31 C
Phnom Penh

សមាជិកសភាក្រុមប្រជាធិបតេយ្យនៅហុងកុងសន្យាលះបង់សមាជិកភាពរបស់ខ្លួនប្រឆាំងនឹងការដកហូតសិទ្ធិរបស់មិត្តរួមការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកសភាហុងកុងទាំងអស់ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រកាសថា ពួកគេនឹងលាលែងចេញពីសមាជិកភាព ជាសមាជិកសភា ដែលនេះជាការវាយបកទៅលើរដ្ឋបាលក្រុងហុងកុង ដែលស្ថិតនៅក្រោមការចាត់ចែង និងត្រួតត្រាដោយបក្សកុម្មុយនិសក្រុងប៉េកាំង។

បណ្ដាញផ្សាយព័ត៌មាន CHANNEL NEWS ASIA បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកានេះ ការសម្ដែងសាមគ្គីភាព របស់សមាជិកសភានៃក្រុមប្រជាធិបតេយ្យ ក្រុងហុងកុង បន្ទាប់ពីសមាជិកសភា បួននាក់ដែលជាមិត្តរួមការងារ ត្រូវបានអាជ្ញាធរក្រុងហុងកុងក្រោមការត្រួតត្រាពីទីក្រុងប៉េកាំង បានដកសិទ្ធិជាសមាជិកសភា។

សមាជិកសភាហុងកុងដែលមានជំហរ គាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩រូប ថ្មីៗនេះក៏បានសន្យាលះបង់តួនាទីរបស់ខ្លួនម្តងរួចទៅហើយ ប្រសិនបើមានសមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យណាម្នាក់ ត្រូវបានគេដកសិទ្ធិ។ តែនៅទីបំផុតសមាជិកបួនរូបក្នុងចំណោម ១៩រូបត្រូវបានដកសិទ្ធិពីសមាជិកសភា។ ឥឡូវនេះ សមាជិកសភា មកពីក្រុមប្រជាធិបតេយ្យ នៅសល់១៥នាក់។

ក្នុងសនិ្នសីទសារព័ត៌មានមួយ លោក វូ ជីវ៉ៃ ជាសមាជិកសភាម្នាក់ក្នុងចំណោមសមាជិកសភានៃក្រុមប្រជាធិបតេយ្យនៅសល់ ១៥រូប បានប្រកាសថា សមាជិកសភា ត្រូវតែមានសាមគ្គីភាពប្រកៀកស្មាជាមួយ មិត្តរួមការងារ ហើយត្រូវតែលាលែងទាំងអស់គ្នាតែម្ដង។

កាលពីថ្ងៃពុធទី១១ ខែវិច្ឆិកា រដ្ឋបាលទីក្រុងហុងកុង បានដកសិទ្ធិសមាជិកសភា នៃបក្សប្រឆាំងចំនួន ៤រូបភ្លាមៗ បន្ទាប់ពីសមាជិកសភានៅក្រុងប៉េកាំងបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងមួយនេះបណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។

នេះគឺជាការផ្ដល់អំណាចទៅអោយអ្នកស្រី Carrie Lam ដែលជានាយិកាប្រតិបត្តិដែនដីរដ្ឋបាលក្រុងហុងកុង។ ស្ត្រីម្នាក់នេះ គឺជាកម្មាភិបាល ចាត់តាំងអោយមកកាន់កាប់តំណែងនេះ ពីរដ្ឋាភិបាលកុម្មុនិស្តក្រុងប៉េកាំង។

ស្ត្រីកម្មាភិបាលរូបនេះ បានរងការវាយបណ្ដេញពីតំណែងនេះ ដោយកម្លាំងមហាជនដែលបានធ្វើបាតុកម្ម ជាច្រើនខែទាញទម្លាក់ពីតំណែង ប៉ុន្តែមិនបានសម្រេច ។

ខណៈបាតុកម្មកំពុងប្រព្រឹត្តិទៅជាខ្លាំងស្រាប់តែទីក្រុងនេះផ្ទុះជំងឺកូវិដ១៩ ដែលឆ្លងរាតត្បាតពីខេត្តវូហាន់ប្រទេសចិនបានធ្វើអោយបាតុករ ត្រូវផ្អាក និងរំសាយការជួបជុំព្រោះតែខ្លាចការឆ្លងជម្ងឺដ៏សាហាវនេះ។

នៅទីបំផុតស្ត្រីខ្លាំងម្នាក់នេះដែលអាងអំណាច របស់ក្រុងប៉េកាំង មិនត្រឹមតែមានបំណងចង់លាលែងពីតំណែងនោះទេ គឺកាន់តែពង្រឹងអំណាចកាន់តែខ្លាំង គាបសង្កត់ ទៅលើក្រុមអ្នកប្រជាធិបតេយ្យ។

អំណាចរបស់អ្នកស្រីថ្មីមួយទៀតនោះ គឺបានពីសមាជិកសភាបក្សកុម្មុយនិស្ត ដែលបានអនុម័តច្បាប់សន្តិសុខពិសេស ក្នុងការគ្រប់គ្រងដែនដីហុងកុង។

ទោះបី ច្បាប់នេះមានចរិកផ្ទុយនឹងកិច្ចព្រមព្រៀង ឆ្នាំ១៩៩៧ ដែលបានអនុម័ត ដោយរដ្ឋបាលនៃអាណានិគមអង់គ្លេសនិងក្រុងប៉េកាំងក៏ដោយ ក៏ច្បាប់នេះត្រូវបានដាក់អោយចូលជាធរមាន រួចទៅហើយ។ 

ច្បាប់ពិសេសនេះ ផ្ដល់អំណាចអោយអាជ្ញាធរ របស់អ្នកស្រី Carrie Lam អាចចាប់ចង ដាក់ខ្នោះ ជនណាដែលសង្ស័យថាពាក់ព័ន្ធនឹងការបង្កអោយក្រុងហុងកុងធ្លាក់ក្នុងអំពើចលាចលអសន្តិសុខ។ អ្នកស្រី Carrie Lam អាចប្រើច្បាប់នេះ ដោយពុំចាំបាច់សុំការអនុញ្ញតិពីក្រុងប៉េកាំង។

ក្នុងការបណ្ដេញសមាជិកសភាមកពីអ្នកប្រជាធិបតេយ្យ ៤រូប ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា អ្នកស្រី បានការពារចំណាត់ការរបស់ខ្លួន។

អ្នកស្រីថានេះជាការអនុវត្តច្បាប់ ហើយនេះ ជាអំណាចរបស់ច្បាប់ផ្ដល់សិទ្ធអោយអ្នកស្រីដូចនេះ ព្រោះសមាជិកសភាទាំង៤រូបនេះ មានគំនិតប្រឆាំងនឹងរដ្ឋអំណាច។ មុនការចាត់ការដកសិទិ្ធពីសមាជិកសភាក្រុមអ្នកប្រជាធិបតេយ្យ ទាំង៤រូបនោះ គេសង្កេតឃើញកិច្ចប្រជុំសភាមានភាពតានតឹង ហើយសមាជិកសភា ដ៏សកម្មទាំងនេះ បានឡើងតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខរបស់ទីក្រុងប៉េកាំង ដោយចោទថា វាផ្ទុយនឹងកិច្ចព្រមព្រៀង ឆ្នាំ១៩៩៧ ដែលហាមក្រុងប៉េកាំង ប្រើអំណាចណាមួយដែលមិនសមស្របនឹងគោលការណ៍ប្រជាធិបតេយ្យរបស់ដែនដី។

អ្នកស្រីCarrie Lam បានចោទបក្សប្រឆាំងនឹងសមាជិកសភាបួនរូបនោះថា ជាក្រុមមួយទទួលឥទ្ធិពលពីខាងក្រៅមានផែនការបំផ្លាញសង្គមហុងកុង។ អ្វីដែលអ្នកស្រីឡាំបានលើកឡើងគឺដូចនឹងសេចក្ដីថ្លែងការណ៍របស់ ការិយាល័យប្រតិបត្តិក្រុងដែលបានលើកឡើងថា សមាជិកសភាទាំងនោះ ចង់រុញអោយមានចលាចល ហើយទាញអោយក្រុងហុងកុងឲ្យក្រឡាប់ជាថ្មីទៀត។

រដ្ឋបាលក្រុងហុងកុង ជារដ្ឋបាលស្វ័យត ។ ដែនដីនេះ ត្រូវបានអាណានិគមអង់គ្លេស ប្រគល់អោយ រដ្ឋាភិបាលបក្សកុម្មុយនិស្តចិនគឺនៅក្រោមកិច្ចព្រមព្រៀងពិសេស ដោយផ្ដល់សិទ្ធិអោយប្រជាជន មានសេរីភាពខាងនយោបាយ និងប្រជាធិបតេយ្យ គឺរហូតឆ្នាំ២០៤៧ ទើបកិច្ចព្រមព្រៀងនេះ អស់សុពលភាព។

ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ ចិន ប៉េកាំង តាមរយៈសភារបស់បក្សបានអនុម័ត ច្បាប់សន្តិសុខ និងរដ្ឋបាលថ្មី ដែលក្រុមសមាជិកសភា ប្រជាធិបតេយ្យរបស់ដែលដីនេះ ចាត់ទុកថា ជាការបំពានធ្ងន់ធ្ងរ ចំពោះកិច្ចព្រមព្រៀងនេះហើយដោយរុញអោយទុកច្បាប់នេះជាមោឃៈ។

ជាការកត់សំគាល់ ចាប់តាំងពីច្បាប់ពិសេសនេះ ដាក់អោយអនុវត្ត គឺពួកលោកខាងលិច រិះគន់ ជាខ្លាំង ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប៉េកាំងទៀតផង។ មិនតែប៉ុណ្ណោះ អ្នកមានប្រាក់ស្ដុកស្ដម្ភ និងអ្នកប្រជាធិបតេយ្យ មួយចំនួនបានទៅសុំសិទ្ធិជ្រកកោននៅ អឺរ៉ុប នៅ អង់គ្លេស អូស្រ្តាលីជាដើម ក្រោមការអនុគ្រោះបំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស