27 C
Phnom Penh

ក្រសួងមហាផ្ទៃសម្រេចមិនឱ្យមានការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងការប្រជុំនានាដែលមានមនុស្សច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលក្រុងភ្នំពេញ និងអភិបាលខេត្តកណ្តាល ដោយបញ្ជាមិនឱ្យមានការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ព្រមទាំងផ្អាករាល់ការប្រជុំនានាដែលមានមនុស្សចូលរួមច្រើន រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ។

លិខិតរបស់អគ្គនាយដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនៅថ្ងៃទី ១១ខែវិច្ឆិកានេះ បានប្រាប់ទៅអាជ្ញាធរក្រុងភ្នំពេញ និងអាជ្ញាធរខេត្តកណ្តាល ឱ្យផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឬរាល់កិច្ចប្រជុំទាំងឡាយ ដែលមានមនុស្សចូលរួមច្រើន រយៈពេល២សប្តាហ៍។

លិខិតបន្តថា ថ្មីៗនេះ ស្ថានភាពជំងឺកូវីដ១៩ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តកណ្តាល មានហានិភ័យខ្ពស់ ក្នុងការបន្តចម្លងទៅកាន់សហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍វិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់។

ប្រភពដដែលបន្តថា ក្នុងស្មារតីនេះ ដើម្បីបន្តការអនុវត្តន៍នូវវិធានការទប់ស្កាត់ជំងឺនេះឱ្យទាន់ពេលវេលា ដែលក្រសួងមហាផ្ទៃបានសម្រេចឱ្យអាជ្ញាធរក្រុងភ្នំពេញ និងខេត្តកណ្តាលផ្អាកជាបណ្តោះអាសន្ននូវការរៀបចំវេទិកាសាធារណៈ និងកិច្ចប្រជុំនានា ដែលមានមនុស្សចូលរួមច្រើន។

លើសពីនេះ ត្រូវបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួង  សុខាភិបាលឱ្យបានជាប់ជាប្រចាំ។

កាលពីសប្តាន៍មុន ក្រសួងអប់រំក៏បានសម្រេចឱ្យគ្រប់សាលារៀនរដ្ឋនិងឯកជន ផ្អាកការរៀន និងបង្រៀនរយៈពេល២សប្តាហ៍ផងដែរ ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ការសម្រេចទាំងនេះ ក្រោយពេលក្រសួងសុខាភិបាលបានរកឃើញថាមានមនុស្សជាង១ពាន់នាក់ បានជាប់ពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី លោក ភីធើ ស៊ីចាតូ(Peter Szijjarto)កាលពីថ្ងៃទី ៣ខែវិច្ឆិកា ក្នុងដំណើរទស្សនៈរបស់លោកមកកាន់កម្ពុជា។

ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរូបនេះត្រូវបានរកឃើញថាមានជំងឺកូវីដ១៩នៅរសៀលថ្ងៃដដែល ក្រោយពេលលោកចាកចេញពីកម្ពុជា ទៅដល់ប្រទេសថៃ។

ក្រសួងសុខាភិបាលបានសម្រេចធ្វើតេស្តរកវីរុសកូវីដ១៩ លើអ្នកពាក់ព័ន្ធជាង១ពាន់នាក់ រួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផង គឺមានចំនួន២លើករួចមកហើយ។ ជាលទ្ធផលបង្ហាញថា មានមនុស្ស៤នាក់ហើយ ដែលរកឃើញថាឆ្លងវីរុសកូរ៉ូណានេះ  រួមទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា ផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃនេះ ដោយថ្លែងអំណរគុណដល់មិត្ត និងញាតិទាំងឡាយដែលបានផ្តល់សារលើកទឹកចិត្តដល់រូបលោក។

លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យ ស្ថានភាពសុខភាពលោកនៅជាធម្មតាមិនទាន់មានការវិវឌ្ឍន៍ណាមួយគួរឱ្យបារម្ភនោះទេ។ លោកបញ្ជាក់ថា លោកបានដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក យ៉ាងម៉ឹងម៉ាត់មិនដូចការបំផ្លើសថា លោកបានទៅចូលរួមពិធីបុណ្យឯករាជ្យជាតិកាលពីថ្ងៃ៩វិច្ឆិកានោះឡើយ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ អះអាងថា មេរោគកូរ៉ូណា ឬ កូវីដ១៩ ជាមេរោគរាតត្បាតសកល សូមកុំយកបញ្ហានេះមកធ្វើជាល្បែងនយោបាយ ឬភូតភកុហក  ឬប្រឌិតដើម្បីបំភ័យសាធារណៈជននោះឡើយ។

នៅថ្ងៃពុធនេះដែរ រដ្ឋាភិបាលបានសម្រេចបញ្ចេញម៉ាស់ក្រណាត់ពីឃ្លាំងយុទ្ធសាស្ត្រចំនួន២លានម៉ាស់ ដើម្បីចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គិតមកដល់ថ្ងៃទី១១ខែវិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ចំនួន ៣០១នាក់។ ក្នុងនោះអ្នកជំងឺដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួនសរុប២៨៨នាក់។ ដោយឡែកអ្នកជំងឺចំនួន១៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិតភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី នារាជធានីភ្នំពេញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស