33 C
Phnom Penh

មេដឹកនាំបក្សប្រឆាំង បួងសួង ឲ្យកម្ពុជាមាន ឯករាជ្យជាតិពិត និងឋិតឋេរជារៀងរហូត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សប្រឆាំងកំពុងរងការរឹតត្បិតសេរីភាពលោក កឹម សុខា អះអាងថា សាមគ្គីភាពជាតិ នាំមកនូវ ឯករាជ្យជាតិរឹងមាំ ហើយដើម្បីការពារឯករាជ្យជាតិ លុះត្រាតែកាត់បន្ថយមហិច្ឆតាផ្ទាល់ខ្លួន មិនគុំគួន ងាកមករកការអត់ឱនឲ្យគ្នា ចាប់យកការសន្ទនា បោះបង់ចោលការប្រមាថ ឈប់បង្កជម្លោះរវាងជាតិឯងតទៅទៀត។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ប្រទេសជាតិណាក៏ចង់បានឯករាជ្យ មិនចង់ស្ថិតនៅក្រោមអាណានិគម ឬធ្វើជាខ្ញុំកញ្ជះគេនោះទេ។ ដូច្នេះលោកថា ការបែកបាក់សាមគ្គីជាតិ នាំឲ្យប្រទេសជាតិទន់ខ្សោយ ហើយនឹងនាំឲ្យបាត់បង់ឯករាជ្យជាតិនៃប្រទេសនោះ                  ទៀតផង។

លោកថា បើសូម្បីតែការរក្សាភាពអត់ធ្មត់ស្ងប់ស្ងាត់ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង និងចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដូចជាប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ និងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏នៅតែដាក់កំហុសដែរ នោះជាគឺសញ្ញាបង្ហាញថាមិនអាចកើតមានសាមគ្គីភាពជាតិបានទេ ហើយក៏មិនអាចមានឈ្មោះថាជាអ្នកទាមទារ រក្សា ការពារ ឯករាជ្យជាតិ ពិតប្រាកដនោះដែរ។

លោក កឹម សុខា បញ្ជាក់ថា សង្គមមួយ ឬប្រទេសជាតិមួយ ដែលបែកបាក់សាមគ្គីភាពផ្ទៃក្នុង គឺជាការផ្តល់ឱកាសឲ្យអ្នកខាងក្រៅងាយចូលមកទាញយកផលប្រយោជន៍ ត្រួតត្រា និងបំផ្លិចបំផ្លាញជាតិ ជាពិសេសអាចធ្វើឲ្យអាប់ឱនកិត្តិយស និងកេរ្តិ៍ឈ្មោះជាតិទាំងមូលទៀតផង។

ការអះអាងនេះធ្វើឡើងក្នុងឱកាស អបអរសាទរ ប្រារព្ធទិវាខួបលើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩ វិច្ឆិកា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។

លើកឡើងក្នុងទិវា អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នេះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកានេះ បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ។

លោក ហ៊ុន សែន អះអាងថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងនេះ សម្តេចព្រះនរោត្តម សីហនុ បានសរសេរលិខិតផ្លូវការមួយច្បាប់ទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នេះតទៅ កម្ពុជា ជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ។

ចំណែក នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានបង្ហោះសារក្នុងគណនីហ្វេសប៊ុក របស់អ្នកស្រីដោយចោទជាសំណួរថា តើក្រៅអំពីការបង្ហោះសារអបអរទិវាឯករាជ្យជាតិ តើពលរដ្ឋខ្មែរអាចធ្វើអ្វីបានលើសពីនេះទៀត?

អ្នកស្រី បានអះអាងថា ដោយសារស្ថានភាពនយោបាយបច្ចុប្បន្ន ទិវាឯករាជ្យជាតិគួរជាទិវាមួយក្រើនរំឭកដល់អ្នកដឹកនាំទាំងអស់ថា មានតែពលរដ្ឋខ្មែររួបរួមគ្នាជាធ្លុងមួយ និងការផ្សះផ្សារជាតិតែប៉ុណ្ណោះ ទើបប្រទេសកម្ពុជាយើងអាចជាប្រទេសខ្លាំង និងរីកចម្រើនបាន។

អ្នកស្រី បញ្ជាក់ថា អ្នកស្រីនៅតែមានក្តីសង្ឃឹមថា ខ្មែរអាចធ្វើបាន ដោយចាត់ទុកជាតិឯងត្រឹមតែ ជាគូប្រកួតប្រជែងមិនមែនជាសត្រូវ ហើយខ្មែរអាចចាប់ដៃគ្នាដោះស្រាយបញ្ហានយោបាយដោយខ្លួនឯង   ផ្តល់សម្បទានឱ្យគ្នាទៅវិញទៅមក និងផ្តើមរកដំណោះស្រាយ ដើម្បីឯកភាពជាតិ និងឯករាជ្យជាតិ សម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗទៀត។ ចំណែកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បញ្ជាក់ថា ដើម្បីឲ្យមានឯកភាពជាតិ មេដឹកនាំ និងអ្នកនយោបាយខ្មែរត្រូវនាំគ្នាចិញ្ចឹមគំនិតមួយ គឺថាយើងអាចជាគូរប្រកួតប្រជែងគ្នា តែយើងមិនមែនជាខ្មាំងសត្រូវនឹងគ្នាទេ ព្រោះយើងគឺជាខ្មែរដូចគ្នា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស