរបស់ពួកគេទាំងស្រុង។

ដោយឡែក នៅថ្ងៃខូបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះដែរ ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅក្បែរស្ថានទូតចិនដោយមានបំណងដាក់ញត្តិទៅស្ថានទូតនេះ ដោយធ្វើការអំពាវនាវឱ្យប្រទេសចិនគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឲ្យបានម៉ឺងម៉ាត់។

ក៏ប៉ុន្តែ ការតវ៉ានេះមិនបានសម្រេចនោះទេ ត្បិតអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះបានបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះទាំងកម្រោល ខណៈមនុស្សបីនាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួននៅពេលនោះផងដែរ។

ទាក់ទិននិងបញ្ហានេះ លើកឡើងក្នុងគេហទំព័រហ្វេសប៊ុក អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា ពលរដ្ឋខ្មែរនៅបរទេសបាននាំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃទី ២៣ តុលា ២០២០  នៅមុខស្ថានទូតចិន នៅទីក្រុងប៉ារីស ដើម្បីប្រឆាំងនយោបាយ ឈ្លានពាន និងវាតទីនិយម របស់ចិនកុម្មុយនីស្ត នៅតំបន់អាស៊ីភាគអាគ្នេយ៍ និងការធ្វើអាណានិគមនិយមមកលើប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយ ស្តីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដែលមានការចូលរួមពីប្រទេសចំនួន ១៩ លើសកលលោក ។

ក្នុងកិច្ចប្រជុំនោះរកដំណោះស្រាយនោះ រួមទាំងកម្ពុជាខ្លួនឯងផង បានចុះហត្ថលេខាទទួលស្គាល់បទបញ្ញត្តិនានាដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ មកម្លេះ។

ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវ ឲ្យរដ្ឋាភិបាលងាកមកគោរពលក្ខខណ្ឌនានាដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ដើម្បីធានាអធិបតេយ្យភាព ឯករាជជាតិ និងបូរណភាពទឹកដី ជាជាងបណ្តែតបណ្តាយខ្លួនឲ្យធ្លាក់ចូលជ្រៅក្នុងកូនអុកភូមិសាស្ត្រនយោបាយរបស់មហាអំណាចជិតខាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស