ជម្លោះដីធ្លី

ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន

By ឌឹ ខេមបូឌា ដេលី

November 18, 2020

ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ាហេង ហ៊ុយ រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងខេត្តកោះកុង  ខណៈពលរដ្ឋចំនួន៥នាក់ទៀត ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។

គណនីហ្វេសប៊ុកលោក ញិល ភាព បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ពលរដ្ឋមានវិវាទដីធ្លី ជាមួយឩកញ្ញ៉ាហេង ហ៊ុយស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន៥នាក់ ត្រូវបានសាលាដំបូងខេត្តកោះកុង បានចេញដីកាបង្គាប់អោយចូលខ្លួនស្រាយបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទបរិហាកេរ្ត៍  និងញ៉ុះញ៉ង់បង្កអោយមានភាពវឹកវរដល់សន្តិសុខជាតិ។

លោកបន្តថា នៅក្នុងរសៀលនេះដែរ ពលរដ្ឋមកពីសហគមន៍និងក្រុមចំនួន៦ ស្ថិតក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង បានមកជួបជុំគ្នាតវ៉ាទាមទាអោយតុលាការខេត្តកោះកុងទម្លាក់ចោលការចោទប្រកាន់មកលើតំណាងរបស់ខ្លួនទាំង៥នាក់។

លើសពីនេះ ពលរដ្ឋនឹងប្រមូលផ្តុំគ្នាដោយសម្រាកនៅមុខសាលាដំបូងខេត្តនេះមួយយប់ទៀត ដើម្បីគាំទ្រតំណាងសហគមន៍ក្រុម១៧៥ ចំនួន៣នាក់ទៀត ដែលត្រូវសាលាដំបូងខេត្តកោះកុងបង្គាប់អោយចូលខ្លួនស្រាយបំភ្លឺក្រោមបទចោទដូចគ្នានេះ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ពលរដ្ឋប្រមាណ៣០០នាក់ បាន ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាឈរលើកបដាមុខសាលាដំបូងខេត្តនេះ នៅពេលតំណាងពួកគេ៥នាក់ចូលទៅបំភ្លឺនៅតុលាការ។

ពលរដ្ឋ៥នាក់ ដែលចូលបំភ្លឺពេលនោះ ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចោទប្រកាន់នេះ ធ្វើឡើងទៅតាមបណ្តឹងរបស់ក្រុមហ៊ុនលោក ហេង ហ៊ុយ ។

វីដេអូដែលបង្ហាញពីការតវ៉ារបស់ពលរដ្ឋនៅមុខតុលាការនៅថ្ងៃអង្គារ៍នេះ ពលរដ្ឋជាច្រើនបានស្រែកទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងនិងពលរដ្ឋ ដែលតុលាការចោទប្រកាន់។

លើសពីនេះ ពួកគាត់អះអាងថា ខាងក្រុមហ៊ុន លោក ហេង ហ៊ុយ បានរំលោភដីធ្លី ដោយឈូសឆាយដំណាំ និងផ្ទះសម្បែងរបស់ពួគាត់ ដែលធ្វើឱ្យជីវភាពរបស់ពលរដ្ឋទាំងនោះជួបការលំបាកទ្វេរដង។

សម្រែកតាមគ្រឿងបំពងសំឡេងបន្តថា ដោយសារវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ បានធ្វើឱ្យគ្រួសារជាច្រើនកាន់តែក្រីក្រ ហើយមានគ្រួសារខ្លះធ្លាក់ខ្លួនឈឺ ហើយសមាជិកគ្រួសារមានជម្លោះដីធ្លីខ្លះទៀតធ្លាក់ខ្លួនរហូតដល់វិកលចរឹកក៏មាន។

ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក ពលរដ្ឋជិត២០០គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល បានឡើងមកតវ៉ានៅភ្នំពេញជាច្រើនលើកច្រើនសារ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី និងស្ថាប័នកំពូលៗរបស់ជាតិផ្សេងទៀត ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយចោទក្រុមហ៊ុន ហេង ហ៊ុយ ថាបានរំលោភយកតាំងពីឆ្នាំ២០០៧មកម្លេះ។

យ៉ាងណា កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដីបានអះអាងថាវិវាទដីធ្លីរបស់ពួកគាត់ មិនអាចដោះស្រាយជូនឡើយ ព្រោះពលរដ្ឋមានជម្លោះទាំងនោះមិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់៕