26 C
Phnom Penh

ប្រធានាធិបតីត្រាំនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសចិន ខណៈចិនសាទរលោកបៃដិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដាក់ចេញនូវគោលនយោបាយដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសចិន មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន អាចនឹងចូលកាន់តំណែងជំនួសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតី ឈ្នះឆ្នោត ដែលជាប្រធានាធិបតីអាមេរិកទី៤៦។

តាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះ រដ្ឋការរបស់លោក ដូណាល់ ត្រាំ នឹងពង្រីកការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិន លើស្ថាប័នរបស់រដ្ឋាភិបាល និងមន្ត្រីចិនមួយចំនួនទៀត។

ការដាក់ទណ្ឌកម្មនេះនៅ ក្រោមការចោទប្រកាន់ថា បានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងនិង ទីក្រុងហុងកុង។

ការពង្រីកទណ្ឌកម្មដោយរដ្ឋការរបស់លោកត្រាំគឺជាការបន្ថែមលើ ក្រុមហ៊ុនចិន ដែលក្រសួងការពារជាតិអាមេរិករកឃើញថា បានជាប់ពាក់ព័ន្ធទៅនឹងយោធាចិន ក្នុងការរំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង និងទីក្រុងហុងកុង ។

មុនការបោះឆ្នោតចូលមកដល់ លោកត្រាំ បានចេញបទបញ្ជាមួយក្នុងតួនានាទី ជាប្រធានាធិបតី ក្នុងការហាមឃាត់ការទិញ ឬលក់មូលប័ត្រដែលជាប់ទាក់ទងទៅនឹងយោធាចិនហើយ បទបញ្ចានេះ  នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលប្រធានាធិបតីថ្មីលោកចូលបៃដិននឹងចូលកាន់តំណែង។

បើតាម សារព័ត៌មានរបស់ចិន The Global Times ពាក់ព័ន្ធនឹងបញ្ហាការត្រៀមដាក់ទណ្ឌកម្មបន្ថែមទៀត របស់រដ្ឋការលោកដូណាល់ត្រាំ ក្រសួងពាណិជ្ជកម្មចិន បានប្រតិកម្មជាបន្ទាន់។ ក្រសួងពាណិជ្ជកម្មចិនបានទាមទារអោយ សហរដ្ឋអាមេរិកបញ្ឈប់ការគាប់សង្កត់ ដែលថា គឺជាវិធានការមិនសមហេតុផល ។

រដ្ឋការរបស់លោកដូណាល់ត្រាំ កាលពីថ្មីៗនេះបានដាក់បញ្ចូលឈ្មោះក្រុមហ៊ុនចិនចំនួន ២៤ ក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានជួយរដ្ឋាភិបាលចិន សាងសង់កោះសិប្បនិមិត្ត នៅតំបន់សមុទ្រចិនខាងត្បូង។ នំនងដូចនេះហើយបាន ជាប្រទេសចិន បើទោះជាចុងក្រោយគេបន្តិចក្ដី តែដូចជាប្រញាប់រូតរះសាទរមេដឹកនាំអាមេរិកថ្មីលោកចូលបៃដិន។

ខណៈគេសង្កេតឃើញមេដឹកនាំពិភពលោកជាច្រើនបានចេញសារអបអរសាទរលោកចូបៃដិន បេក្ខជនឈ្នះឆ្នោតតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតដ៏ចម្រូងចម្រាស់ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣វិច្ឆិកា។ ប៉ុន្តែសម្រាប់ចិន នៅស្ងប់ស្ងាត់យូរជាងគេ ដោយគ្រាន់តែពោលពាក្យថា រង់ចាំដំណោះស្រាយវិវាទការបោះឆ្នោតរួចរាល់សិន។ ដោយមិនអាចទប់អារម្មណ៍បានយូរ  រដ្ឋាភិបាលចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin បានសារទរ ជ័យជម្នះរបស់ចូលបៃដិន។

អ្នកនាំពា្យរូបនេះ អះអាងថា ចិនបានគោរពឆន្ទះរបស់ពលរដ្ឋអាមេរិក ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះថា ចិន បានយល់ណាស់ទៅហើយ អំពីលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ព្រោះជាការអនុលោមតាមច្បាប់អាមេរិក។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន Le Yucheng បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ចិនស្ឃឹមថា ភាពតានតឹង ពិតជាត្រូវកាត់បន្ថយ ហើយជម្លោះផ្សេងៗទៀតដែលកំពុងកើតមាន ក៏នឹងចុះកំដៅផងដែរក្រោមរដ្ឋការរបស់លោកបាយដិន។ មិនតែប៉ុណ្ណោះ អាមេរិក និងចិននឹងជាដៃគូនៃការធ្វើអោយពិភពលោកមានស្ថិរភាពនិងការរីកចម្រើន។

ចំពោះអ្នកអង្កេតការណ៍អំពីប្រទេសចិនគឺភាគច្រើនមិនមានសុទិដ្ឋិនិយមថា មេដឹកនាំថ្មី របស់អាមេរិកនឹងឱនទន់ភ្លន់ដាក់ចិន នោះទេ គឺមេដឹកនាំ ឬបក្សកាន់អំណាចរបស់អាមេរិក នៅតែបង្កើតគោលនយោបាយរបស់ខ្លួនតានតឹងមកលើចិនដដែល។ អ្នកសង្កេតការណ៍មើលឃើញថា បញ្ហាសិទ្ធិមនុស្ស និងការពង្រីកការវាតទីនិយម គឺមេដឹកនាំអាមេរិកទោះជាថ្មី ឬចាស់ គឺនៅតែសើរើ ហើយរក្សាគំនាប លើចិនដដែរ។

តែសារព័ត៌មានចិន The Global Times មើលឃើញថា រយៈពេល ជិត៤ឆ្នាំមកនេះ គោលនយោបាយរបស់ រដ្ឋការលោកដូណាល់ត្រាំ បានដាក់សម្ពាធមកលើចិន ធ្ងន់ធ្ងរ និងមិនយុត្តិធម៌ ហើយថា កាន់តែអាក្រក់ទៀត នោះគឺអាមេរិក បានបង្កអន្តិសុខក្នុងតំបន់ដែលបង្ខំអោយមានការប្រឈមមុខដាក់គ្នា ដោយកម្លាំងកងទ័ព។

ជាការគត់សំគាល់គឺ នៅពេលលោកដូណាល់ត្រាំឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកទី៤៥ កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៦ គឺមួយថ្ងៃប៉ុណ្ណោះ លោកប្រធានាធិបតីចិនស៊ីជីនពីងបានផ្ញើសារអបអរសាទរលោកត្រាំ ដោយសង្ឃឹមថាលោកត្រាំនឹងអាចជាដៃគូសហប្រតិបត្តិការទន់ភ្លន់ជាមួយនឹងចិន ហើយសង្ឃឹមថាទំនាក់ទំនងអាមេរិក និងចិន មិនរិចរិលនោះឡើយ។ ប៉ុន្តែនៅពេលលោកដូណាល់ ចូលកាន់តំណែងមិនដល់មួយឆ្នាំពេញផង លោកត្រាំក៏បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយចិនតែម្ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស