31 C
Phnom Penh

ក្រសួងកសិកម្ម ព្រមានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនធ្វើអាជីវកម្មឈើមួយនៅខេត្តព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ខ្លួននឹង ចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយឈ្មោះ ម៉ាឃល  ឡូជីស្ទីក ដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មឈើផ្នែកខ្លះក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចមួយក្បែរតំបន់ព្រៃឡង់ ប្រសិនបើរកឃើញថាពួកគេបានដើរផ្ទុយពីអ្វីដែលបានអនុញ្ញាត។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ខែវិច្ឆិកា បានលើកឡើងថា ក្នុងពេលថ្មីៗនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងសកម្ម។ លើសពីនេះក្រុមហ៊ុននោះ ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចបាក់កន និងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ពាក់ព័ន្ធបញ្ហានេះ រដ្ឋបាលព្រៃឈើបំភ្លឹថា កាលពីថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ ព្រមទាំងធ្វើការកាប់ ប្រមូលផល អនុផលព្រៃឈើ ឬធ្វើអាជីវកម្មឈើ ក្នុងអនុតំបន់២ អនុតំបន់៣ និងអនុតំបន់៤ ក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអិនធី(PNT) ស្របតាមលទ្ធផលសារពើភ័ណ្ឌប៉ាន់ស្មាន ធនធានព្រៃឈើ ប៉ុន្តែត្រូវអនុវត្តតាមនីតិវិធីជាធរមាន ដែលមានការប្រមូលផលអនុផលព្រៃឈើ ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

រដ្ឋបាលព្រៃឈើបញ្ជាក់ថា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក មួយនេះទើបចុះធ្វើការប្រមូលផល អនុផលព្រៃឈើកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០នេះប៉ុណ្ណោះ។

យ៉ាងនេះក្តី ប្រភពដដែលអះអាងថា ក្នុងករណីរកឃើញថា ការប្រមូលផល អនុផលព្រៃឈើ របស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក មិនបានត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការច្បាប់តែម្តង។

សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ លើកឡើងថា ក្រសួងមិនគួរផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងនោះទៀតទេ ព្រោះកាលពីឆ្នាំ២០១៩ គឺមានករណីកាប់ឈើយ៉ាងសម្បើម ប៉ុន្តែក្រសួងនៅតែធ្វើព្រងើយ ដោយមិនព្រមចាត់វិធានការច្បាប់នោះឡើយ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស