28 C
Phnom Penh

អាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីបណ្តឹងតុលាការទៅលើក្រុមប្រឆាំង ដែលមានចំនួនកាន់តែច្រើនឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកអះអាងថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។

ការលើកឡើងនេះ ក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅ សកម្មជនសិទ្ធិមនុស្ស ពិសេសអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិរាប់សិបនាក់ជាបន្តបន្ទាប់ ឱ្យចូលខ្លួនឆ្លើយ             បំភ្លឺជុំវិញការចោទប្រកាន់ ឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ។  បទ រួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាដើម។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១៦ខែវិច្ឆិកា បានអះអាងថា សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ ព្រមទាំងការអត់ឱនចំពោះមតិប្រឆាំង គឺមានសារសំខាន់បំផុត ចំពោះដំណើការលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក អំពាវនាវឲ្យអាជ្ញាធរលោកហ៊ុន សែន ការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។  លើសពីនេះ ត្រូវប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ នៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣។

កាលពីថ្ងៃទី១៦ខែវិច្ឆិកានោះដែរ ក្រុមអ្នកជំនាញអង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងក្តីបារម្ភជាថ្មីទៀតជុំវិញការធ្វើទុក្ខបុកម្នេញទៅលើសង្គមស៊ីវិល និងការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលមានលក្ខណៈជាប្រព័ន្ធ។

ក្នុងសេចក្តីថ្លែការណ៍ទីក្រុងហ្សឺណែវរបស់ក្រុមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនដែលមានលក្ខណៈជាប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។

យ៉ាងណា ភ្លាមៗក្រោយសេចក្តីថ្លែងការណ៍នេះចេញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា មិនមានមូលដ្ឋានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិឱ្យដឹងថា អ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់មានចំនួន២១នាក់ បានទទួលរងការគំរាមកំហែង ការចាប់ខ្លួននិងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេល៣ខែកន្លងមកនេះ។

ក្នុងនោះ មានមនុស្សចំនួន១២នាក់ កំពុងស្ថិតនៅក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន ហើយត្រូវបានបដិសេធសំណើសុំនៅក្រៅឃុំរបស់ពួកគេ ហើយពួកទាំងនោះ កំពុងប្រឈមនឹងការចោទប្រកាន់នានា ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ប្រសិនបើរកឃើញថាពួកគេប្រព្រឹត្តដូចការចោទប្រកាន់៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស