រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានថា អ្នកដំណើរដែលជាជនបរទេសចូលមកកម្ពុជាតម្រូវឲ្យបង់ថវិកាចំនួន ២ពាន់ដុល្លារអាមេរិក និងត្រូវអនុវត្តការធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះថា ការធ្វើដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី១១ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង អះអាងថា អ្នកធ្វើដំណើរជាវិនិយោគិន-ធុរៈជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលធ្វើដំណើរមកពីប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម ថៃ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ត្រូវភ្ជាប់ជាមួយនូវវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលចេញដោយក្រសួងសុខាភិបាលនៃប្រទេសសាម៉ី។
លោកបន្តថា ក្រោយពេលមកដល់កម្ពុជាពួកគេនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៅតាមមណ្ឌលចត្តាឡីស័កដែលបានកំណត់ និងតម្រូវឲ្យកម្កល់ថវិកាចំនួន ២ពាន់ដុល្លារអាមេរិក ព្រមទាំងតម្រូវឲ្យពួកគេទិញសេវាធានារ៉ាប់រងសុខភាពក្នុងទឹកប្រាក់ ៩០ ដុល្លារអាមេរិក ដែលមានសុពលភាពរយៈពេល ២០ ថ្ងៃ ផងដែរ។
យ៉ាងណាក៏ដោយ ថវិកា ២ពាន់ដុល្លារ នេះ ក្រសួងនឹងចំណាយលើថ្លៃស្នាក់នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ថ្លៃធ្វើតេស្តវត្ថុសំណាក និងថ្លៃដឹកជញ្ជូនពីអាកាសយាន្តដ្ឋានអន្តរជាតិជាដើម។ ប៉ុន្តែ ថវិកានេះក្រសួងនឹងផ្តល់ជូនសាម៉ីខ្លួនវិញក្រោយការទូទាត់ជាក់ស្តែង ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីបញ្ចប់វិធានសុខាភិបាលរួចរាល់ទាំងស្រុង។
ដោយឡែក អ្នកដំណើរជាមន្ត្រីការទូត និងអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការ ការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលបានធ្វើដំណើរមកដល់កម្ពុជា ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ១៧០ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពីការកែសម្រួលវិធានការសុខាភិបាលកម្ពុជា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ថា ចំពោះអ្នកដំណើរជាជនជាតិខ្មែរ ដែលប្រើលិខិតឆ្លងដែនកម្ពុជា ឬលិខិតឆ្លងដែនបរទេស ដែលបានធ្វើដំណើរមកដល់កម្ពុជា ត្រូវធ្វើចត្តាឡីស័កពេញលេញរយៈពេល១៤ ថ្ងៃ ដោយមិនគិតថ្លៃចំណាយក្នុងពេលអនុវត្តវិធានការសុខាភិបាលនេះឡើយ ហើយក៏មិនតម្រូវឲ្យតម្កល់ប្រាក់ ឬទិញសេវាធានារ៉ាប់រងសុខភាពផងដែរ។
ប៉ុន្តែ បើសាម៉ីខ្លួនស្នើសុំធ្វើចត្តាឡីស័កនៅសណ្ឋាគារដែលកំណត់ដោយក្រសួងសុខាភិបាលនោះ រាល់ការចំណាយលើសណ្ឋាគារ និងការចំណាយផ្សេងៗ ក្នុងអំឡុងពេលស្នាក់នៅ គឺជាបន្ទុករបស់ពួកគេទាំងស្រុង។
ការរឹតបន្តឹងវិធានសុវត្ថិភាព និងការកែសម្រួលបញ្ញត្តិចត្តាឡីស័កនេះ ធ្វើឡើងក្រោយ ក្រសួងសុខាភិបាលកម្ពុជាបានកំណត់មុខសញ្ញាថា ការឆ្លងវីរុសកូវីដ១៩ មិនបានកើតចេញពីក្នុងសហគម៍នោះទេ គឺតែងចម្លងមកពីខាងក្រៅតែប៉ុណ្ណោះ។ ជាពិសេសក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាព្រឹត្តិការណ៍ថ្នាក់ដឹកនាំកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដែលជាប្រភពធ្វើឱ្យវិបត្តិជំងឺកូវីដ១៩នៅកម្ពុជាកក្រើកឡើងជាថ្មីវិញ បន្ទាប់រដ្ឋមន្ត្រីរូបនោះរកឃើញថាឆ្លងជំងឺកូវីដ១៩ ក្រោយពេលចាកចេញពីកម្ពុជា។
ក្រសួងសុខាភិបាល បានអះអាង ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ វិច្ឆិកា នេះថា គិតត្រឹមថ្ងៃ១១ វិច្ឆិកា ចំនួនអ្នកដែលប៉ះពាល់ក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកា មានចំនួន ២ពាន់ ៤៩៧នាក់។ ចំណែក អ្នកធ្វើតេស្តរួច លទ្ធផលបង្ហាញអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន ១ពាន់៦៧៦នាក់។ ដោយឡែកអ្នកវិជ្ជមានវីរុសកូវីដ១៩ ក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកានេះ មានចំនួន ៤ នាក់ដដែល ដោយពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
ក្រសួងបានចេញសេចក្តីណែនាំបន្ថែមទៀតចំពោះការធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬនៅតាមមណ្ឌលចត្តាឡីស័កនានា ឲ្យបានត្រឹមត្រូវ ដូចជា ហាមមិនឲ្យដើរចេញពីកន្លែងធ្វើចត្តាឡីស័ក។ តាមដានរោគសញ្ញានៃជំងឺជាប្រចាំ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ប្រើសម្ភារៈដោយឡែកពីអ្នកដទៃ។ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់។ បរិភោគអាហារដែលឆ្អិនល្អ រក្សាអនាម័យកន្លែងរស់នៅជាប្រចាំ ត្រូវធ្វើចត្តាឡីស័កឲ្យបានចប់ត្រឹមត្រូវ និងត្រូវផ្តល់ដំណឹងភ្លាមៗក្នុងករណីបន្ទាន់៕