38 C
Phnom Penh

លោក ហ៊ុន សែន និងមនុស្សជិត១ពាន់នាក់ទៀតធ្វើតេស្តរកកូវីដ១៩ ជាលើកទី២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា នេះឲ្យដឹងថា លទ្ធផលពីការធ្វើតេស្តជាលើកទី២ ចំពោះអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីលោក ភីធើស៊ីចាតូ កាលពីថ្ងៃទី០៣ ខែវិច្ឆកា បានរកឃើញមនុស្ស៣នាក់ ឆ្លង ជម្ងឺកូវីដ១៩។

មន្រ្តីទាំងបីនាក់នោះរួមមាន លោក សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា មានអាសយដ្ឋាននៅខណ្ឌទួលគោគ រាជធានីភ្នំពេញ។ ទី២ លោក ស ចិត្រា អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ហើយម្នាក់ទៀតជាអគ្គរដ្ឋទូត ហុងគ្រី សំរាប់កម្ពុជា និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។

ជុំវិញបញ្ហានេះ លោក ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់របស់លោកជាច្រើននាក់ទៀតដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោកភីធើស៊ីចាតូ (Peter Szijjarto) បាននាំគ្នាធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី២ នៅថ្ងៃទី៩ វិច្ឆិកានេះ។

សម្រាប់ការធ្វើតេស្តលើកទី១ បង្ហាញថា អ្នកជាប់ពាក់ព័ន្ធទាំងជិត១ពាន់នាក់នេះអវិជ្ជមានជម្ងឺកូវីដ១៩ ប៉ុន្តែពួកគេត្រូវធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី៩  ខែវិច្ឆិកា ហើយលើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា។

លើសពីនេះ ពួកគេ ព្រមទាំងរលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ផង តម្រូវឱ្យបន្តធ្វើចត្តាឡីស័កដោយខ្លួនចំនួន១៤ថ្ងៃ ដោយរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ-១៩លើក៣ និងលើកទី៤ ចេញជាផ្លូវការសិន។

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី  លោកភីធើស៊ីចាតូ ត្រូវបានគេរកឃើញមានកូវីដ-១៩ នៅពេលទៅដល់ប្រទេសថៃ។

សម្រាប់ការធ្វើតេស្តរកវីរុសកូវីដ-១៩ជាលើកទី២ នេះ រួមមាននាយករដ្ឋមន្ត្រី ហ៊ុន សែន  ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរស័ក្តិ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ព្រមទាំងទាំងមន្រី្តជាន់ខ្ពស់ ក្រុមអង្គរក្ស និងក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិផងដែរ។

ការធ្វើតេស្តជាទ្រង់ទ្រាយធំនេះ ក្រោយពេលក្រសួងសុខាភិបាលរកឃើញថាអង្គរក្សរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ជាជនជាតិខ្មែរម្នាក់បានឆ្លងកូវីដ១៩ និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យមន្ត្រី និងអ្នកពាក់ព័ន្ធករណីនេះទាំងអស់ត្រូវនាំគ្នាធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ជៀសវាងចេញក្រៅឬប្រាស្រ័យទាក់ទងជាមួយមនុស្សទី៣ ដែលធ្វើឱ្យលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ រីករាលដាលចូលទៅក្នុងសហគមន៍។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅថ្ងៃទី ៩ វិច្ឆិកានេះ បានឱ្យដឹងថា លោកនិងភរិយា បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល៤ថ្ងៃមកហើយ។

លោកអះអាងថា មកទល់ពេលនេះ លោកនិងភរិយា ពុំមានឃើញនូវសញ្ញាណាមួយខុសប្រក្រតីនោះឡើយ ពោលគឺមានសុខភាពធម្មតា ដូចមុនថ្ងៃទី៣ ខែវិច្ឆិកា ឬមុនពេលជួបរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី។ តែទោះពីជាយ៉ាងណា លោក ហ៊ុនសែន បញ្ជាក់ថា លោកនៅតែបន្តធ្វើចត្តាឡីស័ក និងការធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាលតម្រូវ។ រីឯការធ្វើតេស្តជាលើកទី២នេះ លោកសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។

យ៉ាងណាលោកហ៊ុន សែន បញ្ជាក់នៅរសៀលថ្ងៃច័ន្ទនេះថា ក្រុមគ្រូពេទ្យបានយកសំណាករបស់លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់លោកទាំងអស់ ទៅធ្វើតេស្តជាលើកទី២ ហើយលទ្ធផល គឺអវិជ្ជមានភាគច្រើន។ យ៉ាងណាលោក ហ៊ុន សែនត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣ នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា។

លើសពីនេះ លោកហ៊ុន សែន អះអាងថាលោកកំពុងរងចាំលទ្ធផលអ្នកធ្វើតេស្តនៅថ្ងៃនេះជិត១ពាន់នាក់ផ្សេងទៀត។

ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានអំពាវនាវចំពោះមនុស្សទាំងជិត១ពាន់នាក់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬ ដោយប្រយោលក្នុងដំណើរទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកុងគ្រី បន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយសារបញ្ហានេះហើយ ក្រសួងពាក់ព័ន្ធ បានសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស សាជាថ្មី បន្ទាប់ពីអាជីវកម្មទាំងនេះបានបើកដំណើរការ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល អស់រយៈពេលជាង៤ខែកន្លងមក។

ជាមួយគ្នានេះ ក្រសួងអប់រំបានសម្រេចឱ្យសាលារដ្ឋនិង ឯកជននៅក្រុងភ្នំពេញទាំងអស់សម្រាកពីរសប្តាហ៍ ដើម្បីបង្ការបញ្ហាកូវីដ១៩ពេលនេះផងដែរ។ គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប២៩៧នាក់។ ក្នុងនោះ អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៨នាក់។ ដោយឡែកអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនារាជធានីភ្នំពេញចំនួន៩នាក់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស