33 C
Phnom Penh

លោក រ៉ុង ឈុន ប្រាប់តុលាការកំពូលថាការចាប់ខ្លួន និងចោទប្រកាន់លោក ធ្វើឡើងដោយខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានប្រាប់ទៅតុលាការកំពូលថា ការចាប់ខ្លួនលោកដែលធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ទាំងយប់នោះ គឺជាការធ្វើឡើងដោយខុសច្បាប់។

ដោយឡែក ការចោទប្រកាន់ពីបទល្មើសជាក់ស្តែង ជុំវិញបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ក៏មិនត្រឹមត្រូវនោះដែរ ពីព្រោះរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃដែលលោកបានបង្ហោះសារអំពីរឿងព្រំដែន និងដល់ថ្ងៃចាប់ខ្លួននោះ មិនមានភាពវឹកវរណាមួយកើតឡើងដូចការចោទប្រកាន់នោះឡើយ។

លោក រ៉ុង ឈុន ដែលជាប់ឃុំព្រោះតែការលើកឡើងពីបញ្ហាដីធ្លីនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ថ្លែងដូច្នេះនៅក្នុងបន្ទប់សវនាការ នៅតុលាការកំពូលលើបណ្តឹងសារទុក្ខចំនួនពីររបស់លោក នៅថ្ងៃពុធទី១១ខែវិច្ឆិកានេះ។

បណ្តឹងចំនួនពីរនេះ គឺបណ្តឹងជំទាស់ទៅនឹងដីកាបង្គាប់ឱ្យឃុំខ្លួនលោកពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ និងបណ្តឹងមួយទៀត ពាក់ព័ន្ធការស្នើសុំ នៅក្រៅឃុំរបស់លោក។

សកម្មជនសិទ្ធិមនុស្ស និងការងាររូបនេះ ស្នើដល់តុលាលាការកំពូលកាត់សេចក្តីឈរលើវិជ្ជាជីវៈ ដោយមិនត្រូវស្ថិតក្រោមឥទ្ធិពលនយោបាយនោះទេ។ បណ្តឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងច្រានចោលកាលពីថ្ងៃទី៥ ខែសីហា ហើយបន្ទាប់មក សាលាឧទ្ធរណ៍ក៏បានច្រានចោលសំណើរសុំនៅក្រៅឃុំនេះផងដែរ។

ក្នុងបន្ទប់សវនាការនៅថ្ងៃពុធនេះ តំណាងមហាអយ្យការអមតុលាការកំពូល លោក ច័ន្ទដារ៉ា រង្ស៊ី ប្រកាសចំពោះមុខចៅក្រមថា ការឱ្យលោក រ៉ុង ឈុន នៅក្រៅឃុំ អាចបង្កជាហានិភ័យដល់ដំណើរការនីតិវិធីបទល្មើសថ្មី និងចលាចលសង្គមអាចនឹងកើតឡើងតាមរយៈអ្នកដែលជឿជាក់លើលោក រ៉ុង ឈុន។

ទោះបីជាយ៉ាងនេះក្តី មេធាវីការពារក្តីឱ្យលោករ៉ុង ឈុន មួយរូប គឺ លោកមេធាវីលោក ជូង ជូងី និយាយថា ការចោទប្រកាន់កូនក្តីរបស់លោកដោយគ្រាន់តែយោងលើឯកសារបង្ហោះលើហ្វេសប៊ុកគឺមិនត្រឹមត្រូវនោះឡើយ។  លោកថា កូនក្តីរបស់លោកមានផ្ទះសម្បែងនិងមុខរបរជាក់លាក់ ដែលអាចឱ្យតុលាការជឿបាន ថាគាត់នឹងមិនគេចវេះពីនីតិវិធីរបស់តុលាការលើសំណុំរឿងនេះឡើយ។ មេធាវីរូបនេះ ស្នើសុំតុលាការកំពូលពិចារណាឱ្យកូនក្តីរបស់លោកបាននៅក្រៅឃុំ។

ទិដ្ឋភាពនៅខាងក្រៅតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះវិញ គឺមានសាច់ញាតិ និងសហការីរបស់លោក រ៉ុង ឈុន ជាច្រើននាក់ បានលើកជាបដា ដោយស្នើឱ្យតុលាការទម្លាក់ចោទការចោទប្រកាន់ និងដោះលែង ប្រធានសហជីពរូបនេះឱ្យមានសេរីភាពឡើងវិញ។

លោក រ៉ុង ឈុន ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ចាប់ខ្លួនលោកទាំងយប់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានបកស្រាយជុំវិញវិវាទដីធ្លីរបស់ពលរដ្ឋនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពលរដ្ឋបញ្ជាក់ប្រាប់លោកថាដីរបស់ពួកគាត់រាប់សិបហិកតាបានបាត់បង់ទៅលើភាគីវៀតណាម ក្រោយពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបោះបង្គោលជាផ្លូវការរួច។

សំណុំរឿងលោក រ៉ុង ឈុន នេះ ក៏បានធ្វើឱ្យមនុស្សជាច្រើនាក់ផ្សេងទៀត រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់បទល្មើស ស្រដៀងនឹងលោករ៉ុង ឈុន ផងដែរ។ ការចាប់ខ្លួនមនុស្សទាំងនោះ ក្រោយពេលពួកគេនាំគ្នាតវ៉ាដោយអហិង្សាទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងការបកស្រាយបន្ថែមលើវិវាទព្រំដែនតំបន់ដែលនាំឱ្យមានការចាប់ខ្លួនមេសហជីពរូបនេះ។

កាលពីខែសីហា លោក ហ៊ុន សែន បញ្ជាក់ថា លោកជាអ្នកបញ្ជាឱ្យចាប់ខ្លួនលោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ដោយសារការបកស្រាយរបស់ពួកគេរឿងព្រំដែន ជារឿងមិនត្រឹមត្រូវ នឹងនាំឱ្យមានជម្លោះជាមួយប្រទេសជិតខាងថែមទៀតផង។

លោកហ៊ុន សែន ថែមទាំងព្រមានពេលនោះថា ត្រូវចាប់ខ្លួនជនទាំងឡាយណាដែលហ៊ានរិះគន់រឿងព្រំដែនជាមួយប្រទេសជិតខាង ពិសេសចោទប្រកាន់រដ្ឋាភិបាលលោក ថាបានក្បត់ជាតិ ដែលធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាមនោះ គឺជារឿងមិនអាចទទួលយកបាន។ 

យ៉ាងណាសហគមន៍ជាតិ និងអន្តរជាតិជាច្រើនបានថ្កោលទោសរដ្ឋាភិបាលក្នុងការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន ព្រមទាំងសកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ និងសកម្មជនបរិស្ថានផ្សេងទៀត ព្រោះការលើកឡើង និងសកម្មភាពរបស់ពួកគេជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ 

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយហៅលោក រ៉ុង ឈុន ថាជាអ្នកជាប់ឃុំមនសិការ។ 

លោកអះអាងថា លោក រ៉ុង ឈុន ជាមនុស្សស្អាតស្អំ និងជាអ្នកស្រលាញ់ជាតិទឹកដី ដែលគ្មានកំហុស ដូចការចោទប្រកាន់ឡើយ។ ដូច្នេះ លោកទាមទារឱ្យតុលាការត្រូវដោះលែងគាត់ឱ្យមានសេរីភាព និងដោយគ្មានលក្ខខណ្ឌ ព្រមទាំងដោះលែងអ្នកជាប់ឃុំមនសិការផ្សេងៗទៀតផងដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស