ក្រុមអ្នកឃាំ្លមើលបញ្ហាព្រំដែននៅថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកានេះ បានទាត់ចោល កិច្ចប្រជុំរបស់ព្រឹទ្ធសភាជាតិចំពោះការពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងសភាជាតិកម្ពុជា ថាកំពុងរំលោភរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ត្បិតសេចក្តីព្រាងនៃច្បាប់នេះ ជាកូនសោរបើកដៃឲ្យរដ្ឋការក្រុងហាណូយចូលឈ្លានពានកម្ពុជាដោយស្របច្បាប់ ខ្លាំងជាងការឈ្លានពានកាលពី ឆ្នាំ១៩៨៥នោះទៅទៀត។ លោកបានចោទ លោក ហ៊ុន សែន ថាជាអ្នកបញ្ជាឲ្យស្ថាប័ននីតិបញ្ញត្តិ អនុម័តសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីកាត់ទឹកដីកម្ពុជាឲ្យទៅវៀតណាមបន្ថែមទៀត ក្នុងចេតនាលួងលោមបរទេសឈ្លានពានមួយនេះ ក្នុងការរក្សាអំណាចរបស់ខ្លួន ក្រោមលេស បញ្ចប់ភាពចម្រូងចម្រាសព្រំដែន និងការពារពីការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។
អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា ការអនុម័តនៃច្បាប់នេះ គឺអាថ៌កំបាំងយ៉ាងធំសម្រាប់ពលរដ្ឋខ្មែរ ដែលលោក ហ៊ុន សែន ប្រញាប់ប្រញ៉ាល់ធ្វើឲ្យបានចប់សព្វគ្រប់ ក្នុងពេលដែលរដ្ឋាភិបាល និងរដ្ឋសភាដែលគ្រប់គ្រងដោយឯកបក្ស និងមិនមានការចូលរួមពីម្ចាស់ផែនទីដើម ដូចជាប្រទេសបារាំង និងស្ថាប័នសារព័ត៌មានឯករាជ្យជាតិ និងអន្តរជាតិ ផងនោះ។
លោក ម៉ែន ណាត រិះគន់ថា ការអនុម័តលើសេចក្តីព្រាងច្បាប់នេះគឺរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង ត្បិតការអនុម័តនេះ គឺផ្អែកតែទៅលើផែនទីខុសច្បាប់ថ្មី ខ្នាត ១/២៥.០០០ តែប៉ុណ្ណោះ។ លោកថា ផែនទីថ្មីនេះបាន បង្កើតចេញពី ផែនទីខ្នាត ១/១០០.០០០ ដែលបានបោះពុម្ពនៅប្រទេសវៀតណាមដោយខុសច្បាប់ និងផែនទី UTM ខ្នាត ១/៥០.០០០ ដែលទាហានអាមេរិកកាំងប្រើតែក្នុងសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពី ព្រឹទ្ធសភាកម្ពុជា ដែលជាព្រឹទ្ធសភាឯកបក្សបាន បើកកិច្ចប្រជុំនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាង កម្ពុជា និង វៀតណាម ។
ជុំវិញការអនុម័ត លើសេចក្តីព្រាងច្បាប់នេះអនុប្រធានគណៈកម្មាធិការព្រំដែន អ្នកស្រី កុយ ពិសី អួតថា ការអនុម័តសេចក្តីព្រាងច្បាប់ថ្មីនេះ គឺជាសមិទ្ធិផលប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ប្រទេសកម្ពុជាដែលមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកតទៅគ្រប់ជំនាន់ក្រោយ។
ការអនុម័តលើ សេចក្តីព្រាងច្បាប់ លើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា-វៀតណាម នេះ ធ្វើឡើងក្រោមការចុះហត្ថលេខាយល់ព្រមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនៈកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
បណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហោះសារក្នុងបណ្តាញសង្គម ហ្វេស ប៊ុកថា បរទេសមកត្រួតត្រាខ្មែរ បណ្តាលឲ្យខ្មែរ បាត់បង់ឯករាជ្យជាតិ បាត់បង់សមត្ថភាពគ្រប់គ្រងខ្លួនឯង បាត់បង់សន្តិភាព បាត់បង់ឯកភាពជាតិ និងឈានទៅដល់ការបាត់បង់ បូរណៈភាពទឹកដីទាំងមូលថែមទៀត។
សេចក្តីព្រាង ពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា-វៀតណាមនេះ បានឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រឹទ្ធាសភាកម្ពុជាទាំងពីរដំណាក់កាលរួចហើយ ដំណាក់កាលចុងក្រោយរង់ចាំតែឡាយព្រហស្ថលេខារបស់ព្រះមហាក្សត្រ តែប៉ុណ្ណោះ នោះសេចក្តីព្រាងនេះនឹងចូលជាធរមានដោយបិរបូណ៌។
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា លោក ហ៊ុន សែន មិនអាចបញ្ចប់ភាពចម្រូងចម្រាសដោយការធ្វើច្បាប់ពិធីសារខណ្ឌសីមានេះបានទេ ត្បិតច្បាប់នេះបានរំលោភលើរដ្ឋធម្មនុញ្ញទាំងស្រុង។ ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរនឹងសើរើវត្ថុបំណងពិតនៃច្បាប់នេះថាតើ ធាតុពិតនៃច្បាប់នេះ ពិតជាការពារកម្ពុជា ឬជាការកាត់ដីឲ្យបរទេស៕