28 C
Phnom Penh

តុលាការក្រុងភ្នំពេញ សម្រេចលើកពេលសវនាការសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចំនួន៩រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញនៅថ្ងៃពុធនេះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់៨រូបផ្សេងទៀត។

តាមការគ្រោងទុកសំណុំរឿងរបស់ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៨រូបផ្សេងទៀត រួមទាំងភរិយារបស់លោកផង សាលាដំបូងរាជធានីភ្នំពេញនឹងត្រូវលើកយកមកសវនាការនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ពាក់ព័ន្ធការបទចោទប្រកាន់ ឧបឃាត ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៩។

ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះលោក ចៅក្រម ឌុច សុខសារិន បានប្រកាសលើកពេលសវនាការសំណុំរឿងឧបឃាតនេះ ទៅធ្វើនៅថ្ងៃទី២៥ខែវិច្ឆិកាវិញ។ ការប្រកាសលើកពេលនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមមេធាវីការពារក្តីឱ្យអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទាំង៩ រូបនេះ។

មន្ត្រីជាន់ខ្ពស់ទាំង៩រូបនេះ រួមមានលោក សម រង្ស៊ី និងភរិយាលោក គឺ អ្នកស្រី ជូឡុង សូមួរ៉ា។ លោក អេង ឆៃអ៊ាង លោក អូ ច័ន្ទឬទិ្ធ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល និងអ្នកស្រី មូរ សុខហួរ។

ក្រៅពីសំណុំរឿងនេះ អតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសទាំង៩រូបនេះ និងអតីតមន្ត្រីរបស់ខ្លួនប្រមាណ៥០រូបផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឱ្យចូលរួមសវនាការក្នុងសំណុំរឿង រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ខែវិច្ឆិកានេះ។

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសភាគីលោកសមរង្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ដោយអះអាងថាពួកគេ នឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ ដោយមិនគេចវេសឡើយ។ ប៉ុន្តែទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន លុបចូលនូវបម្រាមដែលខ្លួនបានបញ្ជាមិនក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកមន្ត្រីបក្សប្រឆាំងចូលស្រុក។ ផ្តល់សុពលភាពលើលិខិតឆ្លងដែនចំពោះអ្នកដែលត្រូវបានក្រសួងមហាផ្ទៃលុបចោល។

លើសពីនេះ ស្នើឱ្យរដ្ឋាភិបាលប្រាប់ទៅថ្នាក់ដឹកនាំតំបន់អាស៊ាន ពិសេសថៃ ត្រូវផ្តល់កន្លែងឱ្យពួកគេឆ្លងកាត់ចូលមកកម្ពុជា ព្រមទាំងបញ្ឈប់ការបំភិតបំភ័យ ឬគំរាមកំហែងដល់ពលរដ្ឋដែលស្មគ្រចិត្ត មកទទួលថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិជាដើម។

យ៉ាងណារាល់សំណើរបស់បក្សប្រឆាំងនេះ រដ្ឋាភិបាលលោកហ៊ុន សែន នៅមិនទាន់មានការឆ្លងតបនៅឡើយទេ រហូតមកទល់ថ្ងៃទី ១១ខែវិច្ឆិកានេះ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស