40.3 C
Phnom Penh

អ្នកវិភាគ ថា មិនត្រូវធ្វើឱ្យកម្ពុជាបាត់បង់ឯករាជភាពជាថ្មីទៀតនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ដាច់ខាតមិនត្រូវឱ្យកម្ពុជាបាត់បង់ឯករាជ្យជាតិ ទៀតនោះឡើយ។

សរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី១០ ខែវិច្ឆិកានេះ លោកបណ្ឌិត ឡៅម៉ុងហៃ លើកឡើងថាខ្មែរយើងធ្លាប់បាត់បង់ឯករាជ្យ អធិបតេយ្យភាព ទឹកដី និងធ្លាប់រងទុក្ខវេទនា ច្រើនលើកច្រើនសារណាស់មកហើយក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមក។

លោកបន្តថា បើបានជាដឹងអំពីការបាត់បង់ និងសោកនាដកម្មជាតិទាំងនោះ ហើយ ខ្មែរយើងគួរប្តេជ្ញាប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាមិនឱ្យបាត់បង់នូវឯករាជ្យជាតិដូចមុនៗទៀតឡើយ។

លោកថា យើងត្រូវប្តេជ្ញាចិត្តថា យើងជាខ្មែរតែមួយ ដោយមិនត្រូវចាត់ទុកខ្មែរណាជាខ្មាំងសត្រូវ ទោះបីជាមានការប្រកួតប្រជែងគ្នាដើម្បីយកអំណាចក៏ដោយ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា មានតែការប្តេជ្ញាចិត្តរួមគ្នាបែបនេះទេ ដែលវាជាអំណាចមួយដើម្បីពង្រឹងឯកភាពជាតិ ហើយ    ឯកភាពជាតិនេះ វានឹងអាចពង្រឹងឯករាជ្យជាតិជាក់ជាមិនខាន។

ក្នុងប្រវត្តិសាស្ត្រកម្ពុជា ធ្លាប់បាត់បង់ឯករាជ្យជាតិទាំងស្រុង ដោយត្រូវស្ថិតនៅក្រោមឥទ្ធិពល ឬការគ្រប់គ្រងដោយផ្ទាល់ពីសំណាក់បរទេស រួមមានបារាំង ជប៉ុន យួន ឬសៀម ជាដើម។

បច្ចុប្បន្ននេះ កម្ពុជាក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិមើលឃើញថាបរទេសពីរកំពុងមានឥទ្ធិពលលើ រួមមានយួន និងចិន ដែលពេលខ្លះធ្វើឱ្យកម្ពុជាត្រូវបាត់បង់ឯករាជ្យភាពក្នុងការសម្រេចចិត្តរបស់ខ្លួនក្នុងនាមជារដ្ឋមិនចូលបក្សសម្ព័ន្ធថែមទៀតផង។ 

កាលពីថ្ងៃម្សិលមិញ  ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់ដោយមិនមានសេរីភាពពេញលេញក្នុងប្រទេសលោក កឹម សុខា លើកឡើងក្នុងទិវាបុណ្យខួបលើកទី៦៧ នៃឯករាជ្យជាតិខ្មែរ ០៩ វិច្ឆិកា ១៩៥៣ និង ០៩ វិច្ឆិកា ថា ជាតិណាក៏ចង់បានឯករាជ្យ ហើយមិនចង់ស្ថិតនៅក្រោមអាណានិគម ឬខ្ញុំកញ្ជះគេទេ។ លើសពីនេះអ្នកណាក៏ដឹងដែរថា «សាមគ្គីភាពជាតិ នាំមកនូវ ឯករាជ្យជាតិរឹងមាំ» ហើយ «បែកការបែកបាក់សាមគ្គីជាតិ នាំឲ្យប្រទេសជាតិទន់ខ្សោយ ហើយនឹងនាំឲ្យបាត់បង់ឯករាជ្យជាតិផងដែរ»។

លោកបន្តទៀតថា មិនមែនមានតែវត្ថុអត់វិញ្ញាណទេ ដែលប្រេះស្រាំ ឬបែកបាក់ ហើយអាចនាំឲ្យអ្វីផ្សេងពីខាងក្រៅ ដូចជាទឹកជាដើម អាចបញ្ជ្រាបចូលបាន ហើយសូម្បីតែក្រុមគ្រួសារ ឬសង្គមមនុស្ស ឬប្រទេសជាតិ ដែលបែកបាក់សាមគ្គីភាពផ្ទៃក្នុង ក៏ផ្តល់ឱកាសឲ្យអ្នកខាងក្រៅងាយចូលមកទាញយកផលប្រយោជន៍ ត្រួតត្រា និងបំផ្លិចបំផ្លាញយើង ជាពិសេសអាចធ្វើឲ្យយើងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះទៀតផង។

ជាមួយគ្នានេះ លោកកឹម សុខា ក៏បានរំលឹកឡើងវិញនូវព្រះរាជសាររបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិនៃយើង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៦២ ដោយព្រះអង្គមានព្រះរាជបន្ទូលជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើង ឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល។

មេបក្សប្រឆាំងដែលកំពុងរស់នៅដោយមិនទាន់មានសេរីភាពពេញលេញរូបនេះ យល់ឃើញថា ដើម្បីការពារឯករាជ្យជាតិ លុះត្រាតែរក្សាសាមគ្គីភាពជាតិឲ្យបានរឹងមាំ។

លោកបន្តថា ការរក្សាសាមគ្គីភាពរឹងមាំបាន លុះត្រាតែ កាត់បន្ថយមហិច្ឆតាផ្ទាល់ខ្លួន មិនគុំកួនសងសឹក ងាកមករកការអត់ឱនឲ្យគ្នា ចាប់យកការសន្ទនា បោះបង់ចោលការប្រមាថ ឈប់បង្កជម្លោះមិនលស់ពេល។

លោក ប៉ុន្តែបើសូម្បីតែរក្សាភាពអត់ធ្មត់ស្ងប់ស្ងាត់ មិនឈ្លោះ មិនឆ្លើយ មិនឆ្លងក៏ដាក់កំហុស ចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដូចជាប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ ដែលរាលដាលពេញពិភពលោក និងជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់ ក៏នៅតែដាក់កំហុស នោះមិនអាចកើតមានសាមគ្គីភាពជាតិបានទេ ហើយក៏មិនអាចមានឈ្មោះថាជាអ្នកទាមទារ រក្សា ការពារ «ឯករាជ្យជាតិ» ពិតប្រាកដឡើយ។

ជាចុងក្រោយលោក កឹម សុខា សូមបួងសួង ឲ្យកម្ពុជាមាន ឯករាជ្យជាតិ ពិតនិងឋិតឋេរជារៀងរហូត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស