27 C
Phnom Penh

កម្ពុជាផ្តល់ជំនួយជាម៉ាសជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខ ដល់មិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានផ្តល់អំណោយជាម៉ាសចំនួន២លាន ១សែនម៉ាស និងគ្រឿងបរិក្ខារពេទ្យសរុបចំនួន១២មុខដល់នាយករដ្ឋមន្រ្តីឡាវ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ បញ្ជាក់ថាអំណោយទាំងនេះ ត្រូវបានដឹកនាំយកទៅជូនមេដឹកនាំឡាវ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ។

លោកបញ្ជាក់ថា អំណោយ របស់រាជរដ្ឋាភិបាលរួមមាន ម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូននាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក  ថនលូន ស៊ីសូលីត រួចហើយនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ហ៊ុន សែន អះអាងថា ការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ពលរដ្ឋកម្ពុជាជាមួយពលរដ្ឋឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងប្រឈមនឹងមេរោគកាចសាហាវដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ។

ចំណែក លោកទៀ បាញ់ អះអាងថា ពលរដ្ឋនៃប្រទេសទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។

បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិទាំងពីរ។

ជាការឆ្លើយតប តាមរយៈលិខិតថ្លែងអំណរគុណផ្ញើមកនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះ នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត បានថ្លែងការដឹងគុណចំពោះទឹកចិត្តរបស់រដ្ឋាភិបាលនិងពលរដ្ឋកម្ពុជា ។

មេដឹកនាំឡាវបានចាត់ទុកអំណោយកម្ពុជាផ្ដល់ឱ្យពេលនេះ ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងជាដៃគូយុទ្ធសាស្ត្រយូរអង្វែងនៅក្នុងទំនាក់ទំនងទ្វេភាគី។

លើសពីនេះ ឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងជាប្រពៃណីពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីឡាវ អះអាងថា រដ្ឋាភិបាលលោកនឹងប្រើប្រាស់អំណោយរបស់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស