27 C
Phnom Penh

បក្សប្រឆាំងនៅក្រៅប្រទេស សង្ឃឹមថារដ្ឋាភិបាលអាមេរិកថ្មិនឹងជំរុញឱ្យមានគោរពលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលជាភាគីរបស់លោក សមរង្ស៊ី សម្តែងក្តីសង្ឃឹមថា មេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក នឹងជួយជម្រុញឲ្យមានការអនុវត្តន៍យ៉ាងត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ លើសពីនេះ មានការគោរពត្រឹមត្រូវចំពោះរដ្ឋធម្មនុញ្ញកម្ពុជា ដែលតម្រូវឲ្យគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងគោលជំហរអព្យាក្រឹតឥតលម្អៀង។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ស្តីពីការបោះឆ្នោត នៅសហរដ្ឋអាមេរិកដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៨ខែវិច្ឆិកា បានកោតសរសើរពលរដ្ឋអាមេរិកាំងដែលបានចូលរួមបោះឆ្នោត យ៉ាងទូលំទូលាយជ្រើសរើសថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋ និងថ្នាក់សហព័ន្ធ ដោយគោរពស្មារតីលទ្ធិប្រជាធិបតេយ្យ យ៉ាងត្រឹមត្រូវជាទីបំផុត។ បក្សប្រឆាំងយល់ថា ស្មារតីប្រជាធិបតេយ្យនេះ ជាគម្រូសម្រាប់ប្រជារាស្ត្រខ្មែរទាំងមូល។

ជាមួយគ្នានេះ គណបក្សសង្គ្រោះជាតិ សម្តែងការអបអរសាទរ ការជាប់ឆ្នោតរបស់លោកប្រធានាធិបតី Joe Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris។

បក្សប្រឆាំងនៅក្រៅប្រទេសនេះ ជឿជាក់ថា ស្មារតី និងសារបង្រួបបង្រួមជាតិ របស់ឥស្សរជនទាំងពីររូបនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិក កាន់តែខ្លាំងឡើង ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។

ក្រុមនេះក៏បានសម្តែងការដឹងគុណដល់រដ្ឋាភិបាលអាមេរិកថាតែង ជួយជ្រោមជ្រែង ដល់ប្រទេសកម្ពុជា។ បក្សប្រឆាំងមួយនេះសង្ឃឹមទៀតថា កម្ពុជា-អាមេរិក នឹងពង្រឹងសហប្រតិបត្តិការរួម ឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងផលប្រយោជន៍ នៃប្រជារាស្ត្រទាំងពីរ។

កាលពីថ្ងៃម្សិលមិញផងដែរ  ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា លើកឡើងថាលោកតែងតែគាំទ្រ និងអបអរសាទរនូវលទ្ធផលនៃការបោះឆ្នោត ដោយឆន្ទ:ប្រជាពលរដ្ឋ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងពិភពលោក មិនថាឡើយនៅសហរដ្ឋអាមេរិក ឬនៅប្រទេសណាឡើយ ជាពិសេសនៅកម្ពុជាយើង។ លោកថា អ្នកណាឈ្នះក៏ដោយ ឲ្យតែជាមិត្តល្អនឹងខ្មែរ ហើយជួយខ្មែរ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣វិច្ឆិកា មកទល់ពេលនេះលទ្ធផលមិនទាន់ជាផ្លូវការបង្ហាញថា លោក Joe Biden មានវ័យ៧៧ឆ្នាំ មកពីគណបក្សប្រជាធិបតេយ្យ បានជាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ហើយអ្នកស្រី Kamala Harris ជាប់ជាអនុប្រធានាធិបតី៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស