រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល រាល់ការចេញផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ និងអ្នកស្រាវជ្រាវ ដែលដាក់ការសង្ស័យថា ការវាយកំទេចអាគារមួយរបស់អាមេរិក នៅមូលដ្ឋាន នាវាចរឆ្នេររាម គឺជាការបង្គាប់ចិត្តចិន និងបំរុងសម្រាប់ការស្ថាបនា ផ្ដល់ទីតាំងទៅអោយ កងទ័ពចិន។
មន្ត្រីជាន់ខ្ពស់កម្ពុជា ដោយរួមទាំង លោកនាយករដ្ឋមន្ត្រីផង តែងបដិសេធថា កម្ពុជាពុំអាចអនុញ្ញតិអោយមាន កងទ័ពបរទេសណាមួយមាននៅលើទឹកដីកម្ពុជា នោះទេ ពីព្រោះវាជាការរំលោភរដ្ឋធម្មនុញ្ញ របស់ប្រទេស។ ចំពោះបញ្ហាដែលមានការវាយកំទេចអាគារមួយ ឧបត្ថម្ភដោយ សហរដ្ឋអាមេរិក ក៏មន្ត្រីការពារជាតិកម្ពុជា បានអះអាងថា គ្មានការធ្វើឡើងដើម្បីបំណងប្រទេសចិននោះដែរ។
ប៉ុន្តែនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ស្រាប់តែទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា អាគារមួយទៀត ដែលស្ថាបនាដោយហិរញ្ញវត្ថុសហរដ្ឋអាមេរិក នៅមួលដ្ឋានទ័ពជើងទឹករាម ត្រូវវាយកំទេច ហើយ ។
ប្រភពដដែលឲ្យដឹងទៀតថា នេះជាការបញ្ចេញព័ត៌មាន របស់ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌល ដើម្បីយុទ្ធសាស្ត្រ អន្តរជាតិ បានបង្ហាញ រូបភាពអាគារវាយកំទេចនោះ ដោយការចាប់បានពីផ្កាយរណប។
មជ្ឈមណ្ឌលនេះ គឺជាអាគារទី២ ហើយដែលជាជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានវាយកទេច និងបាត់រូបភាពដើម របស់វានៅថ្ងៃទី៤ វិច្ឆិកា។ ការវាយកំទេចអាគារនេះ បន្ទាប់ពី មន្ទីរប៉ុងតាហ្គោនបាននិយាយកាលពីខែមុនថា សហរដ្ឋអាមេរិក ទទួលបានការផ្ដល់ព័ត៌មាន មួយដែលថាបញ្ជាការដ្ឋានមួយនៅមូលដ្ឋានទ័ពជើងទឹករាម ជាសំណង់មួយប្រើប្រាស់ដោយហិរញ្ញវត្ថុរបស់អាមេរិក ត្រូវបានវាយកំទេច។
ជាមួយគ្នានេះ គឺកាលពីឆ្នាំ២០១៩ មន្ទីរប៉ុងតាហ្គោន បានស្នើអោយកម្ពុជា ពន្យល់ និងបញ្ជាក់ អំពីមូលហេតុដែលកម្ពុជាទាត់ចោល សំណើររបស់អាមេរិក សុំផ្ដល់ជំនួយនិងជួសជុលមូលដ្ឋានទ័ពជើងទឹករាម តែកម្ពុជា ពុំបានបញ្ជាក់លំអិតមកវិញអោយបានច្បាស់លាស់នោះទេ ខណៈមានការសង្ស័យអំពីការផែនការរៀបចំមូលដ្ឋាននោះ ទុកសម្រាប់ជួលអោយប្រទេសចិន បញ្ជូនកងទ័ព និងភស្តុភា មកទុកដាក់នៅទីនោះ ដែលជាបញ្ហានាំអោយមានភាពតានតឹងរវាងទំនាក់ទំនង អាមេរិក និងចិន។
ស្របពេលមានការសង្ស័យដូចនេះ កាន់តែផុសផុលឡើង កម្ពុជា បានអះអាងថារាជាណាចក្រមួយនេះ មិនទទួលយកការវាតទីណាមួយ ពីប្រទេសមួយឡើយ។ ក្នុងន័យនេះ កម្ពុជាក៏បានច្រានចោល ការចុះផ្សាយថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ក្នុងការផ្ដល់ មូលដ្ឋានទ័ពជើងទឹករាមទៅអោយចិន។
ទាំងស្ថានទូតកម្ពុជា នៅក្រុងវ៉ាស៊ីនតោន និងមន្ទីរប៉ុងតាហ្គោន មិនបានឆ្លើយតបភ្លាមៗពាក់ព័ន្ធនឹងការសុំបំភ្លឺ ចំពោះការវាយកំទេច បញ្ជាការដ្ឋានទី២ ដែលស្ថាបនាដោយជំនួយរបស់សហរដ្ឋអាមេរិកនោះទេ។
ទោះជាបែបនេះក្ដី សហរដ្ឋអាមេរិក កំពុងធ្វើដំណើរនៃការផ្លាស់ប្ដូរមេដឹកនាំសេតវិមាន គឺរដ្ឋការថ្មីនេះអាចស្ថិតនៅក្រោមការដឹកនាំ របស់លោកចូលបៃដិន ដែលអាចឡើងជំនួសលោកដូណាល់ត្រាំ ហើយករណីនេះ នឹងក្លាយ ជាការប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់លោកបៃដិន។
អ្នកនាំពាក្យនៃខុទ្ទកាល័យ នាយករដ្ឋមន្ត្រី បានអះអាងថា ការវាយកំទេចបញ្ជាការដ្ឋាន ស្ថាបនាដោយ ហិរញ្ញវត្ថុសហរដ្ឋអាមេរិក គឺជាការធ្វើអោយកាន់តែ មានភាពទំនើប ព្រោះអាគារនោះ វាចាស់ណាស់ទៅហើយ។
កម្ពុជា គឺជាសមាជិកមួយនៃសមាគអាស៊ាន ដែលជាសម្ព័មិត្តដ៏ស្និទ្ធស្នាល នឹងប្រទេសចិន ជាងគេ។ ចិនជាប្រភព ផ្ដល់ប្រាក់កម្ចីឲ្យកម្ពុជារាប់ពាន់លានដុលា្លរអាមេរិក។ ប្រាក់កម្ចីរបស់ចិន គឺជាផ្នែកមួយដើម្បីជួយគាំទ្រដល់ស្ថិរភាព និងសេរដ្ឋកិច្ច របស់លោកហ៊ុនសែន ក្នុងការធ្វើអោយមានតុល្យភាព ជាមួយនឹងលោកខាងលិច ។
កាលពីថ្មីៗនេះ អតីតអ្នកការទូតសិង្ហបុរី ម្នាក់គឺលោក Bilahari Kausikan បានធ្វើអោយផ្ទុះ ជម្លោះពាក្យសំដី ព្រោះតែអ្នកការទូតបរទេសរូបនេះ បានទទូចថាសមាគមអាស៊ាន គួរបណ្ដេញកម្ពុជា និងឡាវ ចេញសមាគមអាស៊ាន។
អតីតលេខាធិការអចិន្ត្រៃយិ៍ នៃក្រសួងការបរទេសសិង្ហបុរី រូបនេះ បានហៅកម្ពុជានិងឡាវ ថាជាសមាជិកអាស៊ាន រងឥទ្ធិពលចិនធ្ងន់ធ្ងរ។លោកចោទថា កម្ពុជានិងឡាវ ជាអ្នកការពារផល់ប្រយោជន៍របស់ចិន នៅក្នុងតំបន់។
ការចោទរបស់ អតីតអ្នកការទូតសិង្ហបុរី រូបនេះបាននាំអោយ ក្រសួងការបរទេសកម្ពុជាប្រតិកម្ម ជាខ្លាំងហើយវាយប្រហារ តបវិញភ្លាមៗ ដោយចាត់ទុកការចោទប្រកាន់នោះគ្មានមូលដ្ឋានច្បាស់លាស់។
តែបែបនេះ ក្ដី ក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋការរបស់ លោកដូណាល់ត្រាំបាន ចាត់ការភ្លាមៗ តាមរយៈក្រសួងហិរញ្ញវត្ថិនិងរតនាគារ ដោយដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះបានរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្ត និងកន្លែងលេងល្បែងដ៏ប្រណិតក្នុងទឹកប្រាក់ចំនួន ៣ពាន់៨ រយលានដុល្លារ។
មណ្ឌលកម្សាន្តទេសចរណ៍ តារាសាគរ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Union Development Group របស់ចិន នៅក្នុងខេត្តកោះកុង រួមមានអាកាសយានដ្ឋានអន្តរជាតិ និងផែសម្រាប់កប៉ាល់ទេសចរណ៍ ដែល របាយការណ៍គួរឱ្យទុកចិត្តមួយ បានទំលាយថា ទីតាំងទាំងនេះអាចនឹងក្លាយជាទីតាំងប្រើប្រាស់បានដោយកងទ័ពចិន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីពេលថ្មីៗនេះ បាននិយាយថា បើតាមរបាយការណ៍គួរឱ្យទុកចិត្តនេះ គឺតំបន់តារាសាគរ អាចត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់រក្សាទុកសព្វាវុធរបស់ប្រទេសណាមួយ។
លោក Mike Pompeo មិនបាននិយាយចំឈ្មោះប្រទេសណាមួយនោះ ទេ ប៉ុន្តែសហរដ្ឋអាមេរិកបារម្ភថា កំពង់ផែឆ្នេរសមុទ្រកម្ពុជា នឹងក្លាយជាទីតាំងនៃមូលដ្ឋានកងទ័ពបរទេស ដែលទំនងសំដៅទៅលើប្រទេសចិន ។ ទោះជាបែបណាក៏ដោយ កម្ពុជា តែងតែបដិសេធ រាល់ការចោទមកលើកម្ពុជាទាំងនេះ៕