38.1 C
Phnom Penh

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបន្តរិះគន់ចំណាត់ការរបស់អាជ្ញាធរក្នុងការវែកមុខជនដៃដល់ដែលបានលបវាយប្រហារលើមន្ត្រីមូលដ្ឋានរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេសបាន រិះគន់ថា ការលបវាយប្រហារលើមន្ត្រីថ្នាក់មូលដ្ឋានរបស់ខ្លួនកន្លងមក គឺជាការរៀបចំជាប្រព័ន្ធដោយរដ្ឋាភិបាលក្រុងភ្នំពេញ។

ការរិះគន់នេះធ្វើឡើង ក្រោយសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាលេខាគណៈកម្មាធិការរប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ឌិន វ៉ារិន ត្រូវបានជនអនាមិកលបវាយនឹងដុំថ្មចំក្បាល ធ្វើអោយរបួសធ្ងន់ធ្ងរ។ ប៉ុន្តែ អស់រយៈពេលជាង២ សប្តាហ៍ហើយ អាជ្ញាធរក្រុងភ្នំពេញនៅមិនទាន់អាចវែកមុខរកជនដៃដល់យកមកផ្តន្ទាទោសបាននៅឡើយ។

លើកឡើងក្នុងទំព័រហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី៦ វិច្ឆិកា នេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អ៊ុំ សំអាន បញ្ជាក់ថា ការលបវាយប្រហារលើមន្ត្រីមូលដ្ឋានរបស់ខ្លួនកន្លងមកគឺមានប្រមាណ ២០ ករណីហើយ ខណៈករណីខ្លះមានទាំងស្លាកលេខម៉ូតូរបស់ជនល្មើសទាំងនោះច្បាស់ក្រឡែត ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញនៅតែមិនអាចចាប់ជនល្មើសទាំងនោះមកផ្តន្ទាទោសតាមច្បាប់បានដដែល។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឌិន វ៉ារិន សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ និងជាលេខាគណៈកម្មាធិការរប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខលបវាយនឹងដុំថ្មចំក្បាលធ្វើអោយរបួសធ្ងន់ធ្ងរ នៅក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។

ទាក់ទិននឹងបញ្ហានេះ សង្គមស៊ីវិធ្លាប់បានបង្ហាញទិន្នន័យរបស់ពួកគេថា ចាប់តាំងពីដើមឆ្នាំ ២០១៩ មក សកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង ១០ នាក់មកហើយ ដែលត្រូវជនមិនស្គាល់មុខលបវាយប្រហារបណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ រហូតមានអ្នកខ្លះ បាក់ដៃ បាក់ជើង បាក់ឆ្អឹងជំនី បែកក្បាល ជាដើម។

សកម្មជនបក្សប្រឆាំងតែងរងការវាយប្រហារដោយជនមិនស្គាល់មុខ ខណៈសំណុំរឿងទាំងនោះមិនត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតវែកមុខជនដៃដល់ទាំងនោះឡើយ ទោះមានខ្សែរវីដេអូតាមកាមេរ៉ាសវត្ថិភាពបង្ហាញពីភិនភាគជនល្មើសទាំងនោះយ៉ាងណាក្តី។

ជាក់ស្តែង ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី គឺលោក ពួក ចិន្តា ត្រូវជនមិនស្គាល់មុខពីរនាក់ពាក់មួកការពារសុវត្ថិភាពដើម្បីកុំឲ្យស្គាល់បានជិះម៉ូតូលបវាយក្បាលពីក្រោយនឹងដំបងកាលពីថ្ងៃទី២២ ខែកញ្ញា ដែលមានចម្ងាយប្រមាណ១០០ ម៉ែត្រពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រំលងបាន ៣ ថ្ងៃ គឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អតីតចៅសង្កាត់កោះដាច់របស់បក្សប្រឆាំងលោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខពីរនាក់ធាក់ផ្តួលម៉ូតូ ហើយយកកំណាត់ដែកវាយសំពងលើរូបលោករហូតបណ្តាលឲ្យបាក់ដៃខាងឆ្វេង ខណៈពេលលោកកំពុងធ្វើដំណើរដោយជិះម៉ូតូតាមផ្លូវជាតិលេខ ៦A ត្រង់ចំនុចវត្តកៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ព្រមទាំងករណីឃោឃៅដែលប្រព្រឹត្តទៅលើមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិផ្សេងទៀត។

តាមរូបភាពដែលបានថតបង្ហោះលើបណ្តាញសង្គម ហ្វេស ប៊ុក ជនល្មើសមានគ្នាពីរនាក់ និងមានកាំភ្លើងខ្លីសៀតចង្កេះ ពាក់មួកការពារដើម្បីកុំឲ្យគេចំណាំមុខ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ក្រោយនាំគ្នាវាយសំពងលើចៅសង្កាត់រូបនេះរួចមក។

យ៉ាងណាក៏ដោយករណីលបវាយប្រហារទាំងនេះ បើទោះជារឿងខ្លះមានទាំងវីដេអូ និងរូបភាពបង្ហាញភិនភាគជនដៃដល់ច្បាស់ក្រឡែត ក៏ដោយ រហូតមកទល់នឹងពេលនេះសមត្ថកិច្ចមិនទាន់អាចវែកមុខជនល្មើសទាំងនោះយកមកកាត់ទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈ  ជនរងគ្រោះខ្លះទៀតគ្មានសង្ឃឹមទទួលបានយុត្តិធម៌នោះដែរ ត្បិតពួកគេយល់ថា ច្បាប់នៅក្រោមការរៀបចំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឡើយយុត្តិធម៌សម្រាប់ក្រុមប្រឆាំង។

លើកឡើងក្នុងគណនីហ្វេសប៊ុក របស់មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រតិកម្មថា មហិច្ឆតាមនុស្ស បើគ្មានច្បាប់គ្រប់គ្រងទេ គឺមិនខុសអ្វីពីសត្វនោះឡើយ ពួកគេតែងប្រើសាច់ដំធំ ចង្កូមវែង ដើម្បីការពារអំណាច និងឥទ្ធិពលរបស់ខ្លួន។

លោកប្រៀបធៀបថា ដំរីធំត្រូវយកច្រវ៉ាក់ ឬខ្សែរកាបទៅចង មិនមែនយកអំបោះទៅចងនោះទេ ប្រៀបដូចមនុស្សមានឥទ្ធិពលមានអំណាចក៏អញ្ចឹងដែរ កាន់តែធំ កាន់តែខ្លាំង ដូច្នេះត្រូវតែប្រើច្បាប់ដ៏រឹងមាំ ទើបអាចទប់ស្កាត់សកម្មភាពរំលោភបំពានសិទ្ធិមនុស្សនានា របស់ពួកគេមានប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស