35 C
Phnom Penh

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចឱ្យសាលារៀនក្នុងឃុំចំនួន៤ ផ្អាកដំណើរការរយៈពេលពីរសប្ដាហ៍ជាបណ្តោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះសាលារៀន នៅឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ រយៈពេលពីរសប្ដាហ៍ ដោយបារម្ភខ្លាចការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

បញ្ហានេះ កើតឡើងក្រោយពេលអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋ មន្ត្រីនិងជាអ្នកជំនាញបច្ចេកវិទ្យា ឬIT នៃទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ផ្ទាល់ គឺលោក ដួង តារា ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង១ពាន់នាក់ផ្សេងទៀត បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក បានចុះមូលដ្ឋានក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃ៨ខែវិច្ឆិកា ដោយជួបប្រាស្រ័យជាមួយមនុស្សយ៉ាងណាច្រើន។

ប្រាប់សារព័ត៌មាន VOD បានដកស្រង់សម្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ចុះផ្សាយថា អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចឱ្យសាលារៀនមួយចំនួនផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ន។ ការសម្រេចនេះ ដើម្បីការពារខ្លាចមានការឆ្លងជំងឺកូវីដ១៩ ដល់ទៅសហគមន៍។

លោកបន្តថាបញ្ហានេះ កើតឡើង ដោយសារលោក ដួង តារា ចុះទៅខេត្តព្រះសីហនុ នោះគឺលោកមិនទាន់បានធ្វើចត្តាឡីស័កចប់សព្វគ្រប់នៅឡើយ។

ប្រភពដដែលបន្តថា តាមរបាយការណ៍បឋម គឺអាជ្ញាធរខេត្តនេះ បានរកឃើញមនុស្ស៧០នាក់ បានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់និងប្រយោលជាមួយលោក ដួង តារា ។ ក្នុងនោះមានមនុស្ស ១៣នាក់ជួបផ្ទាល់ និង៥៧នាក់ជួបដោយប្រយោល។ លោកថាមនុស្ស៧០នាក់ដែលជួបជាមួយលោក ដួង តារា មានទាំងចាស់ និងក្មេង ហើយកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងនៅក្នុងក្រុងព្រះសីហនុតែ            ម្តង។

លោក ឃាង ភារម្យ បន្តថា ពេលនេះ អាជ្ញាធរបានយកសំណាកពលរដ្ឋ៥៥នាក់ទៅពិនិត្យហើយ និងឱ្យសាលាមួយចំនួននៅឃុំរាម ឃុំព្រៃនប់ ឃុំអូរឧកញ៉ាហេង និងទួលទទឹង ផ្អាកការបង្រៀន និងរៀន រយៈពេល១៤ថ្ងៃ ដោយបារម្ភខ្លាចជំងឺកូវីដ១៩ ឆ្លងរាល់ដាលដល់សិស្ស និងលោកគ្រូអ្នកគ្រូ។

ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឱ្យដឹងថា អ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីកាលពីថ្ងៃទី៣ខែវិច្ឆិកា ដែលលោកហ៊ុន សែន ឱ្យឈ្មោះថាព្រឹត្តិការណ៍ ៣វិច្ឆិកានោះ មានចំនួន សរុបជិត១ពាន់ ២រយនាក់។ ក្នុងការធ្វើតេស្តរកកូវីដ១៩ អ្នកពាក់ព័ន្ធចំនួន២លើក ដោយក្នុងនោះក្រសួងរកឃើញមានអ្នកឆ្លងជំងឺ    កូវីដ១៩ចំនួន៤នាក់ និងអវិជ្ជមានចំនួន១ពាន់ ១៤០នាក់ ក្នុងដំណាក់កាលទីពីរ។

ដោយសារព្រឹត្តិការណ៍៣វិច្ឆិកានេះ ក្រសួងអប់រំក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល២សប្តាហ៍ ដោយបារម្ភខ្លាចជំងឺសុខភាពជាសកលនេះ ឆ្លងចូលទៅក្នុងសហគមន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស