29.3 C
Phnom Penh

​មន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំងចំនួន៤ នាក់ ឆ្លងកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំងចំនួន៤នាក់ ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងនៅថ្ងៃទី៩ ខែវិច្ឆិកា ២០២០នេះថា មន្ត្រីទូតកម្ពុជាទាំង៤នាក់នោះ ដោយពីរនាក់ជាអ្នកការទូត និង២នាក់ទៀតជាបុគ្គលិកក្នុងស្រុក បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំង និងធ្វើតេស្តសំណាកហើយ ទទួលលទ្ធផល វិជ្ជមានកូវីដ១៩។

ប្រភពដដែលបន្តថា ស្ថានទូតកម្ពុជានៅទីក្រុងប៉ារីស នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុកទាំង៤នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩នោះ ដោយយកចិត្តទុកដាក់បំផុត។

បច្ចុប្បន្ន មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងទាំង៤នាក់នោះ កំពុងសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

ជាមួយគ្នានេះ ស្ថានទូតកំពង់រង់ចាំលទ្ធផល នៃការធ្វើតេស្តរកវីរុសកូវីដ១៩ របស់បុគ្គលិកក្នុងស្រុកម្នាក់ទៀតនៅថ្ងៃចន្ទនេះផងដែរ។

សម្រាប់នៅប្រទេសកម្ពុជាវិញចាប់តាំងពីជំងឺនេះបានផ្ទុះឡើង រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប២៩៧នាក់។ ក្នុងនោះអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៨៨នាក់។ ដោយឡែកអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនារាជធានីភ្នំពេញចំនួន៩នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស