30 C
Phnom Penh

ពលរដ្ឋជិត៧០គ្រួសារ ចោទអាជ្ញាធរស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ថាបានឃុបឃិត ជាមួយក្រុមហ៊ុនបម្រុងឈូសផ្ទះរបស់ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងពលរដ្ឋចំនួន ៦៨គ្រួសារ រស់នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិអូរត្រជាក់ចិត្តឃុំសំរុង ខេត្តព្រះសីហនុបានចោទកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ថាបានឃុបឃិត ឬធ្វើសកម្មភាពបម្រើឲ្យក្រុមហ៊ុន ឋានសួគ៌ របស់ លោក  យឹម ឆៃលី  ដែលត្រូវជាដន្លង របស់ ហ៊ុន សែន  ថាបាននាំយកគ្រឿងចក្រប៉ុនប៉ងឈូសបំផ្លាញផ្ទះដើម្បីរំលោភយកដី របស់ពួកគាត់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ។

ក្រុមប្រជាពលរដ្ឋ បានចាត់ទុក សកម្មភាព របស់កម្លាំងសមត្ថកិច្ច ចម្រុះខាងលើ ថាជាទង្វើ ដើម្បីប្លន់យកដីធ្លី របស់ពួកគាត់ទាំងកម្រោល និងទាំងកណ្តាលថ្ងៃត្រង់តែម្តង។ តំណាងពលរដ្ឋ បញ្ជាក់ថា ទីតាំងបរិវេណដី ដែលក្រុមហ៊ុនឋានសួគ៌ និងកម្លាំងចម្រុះ នាំយកគ្រឿងចក្របម្រុងឈូសឆាយរំលោភយកនេះ ពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៩៣។

ក្រុមអ្នកភូមិ អះអាងថា មេខ្លោងដែលដឹកនាំយកគ្រឿងចក្រ ឲ្យមកឈូសឆាយផ្ទះ និងដីកសិកម្ម របស់ពួកគាត់ កាលពីថ្ងៃម្សិលមិញ មានដូចជា៖ លោក សំ សឿន, លោក ច័ន្ទ រចតា, លោក ព្រហ្ម មុន្នី ផ្នែករដ្ឋបាលស្រុកព្រៃនប់ និងលោក យឹម ប៉ាក ជាអ្នកយាមដីឲ្យ ក្រុមហ៊ុន ឋានសួគ៌ របស់ លោក យឹម ឆៃលី ព្រមទាំងមន្ត្រីរដ្ឋបាលស្រុកព្រៃនប់, ស្រុកស្ទឹងហាវ, មន្ត្រីរដ្ឋបានលព្រៃឈើ, កម្លាំងសន្តិសុខ និងមានមន្រ្តីយោធាជាច្រើនរូបទៀត។

តំណាងប្រជាពលរដ្ឋទាំង ៦៨គ្រួសារ រស់នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ការពារផ្ទះ និងដីធ្លី ដែលត្រូវអាជ្ញាធរស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ឃុបឃិតគ្នា ជាមួយក្រុមហ៊ុនឋានសួគ៌ របស់ លោក យឹម ឆៃលី ជូនពួកគាត់រស់នៅ ដោយសុខសុវត្ថិភាពផង ខណៈពួកគាត់ទាំង ៦៨គ្រួសារ កំពុងចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ប៉ុន្តែបែរជាមានជនឆ្លៀតឱកាស បញ្ជូនគ្រឿងចក្រមកប្លន់ដីធ្លីពួកគាត់ទៅវិញ។

ទោះជាបែបនេះក្តី The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង មន្ត្រីរដ្ឋបាលស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក៏ដូចជាតំណាងក្រុមហ៊ុន ឋានសួគ៌ ដើម្បីបំភ្លឺជុំវិញករណីខាងលើ បាននៅឡើយទេតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស