38 C
Phnom Penh

ជប៉ុននិងអូស្ត្រាលីចុះកិច្ចព្រមព្រៀងជួយគ្នាក្នុងវិស័យការពារជាតិប្រឆាំងនឹងចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានសច្ចាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីប្រមុខការទូតនៃប្រទេសទាំងបួននេះ ជួបគ្នា កាលពីថ្មីៗនេះ គេសង្កេតឃើញ ប្រទេសជប៉ុន បានចេញមុខភ្លាមចូលខ្លួនពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងកាន់តែស៊ីជម្រៅ ។

គោលបំណងរបស់រដ្ឋាភិបាល ក្រុងតូក្យូ គឺសំដៅជួយប្រទេស ក្នុងសមាគមអាស៊ាន កុំអោយស្ថិតក្រោមឥទ្ធិពលចិនខ្លាំងពេក ទាំងសេដ្ឋកិច្ច នយោបាយ ជាពិសេស បញ្ហាសន្តិសុខតំបន់។ ជាថ្មីម្ដងទៀត ប្រទេសជប៉ុន និងអូស្ត្រាលី កំពុងឈានទៅដល់ការចុះកិច្ចព្រមព្រៀងពិសេស ដាច់ដោយឡែក ពីក្រុមបួនប្រទេសនៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក។

តាមសារព័ត៌មានឥណ្ឌា ANI បានចុះផ្សាយនៅថ្ងៃអង្គារទី១៧ វិច្ឆិកានេះ ឲ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទៅដល់ទីក្រុងតូក្យូហើយ នៅថ្ងៃនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក  Scott Morrison និងសមភាគីជប៉ុន Yoshihide Suga បានចុះកិច្ចព្រមព្រៀងរួមគ្នា អំពីការជួយគ្នាទៅវិញទៅមក នៅពេលប្រទេសណាមួយធ្លាក់ក្នុងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសណាមួយ។ តាមកិច្ចព្រមព្រៀងនេះ ប្រទេសទាំង២ត្រូវធ្វើអន្តរាគមន៍ ដោយបញ្ចូនកងទ័ព ទៅចូលរួមជាមួយគ្នា ដែលគេហៅថា ប្រតិបត្តិការអន្តរាគមន៍ ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេសជប៉ុន បានប្រកាសថា ក្នុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងមានកិច្ចព្រមព្រៀងជាច្រើនទៀតបានធ្វើឡើង រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យពាណិជ្ជកម្ម និងកិច្ចការការពារសន្តិសុខតំបន់។ ប៉ុន្តែកិច្ចព្រមព្រៀងដែលឈានដល់ការជួយគ្នាក្នុងវិស័យការពារជាតិ គឺជាកិច្ចការដ៏សំខាន់ ព្រោះមុនឈានមកដល់កិច្ចព្រមព្រៀងនៅពេលនេះ គឺមានការចរចា និងរង់ចាំសភាអោយសច្ចាប័នរយៈពេល៦ឆ្នាំមកហើយ។

ក្រុមអ្នកជំនាញផ្នែកយោធា ជឿថា ជប៉ុន និងអូស្រ្តាលី ដែលឈានដល់កិច្ចព្រមព្រៀងនេះ គឺប្រទេសទាំងពីរកំពុងស្វែងរកការទុកចិត្តគ្នាហើយសាមគ្គីគ្នាអោយកាន់តែស្និទ្ធស្នាលថែមទៀត សំដៅធ្វើអោយមានតុល្យភាពយោធាជាមួយនឹងប្រទេសចិនដែលគេមើលឃើញថា ប្រទេសមហាយក្សអាស៊ីមួយនេះកំពុងវាទទីកាន់កាប់ សមុទ្រចិនខាងត្បូងនិង សមុទ្រចិនខាងកើត។

លោក Grant Newsham អ្នកស្រាវជ្រាវនៃវេទិកា ជប៉ុនដើម្បីសិក្សាយុទ្ធសាស្ត្រ បាននិយាយថា ទាំងជប៉ុន និងអូស្ត្រាលី បានកំពុងក្លាយជាប្រទេសគំរូដល់ប្រទេសដទៃទៀតដែលកំពុងរងការបំពានពីប្រទេសធំណាមួយក្នុងតំបន់ ហើយនេះជាផ្នែកមួយដែលអាចប្រាប់ទៅ សហរដ្ឋអាមេរិកថា ប្រទេសក្នុងតំបន់ក៏មានស្មារតីទប់ទប់ស្ថានភាពវាតទីនិយមផងដែរ។

មុនការមកដល់របស់ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោករដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានទទូចសុំអោយរដ្ឋការថ្មីរបស់  អាមេរិក ផ្ដោតលើគោលនយោបាយការបរទេស ជាពិសេស វិស័យសន្តិសុខតំបន់អាស៊ី។

លោកបានប្រាប់លោកបៃដិន ថាជប៉ុនត្រូវតែបន្តសហការជាមួយប្រទេសសម្ព័ន្ធភាពចតុភាគី មានជប៉ុន អាមេរិក អូស្ត្រាលី និង ឥណ្ឌា ក្នុងការធ្វើអោយមានតុល្យភាពយោធាជាមួយនឹងចិន។ លោកបានព្រមានចិនថា ជប៉ុនត្រូវការការពារដែនអធិបតេយ្យរបស់ខ្លួនទោះក្នុង  តំលៃណាក៏ដោយហើយជប៉ុនប្រឆាំងដាច់ខាតការវាតទីកាន់កាប់សមុទ្រចិនខាងត្បូង ដែលជាផ្លូវនាចរអន្តរជាតិ។

ខណៈនេះ មានសេចក្ដីរាយការណ៍មកថា កងនាវាចម្បាំងរបស់ចិន កំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ហើយសមយុទ្ធនេះ ចាប់ពីថ្ងៃទី១៧វិច្ឆិកានេះរហូតដល់ថ្ងៃទី៣០វិច្ឆិកា។

ប៉ុន្តែឥឡូវនេះ នាវាចម្បាំងរបស់ជប៉ុនចំនួន៣គ្រឿងដែលបានមកដល់សមុទ្រចិនខាងត្បូង កាលថ្ងៃទី១៨ ខែតុលា ត្រូវរាយការណ៍មកថាបានកំពុងចូលចត នៅមូលដ្ឋានកងទ័ពជើងទឹកនៃប្រទេសវៀតណាម គឺមូលដ្ឋានកាំរាញ។

នាវារបស់ជប៉ុន ទាំង៣គ្រឿងនេះ មាននាវាមុជទឹកមួយគ្រឿង បានធ្វើដំណើរ ឆ្លងកាត់ជារៀងរាល់ថ្ងៃនៅ ប្រជុំកោះប៉ារ៉ាហ្សែល នៃសមុទ្រចិនខាងត្បូង ដែលជាតំបន់ដែនទឹករបស់វៀតណាម ហើយទីក្រុងប៉េកាំងកំពុងវាតទីកាន់កាប់យកបន្ថែមទៀត ពីវៀតណាម។

វត្តមានរបស់នាវាចម្បាំងរបស់ជប៉ុននៅសមុទ្រចិនខាងត្បូង គឺក្រុមនាវានេះ បានធ្វើសមយុទ្ធបានម្ដងហើយ ជាមួយនាវា ចម្បាំងរបស់អាមេរិក ដែលបណ្ដែតខ្លួនហើយស្រេចនៅលើ លំហសមុទ្រចិនខាងត្បូង។

រដ្ឋាភិបាលក្រុងតូក្យូ បានប្រកាសជួយសមាគមអាស៊ាន ជាពិសេស ប្រទេសណាមួយ ដែលត្រូវពឹងជំនួយពីជប៉ុន ក្នុងការធ្វើអោយមានតុល្យភាពយោធាជាមួយនឹងប្រទេសចិន។ ជាក់ស្ដែង ប្រទេសវៀតណាម បានចុះកិច្ចព្រមព្រៀង រួចហើយជាមួយជប៉ុន ក្នុងវិស័យការពារជាតិ ដោយសុំអោយជប៉ុនជួយផ្ដល់ឬលក់អាវុធមកអោយវៀតណាម។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅពេលលោកនាយករដ្ឋមន្ត្រីជប៉ុនYoshihide Suga មកធ្វើទស្សនកិច្ចនៅវៀតណាមកាលពីកាលពីទី២០តុលា។

តែសូមជម្រាប់ថា ប្រទេស ជប៉ុនខ្លួនគេផ្ទាល់ក៏កំពុងតស៊ូប្រឆាំងនឹងការវាតទីកាន់ ពីសំណាក់កងនាវាចម្បាំងនៃប្រទេសចិនផងដែរ នៅក្នុងជំលោះដែនទឹក នៅសមុទ្រចិនខាងតកើត។ ចិនបានអះអាងថា ប្រជុំកោះដាយយូ ដែលសម្បូរដោយ ជីវចម្រុះ គឺជាដែនទឹករបស់ចិន មានរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែ ជប៉ុនបានកាន់កាប់យក នៅក្នុងសង្ត្រាមលោកលើកទី២។ 

ដែនប្រជុំកោះនោះ ភាសាជប៉ុនហៅសេនកាគូ ។ ប្រទេសជប៉ុន ក៏បានអះអាងថា គឺជាដែនទឹកប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែសម្រាប់ជម្លោះក្នុងដែន សមុទ្រចិនខាងត្បូង ជាមួយប្រទេសចិន គឺមិនមានតែ វៀតណាមនោះទេ គឺហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងចុងក្រោយគឺប្រទេសឥណ្ឌូនេស៊ី ហើយសម្រាប់សហរដ្ឋអាមេរិកជាភាគីក្រៅតំបន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស