អ្នកជំនាញអង្គការសហប្រជាជាតិជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការចាប់ឃុំខ្លួនជាលក្ខណៈប្រព័ន្ធទៅលើសង្គមស៊ីវិល

ក្រុមអ្នកជំនាញរបស់អង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងក្តីបារម្ភជាថ្មីទៀតជុំវិញការធ្វើទុក្ខបុកម្នេញទៅលើក្រុមសង្គម    ស៊ីវិល និងការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលមានលក្ខណៈជាប្រព័ន្ធ។

សេចក្តីថ្លែការណ៍ពីទីក្រុងហ្សឺណែវរបស់ ក្រុមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបង្ហាញក្តីកង្វល់ចំពោះការបង្ក្រាបទៅលើសំឡេងសង្គមស៊ីវិល និងការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនដែលមានលក្ខណៈជាប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី Mary Lawlor បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា អ្នកស្រី មានក្តីកង្វល់ជាខ្លាំងក្រោយទទួលបានរបាយការណ៍ដែលគួរជាទីទុកចិត្ត ឱ្យដឹងថាអ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ចំនួន២១នាក់ បានទទួលរងការគំរាមកំហែង ការចាប់ខ្លួននិងការឃុំខ្លួនដោយបំពានក្នុងរយៈពេល៣ខែកន្លងមកនេះ។

លើសពីនេះ អ្នកស្រី ពិនិត្យឃើញវីដេអូដែលបង្ហោះជាសាធារណៈ អំពីការប្រើប្រាស់កងកម្លាំងសន្តិសុខហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី ដោយកម្លាំងអាជ្ញាធរហាមឃាត់មិនឱ្យពួកគេអាចប្រើប្រាស់នូវសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធីបាន។

អ្នកជំនាញសិទ្ធិមនុស្សដដែលអះអាងថា ការលើកស្ទួយ និងការការពារសិទ្ធិមនុស្សតាមរយៈមធ្យោបាយដោយសន្តិវិធី មិនមែនជាបទល្មើសនោះឡើយ។ 

អ្នកស្រី Mary Lawlor បានយោងទៅលើករណីមួយចំនួន ដែលមានសេចក្តីរាយការណ៍ថា មានការចាប់ឃុំខ្លួនដើម្បីដាក់ទោសទណ្ឌដល់អ្នកការពារសិទ្ធិមនុស្សចំពោះការបំពេញការងាររបស់ពួកគេ។

សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនេះ ក៏បានចាត់ទុកលោក រ៉ុង ឈុន ថាជាអ្នកការពារសិទ្ធិមនុស្សម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានថ្លែងជុំវិញបញ្ហាដីធ្លីរបស់កសិករនៅខេត្តត្បូងឃ្មុំ ពាក់ព័ន្ធការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម។

ក្រោយករណីចាប់ខ្លួនលោក រ៉ុង ឈុន និងអ្នកការពារសិទ្ធិមនុស្សជាច្រើនាក់ទៀត ដែលបានធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួន និងទាំងទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះ ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។

សេចក្តីថ្លែងការណ៍បន្តថា មានមនុស្សចំនួន១២នាក់ កំពុងស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន ហើយត្រូវបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ពួកគេ។ លើសពីនេះ មនុស្សទាំង១២នាក់នោះ កំពុងប្រឈមនឹងការចោទប្រកាន់នានា ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ប្រសិនបើរកឃើញថាពួកគេប្រព្រឹត្តដូចការចោទប្រកាន់។

អ្នកស្រី Mary Lawlor មានប្រសាសន៍ថាអ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានដាក់ទោសព្រហ្មទណ្ឌ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយសេចក្តីក្លាហានរបស់ពួកគេ ដើម្បីការពារសិទ្ធិអ្នកដទៃទៀតនោះឡើយ។

អ្នកស្រី កាន់តែមានក្តីកង្វល់ខ្លាំងឡើងៗ ចំពោះបញ្ហាដែលកើតឡើង  ដដែលៗចំពោះការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលបានតស៊ូមតិប្រឆាំងនិងការឃុំខ្លួន ឬការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្សដូចគ្នា។

បន្ថែមពីនេះ អ្នកស្រីក៏បានបង្ហាញក្តីកង្វល់ចំពោះការឃុំខ្លួនអ្នកការពារបរិស្ថាន ការប្រើប្រាស់អំពើហិង្សាលើក្រុមគ្រួសាររបស់អ្នកជាប់ឃុំ  និងករណីព្រះសង្ឃមួយអង្គ ដែលត្រូវបានចាប់ផ្សឹកដោយសារសកម្មភាពសិទ្ធិមនុស្សរបស់ព្រះអង្គ។ អ្នកការពារសិទ្ធិមនុស្សពីរនាក់ផ្សេងទៀត ដែលឃ្លាំមើលបាតុកម្មមួយត្រូវបានគំរាមដោយសារតែបានថតរូបភាពនៃការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី។

ដោយឡែកមេដឹកនាំសហជីពមួយរូបរងការគំរាមកំហែងជុំវិញផែនការធ្វើកូដកម្មរបស់ពួកគេ ហើយក្រុមសង្គមស៊ីវិលមួយចំនួននិយាយថា ពួកគេត្រូវបានយាយីរំខាននៅការិយាល័យរបស់ពួកគេ ដោយមន្ត្រីមួយចំនួនបានមកសួរនាំការងាររបស់ខ្លួន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី១៦ខែវិច្ឆិកានេះថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា មិនមានមូលដ្ឋានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាននិងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ។

លោកបញ្ជាក់ថា ការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើនិងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ។

លោកអះអាងថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ជាងនេះទៅទៀត ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ដដែលបន្តថា រដ្ឋាភិបាល លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គមផងដែរ។ 

យ៉ាងនេះក្តី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញបីក្តីបារម្ភរបស់ខ្លួនចំពោះផលប៉ះពាល់ទៅលើសង្គមស៊ីវិល ដែលនៅតែកើតមានឡើងបន្តទៀត។

អ្នកស្រី ជំរុញឱ្យអាជ្ញាធរបញ្ឈប់វិធីសាស្ត្រដ៏គ្រោះថ្នាក់នេះ ចំពោះអ្នកការពារសិទ្ធិមនុស្ស និងជួយសម្រួលដល់សេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំដើម្បីជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូបក្នុងសង្គមកម្ពុជា៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.