សហរដ្ឋអាមេរិក នៅតែបន្តលើកឡើងអំពីបញ្ហាមូលដ្ឋានយោធាចិននៅតំបន់សមុទ្ររាម ក្នុងខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមិនមែនជាការចោទសួរ ជាលក្ខណៈទ្វេរភាគីដូចគ្រាមុននោះឡើយ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក រ៉ូបឺត អូប្រាយអិន នៅតែសម្តែងក្តីព្រួយបារម្ភ ជុំវិញព័ត៌មានដែលថាកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ ដោយទំនងសំដៅទៅភាគីចិន នៅឯមូលដ្ឋានកងទ័ពជើងទឹករាម។
លោកបន្ថែមថា វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់។
ភ្លាមៗនៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានធ្វើការឆ្លើយតបជាថ្មី ដោយលើកឡើងថា កម្ពុជាហាមដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន។
ជាការឆ្លើយតបក្នុងកិច្ចប្រជុំកំពូលនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បានច្រានចោល ដោយថាកម្ពុជាបានហាមឃាត់ដាច់ខាតនូវការផ្តល់ទីតាំងឱ្យទៅបរទេស។
យ៉ាងណាការព្រួយបារម្ភពីបញ្ហាមូលដ្ឋានយោធាចិន នៅសមុទ្រកម្ពុជានេះ ធ្វើឡើងក្រោយពេលមានសេចក្តីរាយការណ៍អំពីការបំផ្លាញចោលនូវអគារ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុចំនួន២ ជាបន្តបន្ទាប់។
កាលពីខែកញ្ញា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា Patrick Murphy បានចោទសួររដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរ លោក ទៀ បាញ់ អំពីបញ្ហានេះ ប៉ុន្តែលោកទៀ បាញ់ បានបដិសេធម្តងរួចមកហើយ ដោយថារដ្ឋធម្មនុញ្ញកម្ពុជាមិនតម្រូវឱ្យមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាឡើយ។
ដោយឡែកកាលពីខែតុលា លោក ហ៊ុន សែន អះអាងថា លោក ធុញទ្រាន់នឹងការលើកយកបញ្ហានេះ មកចោទសួរ និងផ្សព្វផ្សាយដដែលៗ ដែលលោកហៅថាជាផែនការដើម្បីជាលេសធ្វើរដ្ឋប្រហារលោកចេញពីតំណែង ដូចគ្នានឹងការយកបញ្ហាយៀកកុងលើដីខ្មែរ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៧០ យ៉ាងនោះឯង។
លោកបញ្ជាក់ថា កំពុងផែយោធារាម នឹងផ្តល់សម្រាប់ការប្រើប្រាស់ដល់យោធាបរទេស មិនមែនសម្រាប់តែចិននោះទេ ប៉ុន្តែសំខាន់ឱ្យតែមានការអនុញ្ញាតពីកម្ពុជាជាមុន។ បុរសខ្លាំងរូបនេះ ក៏ធ្លាប់បានអះអាងថា ការវាយកម្ទេចអគារដែលជាជំនួយរបស់អាមេរិកចោល ព្រោះអគារនោះកសាងឡើងមិនត្រូវស្តង់ដារ ឬ មិនចំគោលដៅ។
កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែត TheWall Street Journal របស់អាមេរិក បានចុះផ្សាយថា កម្ពុជាបានចុះហត្ថលេខាជាសម្ងាត់ជាមួយភាគីចិន អំឡុងត្រីមាសទី២ ឆ្នាំ២០១៩ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិនផ្តាច់មុខក្នុងការប្រើប្រាស់មូលដ្ឋានជើងទឹកមួយកន្លែងក្នុងឈូងសមុទ្ររាមកម្ពុជា រយៈពេល ៣០ឆ្នាំ។
កាសែតនេះ បានដកស្រង់ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប ដែលអះអាងថាបានឃើញនូវកិច្ចព្រមព្រៀងសម្ងាត់នេះ ហើយកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងរៀងរាល់១០ឆ្នាំម្តង ប៉ុន្តែ ព័ត៌មាននេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធរហូតមកទល់ពេលនេះ៕