38 C
Phnom Penh

អ្នកតំណាងរាស្ត្រអតីតបក្សសង្រ្គោះជាតិមួយរូបសម្រេចចុះចូលជាមួយបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិមួយរូប គឺអ្នកស្រី លី ស្រីវីណា បានសម្រេចសរសេរលិខិតមួយភ្លាមៗផ្ញើជូនលោក ហ៊ុន សែន កាលពីថ្ងៃទី៩ខែវិច្ឆិកា ដើម្បីរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ។

ការសម្រេចចិត្តនេះ ក្រោយពេលអ្នកស្រី លី ស្រីវីណា បានផ្ញើលិខិតមួយផ្សេងទៀត ទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៩ខែវិច្ឆិកា ដើម្បីស្នើសុំសម្បទាផ្នែកនយោបាយឡើងវិញ បន្ទាប់ពីតុលាការកំពូលដាក់បម្រាមអ្នកស្រី ក្នុងចំណោមអតីតមន្ត្រីជាន់ខ្ពស់ចំនួន ១១៧នាក់ផ្សេងទៀត មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំកាលពីខែវិច្ឆិកាឆ្នាំ២០១៧។

នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ព្រះកុរណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរូបនេះឡើងវិញផងដែរ។ 

ការសម្រេចស្នើសុំសម្បទានផ្នែកនយោបាយឡើងវិញ និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង អ្នកស្រី លី ស្រីវីណា ពេលនេះ ក្រោយពេលមន្ទីរសម្រាកព្យាបាល លី ស្រីវីណា របស់អ្នកស្រីផ្ទាល់ ត្រូវបានក្រសួងសុខាភិបាលសម្រេចផ្អាកជាផ្លូវការកាលពីថ្ងៃទី ៦ខែវិច្ឆិកា បន្ទាប់ពីអ្នកជំងឺដែលជាមេធាវីម្នាក់បានស្លាប់ក្នុងពេលសម្រាកព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលជំងឺមួយនេះកាលពីដើមខែវិច្ឆិកា។

យ៉ាងណាក៏ដោយក្នុងលិខិតសរសេរដោយដៃ របស់អ្នកស្រី លីស្រីវីណា ដែលស្នើសុំលោកហ៊ុន សែន ដើម្បីចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សកាន់អំណាចដែលអ្នកស្រី ធ្លាប់រិះគន់នេះ ថាដោយសារតែបច្ចុប្បន្នអ្នកស្រី មិនមែនជាសមាជិកគណបក្សនយោបាយណាមួយឡើយ។

លើសពីនេះ អ្នកស្រីបានឃើញមនុស្សមួយចំនួនទាំងក្នុងនិងក្រៅប្រទេសកំពុងវាយប្រហារលោកហ៊ុន សែន ដោយអយុត្តិធម៌ ដែលធ្វើឱ្យអ្នកស្រីមិនពេញចិត្តសោះឡើយ។ បញ្ហានេះ ទើបអ្នកស្រី សម្រេចចូលរួមកសាងប្រទេស និងដើរជាមួយមាគ៌ាដ៏ភ្លឺស្វាងរបស់លោក ហ៊ុន សែន ជារៀងរហូតដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

ចំណារលើលិខិតស្នើសុំចុះចូលនោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន បញ្ជាក់ថា លោកយល់ព្រមហើយក្នុងការទទួលយកអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះមកធ្វើជាសមាជិកគណបក្សរបស់ខ្លួន។

ក្រោយជាប់បម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន១១៨រូប កាលពីឆ្នាំ២០១៧ រហូតមកទល់ពេលនេះ មានអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ព្រមទាំងត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញផងដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស