ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបួងសួងឱ្យស្មារតីសាមគ្គីជាតិខ្មែរ កាន់តែរុងរឿង និងខ្លាំងក្លាឡើង ដើម្បីឱ្យជាតិខ្មែរអាចរួមរស់នៅជាមួយគ្នាលើមាតុភូមិកម្ពុជា ប្រកបដោយភាពសុខដុមរមនាជារៀងរហូតតទៅ។
សរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃពុធទី ១១ ខែវិច្ឆិកានេះ ដោយលោកកឹម សុខា បួងសួងដូច្នេះ ធ្វើឡើងនាឱកាសលោកបាននាំយកពូជស្រូវ ដែលជាជំនួយមនុស្សធម៌ របស់ពលរដ្ឋខ្មែររស់នៅក្នុងនិងក្រៅប្រទេសចំនួន៤តោន ចែកជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីជាការចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនពលរដ្ឋខ្មែរ តាមលទ្ធភាព។
ជាមួយគ្នានេះ មេបក្សប្រឆាំងរូបនេះ ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ដែលបានចែករំលែកធនធានផ្ទាល់ខ្លួនប្រកបដោយទឹកចិត្តមនុស្សធម៌ ចូលរួមសាមគ្គីគ្នាជួយដល់ប្រជាពលរដ្ឋខ្មែរយើងក្នុងគ្រាលំបាក ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់នាពេលថ្មីៗនេះផង និងទប់ទល់ទៅនឹងជំងឺកូវីដ១៩ផងដែរ។
ស្មារតីសាមគ្គីភាពជាតិខ្មែរនេះ លោកកឹម សុខា បួងសួងឱ្យមានកាន់ តែខ្លាំងក្លាឡើង ដើម្បីការរស់នៅមួយ លើមាតុភូមិកម្ពុជាប្រកបដោយភាពសុខដុមរមនាជារៀងដរាបតទៅ។
លោក កឹម សុខាបន្តចែកជំនួយមនុស្សធម៌ដល់ពលរដ្ឋ ជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងពូជស្រូវដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ខណៈប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កំពុងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
យ៉ាងណាការងារចុះចែកអំណោយតំណាងឱ្យប្រមុខរដ្ឋាភិបាលទាំងនេះ ក៏ត្រូវបានផ្ទេរសិទ្ធិទៅកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺ លោកហ៊ុន ម៉ាណែត។
លោកកឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចូលចាប់ខ្លួនក្នុងផ្ទះទាំងយប់កាលពីថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយលោកហ៊ុន សែន ចោទលោកកឹម សុខា ថាក្បត់ជាតិ ក្រោយមកតុលាការក៏បានចោទប្រកាន់បទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិនេះ ទៅតាមការចង់បានរបស់បុរសខ្លាំងនៅកម្ពុជា រហូតឈានទៅរំលាយបក្សប្រឆាំងដ៏ធំមួយនេះកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ព្រមទាំងដកហូតដំណែងមន្ត្រីបក្សនេះតាំងពីមូលដ្ឋានរហូតដល់ព្រឹទ្ធសភា។
រីឯមន្ត្រីជាន់ខ្ពស់ជាង១០០នាក់ទៀត ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ មកទល់ពេលបច្ចុប្បន្នសំណុំរឿងក្តីនេះមិនទាន់បានបញ្ចប់នៅឡើយ ខណៈសហគមន៍អន្តរជាតិអះអាងថាជាសំណុំរឿងដែលប្រឌិតឡើង ព្រោះគ្មានភស្តុតាងអ្វីទាំងអស់។
បើទោះបីជាលោកកឹម សុខា មានសំណាងដោយរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ និងឃុំក្នុងផ្ទះក្តី ប៉ុន្តែសេរីភាពរបស់លោកមិនទាន់ទទួលបានពេញលេញនោះឡើយ ដោយតុលាការបានហាមឃាត់លោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ និងមិនឱ្យចេញទៅក្រៅប្រទេស។
កាលពីថ្ងៃម្សិលមិញលោកបណ្ឌិត ឡៅម៉ុងហៃ លើកឡើងថាខ្មែរយើងធ្លាប់បាត់បង់ឯករាជ្យ អធិបតេយ្យភាព ទឹកដី និងធ្លាប់រងទុក្ខវេទនា ច្រើនលើកច្រើនសារណាស់មកហើយក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមក។
លោកបន្តថា បើបានជាដឹងអំពីការបាត់បង់ និងសោកនាដកម្មជាតិទាំងនោះ ហើយ ខ្មែរយើងគួរប្តេជ្ញាប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាមិនឱ្យបាត់បង់នូវឯករាជ្យជាតិដូចមុនៗទៀតនោះទេ។
លោកថា យើងត្រូវប្តេជ្ញាចិត្តថា យើងជាខ្មែរតែមួយ ដោយមិនត្រូវចាត់ទុកខ្មែរណាជាខ្មាំងសត្រូវ ទោះបីជាមានការប្រកួតប្រជែងគ្នាដើម្បីយកអំណាចក៏ដោយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា មានតែការប្តេជ្ញាចិត្តរួមគ្នាបែបនេះទេ គឺជាអំណាចមួយដើម្បីពង្រឹងឯកភាពជាតិ ហើយឯកភាពជាតិនេះ វានឹងអាចពង្រឹងឯករាជ្យជាតិជាក់ជាមិនខាន៕