បរិស្ថាន

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកប៉ះពាល់ក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកា ជាច្រើននាក់បន្ថែមទៀត

By ឌឹ ខេមបូឌា ដេលី

November 12, 2020

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលអះអាងថា អ្នកប៉ះពាល់ក្នុងព្រឹត្តការណ៍ ៣វិច្ឆិកា បានកើនឡើងបន្ថែមទៀត ខណៈអ្នកដែលបានប៉ះពាល់ក្នុងព្រឹត្តការណ៍នោះ កន្លងមកមានចំនួន ១ពាន់ ១៦៦នាក់ នោះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ អះអាងថា ក្រសួងបានរកឃើញអ្នកដែលបានប៉ះពាល់ក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកា កើនឡើងដល់ ១ពាន់ ៤៨១ នាក់ហើយ ដោយឡែកវត្ថុសំណាកចំនួន ៥០ ផ្សេងទៀតដែលនៅសល់មិនទាន់បញ្ជាក់លទ្ធផល នឹងត្រូវរង់ចាំដល់ថ្ងៃទី១២ ខែវិច្ឆិកា ស្អែកនេះ។

លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ក្នុងព្រឹត្តការណ៍ ៣វិច្ឆិកា ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ និងទី២ អវិជ្ជមានវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះ ឬសណ្ឋាគារ ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងឲ្យបានហ្មត់ចត់ជាទីបំផុត។

លោកបញ្ចាក់ថា អ្នកទាំងនោះមិនត្រូវដើរហើរចេញក្រៅផ្ទះ ឬសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះជាដាច់ខាត ត្បិតនេះជាវិធានការដ៏មានប្រសិទ្ធិភាពបំផុតក្នុងការ ទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងជៀសវាងការចម្លងចូលក្នុងសហគមន៍ទាំងមូល។

ការរឹតបន្តឹងវិធានសុវត្ថិភាពនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានដាក់ចេញនៅវិធានការយ៉ាងម៉ឹងម៉ាត់ក្រោយព្រឹត្តការណ៍ ៣វិច្ឆិកា ចំពោះអ្នកដែលវិជ្ជមានវីរុសកូវីដ១៩ ហើយធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខភិបាល។

ជាងនេះទៀត ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនណាដែលល្មើសទៅបទបញ្ញាត្តិ និងសេចក្តីណែនាំនេះ នឹងត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ចាប់ពី ២០ ម៉ឺនរៀល ដល់ ១ លានរៀល និងត្រូវ            ផ្តន្ទាទោសតាមច្បាប់នៃក្រមព្រហ្មទណ្ឌជាធរមាន ដោយយោង អនុក្រឹត្យលេខ ១២៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ជាកំហិត។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវសេចក្តីណែនាំ ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល រួមមាន រក្សាគម្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ កន្លះ ឡើងទៅ ត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងត្រូវផ្អាកកម្មវិធីជួបជុំលក្ខណៈប្រពៃណីនានា ជាដើម។

ក្រសួងបានអំពាវនាវ ឲ្យពលរដ្ឋ ព្រមទាំងសាធារណៈជនទាំងអស់          នាំគ្នា អនុវត្តសេចក្តីណែនាំ និងបទបញ្ញាត្តិនានា របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវជាទីបំផុត ដើម្បីបញ្ជៀសហានិភ័យខ្ពស់ដែលពិបាកនឹងប៉ាន់ស្មាន នៃការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍របស់ពួកគេ។

នៅថ្ងៃទី១១ វិច្ឆិកា ព្រឹកម៉ិញនេះ ក្រសួងសុខាភិបាល បានអះអាងថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើស្រ្តីវ័យ ៣៥ ឆ្នាំ ជនជាតិអាមេរិកកាំងម្នាក់ ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងដាក់ឲ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទាក់ទិននឹងបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា នៅថ្ងៃទី១១ វិច្ឆិកា នេះ បានអះអាងថា ទីតាំងខារ៉ាអូខេ, បៀរហ្គាឌិន, ម៉ាស្សា, ស្ប៉ា និងក្លឹបហាត់ប្រាណ សរុបចំនួន ៤២៩ កន្លែងក្នុងរាជធានីភ្នំពេញ បានផ្អាកអាជីវកម្មរបស់ខ្លួនតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ភ្លាមៗផងដែរ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានព្រមានថា បើពួកគេនៅតែបំពានលើបំរាមចត្តាឡីស័ក និងបទបញ្ញត្តិនានារបស់ក្រសួងសុខាភិបាល ជម្រើសចុងក្រោយ គឺមានតែចាប់បង្ខំពួកគេតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងបញ្ចប់ការឆ្លងនៃជំងឺនេះឲ្យបានឆាប់៕