29 C
Phnom Penh

ក្រុមអតីតមន្ត្រីគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ស្នើស្ថានទូតខ្មែរឱ្យផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិភាគីលោក សមរង្ស៊ី ដែលកំពុងរស់នៅនិរទេស បានប្រកាសពីគម្រោងនៃការដាក់សំណើរទៅកាន់ស្ថានទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួនចំនួន ១២រូបឡើងវិញ។

សេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នឹងដឹកនាំការយកសំណើទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។ សំណើនេះធ្វើឡើងដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួន១២រូបឡើងវិញ ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន១២រូប ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែន តាមរយៈលិខិតចុះនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយផ្ញើទៅកាន់ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ។

មនុស្សទាំង១២រូបនោះ រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី  លោក សោ ចាន់ដេត  លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន និងលោក ម៉ន ផល្លា។

ការស្នើសុំនេះ ស្របពេលតុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់ឱ្យអតីតមន្ត្រីជាន់ខ្ពស់ទាំងនេះ និងមន្ត្រីបក្សប្រឆាំងប្រមាណ៦០នាក់ ចូលខ្លួនសវនាការ លើសំណុំរឿងឧបឃាត ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទរួមគំនិតក្បត់ ព្រមទាំងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅចុងខែវិច្ឆិកានេះ។

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបាន បានអះអាងថាពួកគេ នឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ ដោយមិនគេចវេសឡើយ ប៉ុន្តែទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន លុបចោលនូវបម្រាមដែលខ្លួនបានបញ្ជាមិនក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកមន្ត្រីបក្សប្រឆាំងចូលស្រុក។ ជាងនេះទៅទៀត ពួកគេទាមទារឲ្យលោក ហ៊ុន សែន ផ្តល់សុពលភាពលើលិខិតឆ្លងដែនចំពោះអ្នកដែលត្រូវបានក្រសួងមហាផ្ទៃលុបចោល។

លើសពីនេះ ពួកគេស្នើឱ្យរដ្ឋាភិបាលប្រាប់ទៅថ្នាក់ដឹកនាំតំបន់អាស៊ាន ពិសេសថៃ ត្រូវផ្តល់កន្លែងឱ្យពួកគេឆ្លងកាត់ចូលមកកម្ពុជា ព្រមទាំងបញ្ឈប់ការបំភិតបំភ័យ ឬគំរាមកំហែងដល់ពលរដ្ឋដែលស្មគ្រចិត្ត មកទទួលថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិជាដើម។

យ៉ាងណារាល់សំណើរបស់បក្សប្រឆាំងនេះ រដ្ឋាភិបាលលោកហ៊ុន សែន នៅមិនទាន់មានការឆ្លងតបនៅឡើយទេ រហូតមកទល់ថ្ងៃទី ១០ខែវិច្ឆិកានេះ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស