ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានអះអាងថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ក្នុងស្ថានភាពបច្ចុប្បន្ននោះទេ ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីមានសារជាសំឡេងដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុកថាលិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំង សុំហត្ថលេខាពីសម្តេចព្រះនរោត្តម សីហមុនី ដើម្បីបិទក្រុង។
លើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ប្រាប់ពលរដ្ឋខ្មែរថាថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។
ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលលោកហ៊ុន សែន ប្រកាសជំហរថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។
លោកថាការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។
មេដឹកនាំកម្ពុជារូបនេះ បន្ថែមថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបត្រូវការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំ ប្រមូលផ្តុំ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។
សម្រាប់ការពាក់ម៉ាស់វិញ កាលពីម្សិលមិញនេះលោកហ៊ុន សែន បានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រថែមទៀតផង។
ដោយឡែក មន្ត្រីនគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ដែរ។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យពលរដ្ឋ ពាក់ម៉ាស់ទាំងអស់គ្នាដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ឱ្យបានឆាប់ ហើយនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃទី៣ ខែវិច្ឆិកា វិញ។
ព្រឹត្តិការណ៍៣វិច្ឆិកា ជាការជួបគ្នារវាងប្រមុខការបរទេសហុងគ្រី និងប្រតិភូរបស់ខ្លួនជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនជាច្រើនរយនាក់។ ប្រមុខការទូត និងពាណិជ្ជកម្មហុងគ្រី លោក ភីធើ ហ្សីចាតូ ត្រូវបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី ៣ខែវិច្ឆិកា ហើយក៏បានចាកចេញពីកម្ពុជានៅថ្ងៃទី៣វិច្ឆិកានោះដែរ។ លោកត្រូវបានគេរកឃើញថា មានជំងឺកូវីដ១៩ នៅថ្ងៃដដែល នោះ បន្ទាប់ពីលោកធ្វើដំណើរទៅដល់ប្រទេសថៃ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាស់តឿនបន្ថែមទៀតដល់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមឲ្យអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ជាងនេះទៀត ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័កផងដែរ៕