27.5 C
Phnom Penh

កិច្ចប្រជុំសភាថៃស្ថិតក្រោមហិង្សារវាងបាតុករគាំទ្ររបបរាជានិយមនិងបាតុករប្រឆាំងរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការប្រជុំសភាវិសាមញ្ញថៃបានប្រព្រឹត្តឡើងយ៉ាងតានតឹង និង ស្វិតស្វាញជាខ្លាំងតាំងពីថ្ងៃទី១៧វិច្ឆិកា នៅខណៈដែលបាតុករប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានស្រែកនៅខាងក្រៅរបងរដ្ឋសភាដោយព្យាយាមរុលចូលទៅដល់បរិវេណខាងក្នុងអាគារដើម្បិដាក់សម្ពាធតំណាងរាស្រ្ដរបស់ខ្លួនឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្តែត្រូវបានទប់ស្កាត់ដោយក្រុមបាតុករគាំទ្រ របបរាជានិយម បាននាំអោយប៉ូលីញវាយបង្ក្រាបដោយការបាញ់ទឹកបំបែកហ្វូង បណ្ដាលអោយមនុស្ស យ៉ាងតិច ៥៥នាក់រងបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន REUTERS បានចុះផ្សាយនៅថ្ងៃទី១៨វិច្ឆិកានេះ។

ប្រភពដដែលឲ្យដឹងទៀតថា ប៉ូលិសបង្រ្កាបកុបកម្ម បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើក្រុមបាតុករទាំងសងខាងជាពិសសេស បាញ់ទៅលើបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានព្យាយាមដករបាំងការពារ នៅខាងក្រៅវិមានរដ្ឋសភាជាតិដើម្បីសម្រុកចូលខាងក្នុងអាគារដែល សមាជិកសភា កំពុងពិភាក្សាដេញដោលមតិគ្នារហូតដលើយប់ជ្រៅកាលពីថ្ងៃទី១៧វិច្ឆិកាដែលជា កិច្ចប្រជុំថ្ងៃដំបូង។

សមាជិកសភា ថៃប្រជុំគ្នានេះ គឺដើម្បីធ្វើសេចក្ដីសម្រេចក្នុងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមញត្តិរបស់បាតុករ នៃក្រុមប្រឆាំង ។

ដោយមើលឃើញការតវ៉ាកាន់តែក្តៅគគុក ប៉ូលិសបានសម្រេចចិត្តប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបាញ់បំបែកហ្វូងក្រុមបាតុករនោះ ហើយបាតុករក៏បានគប់គ្រាប់បែកផ្សែង ទៅលើប៉ូលិសវិញផងដែរ ដោយបណ្ដាលអោយមនុស្សប្រមាណជាង៥០នាក់រងបួស និងរបួសធ្ងន់៦នាក់ ។

ការរងរបួសនេះគឺជាសោកដនកម្មធំបំផុតមួយក្នុងអំឡុងពេលបាតុកម្មជាងបីខែមកហើយ ដែលក្រុមបាតុករដឹកនាំដោយនិស្សិតថៃ ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ  ចុះចេញពីតំណែង ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមានទាំងការធ្វើកំណែទម្រង់ របបរាជានិយមថៃសព្វថ្ងៃ ដែលបាតុករថ្លែងថា បានផ្តល់អំណាចជ្រុលហួសហេតុ ដល់ព្រះមហាក្សត្រ។

សេចក្ដីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៧ជំពូក ត្រូវឆ្លងកាត់ការបោះឆ្នោត អំឡុងសម័យប្រជុំរួមគ្នារវាងសភាទាំង២ថ្នាក់គឺ មានរយៈពេល ០២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារទី១៧វិច្ឆិកា។ ការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញតម្រូវឱ្យមានការអនុម័តដោយសមាជិកសភាទាំងពីរថ្នាក់រួមគ្នា គឺសភាជាន់ទាប៥០០រូបនិងសមាជិកព្រឹទ្ទសភា ២៥០រូប។

មកដល់រសៀលថ្ងៃទី២នេះ សមាជិកសភា ទាំង២ថ្នាក់ នៅពុំទាន់រកបានមតិរួមគ្នា ដើម្បីអនុម័តទទួលយក សេចក្ដីព្រាងទាំង៧ជំពូកនោះ មកធ្វើការពិភាក្សាគ្នានោះទេ ដោយសំឡេងភាគច្រើន នៃសមាជិកសភាគាំទ្រ បក្សកាន់អំណាចនិងសមាជិកព្រឹទ្ធសភា ដែលត្រូវបាន ចោទថា ជាមនុស្សរបស់លោកប្រាយុទ្ធ បានគាំទ្រជំពូកដែលមិនបានប៉ះពាល់របបរាជានិយម ហើយសូម្បី ជំពូកនិយាយអំពី ស្ថាប័នព្រឹទ្ធសភា ក៏មិនអាចរកសំឡេងគ្រាប់គ្រាន់ដែរ។

នេះជារឿងដ៏ចម្រូងចម្រាស់ នៅក្នុងរដ្ឋសភា ដែលសមាជិកសភានៃក្រុមបក្សប្រឆាំងរួមគ្នា៧គណបក្ស ប្រកាសថាត្រូវតែ អនុម័តទាំង៧ជំពូកនេះហើយ យកមកលាតត្រដាង ធ្វើការដេញដោ ដើម្បី រកអោយឃើញ អ្វីទៅជាចំណុចរួមគ្នា ។

រាជាណាចក្រថៃ មានរដ្ឋធម្មនុញ្ញចំនួន ២០មក ហើយចាប់តាំងពីប្រទេសនេះសម្រេចលុបបំបាត់របបរាជានិយមផ្ដាច់ការនៅឆ្នាំ ១៩៣២ ដើម្បីគាំទ្រនិងផ្លាស់ប្ដូរឱ្យមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

គ្មានការសង្ឃឹមខ្ពស់និងរំពឹងថាសមាជិកសភានៅពេលនេះនឹងឯកភាពលើការផ្លាស់ប្តូរជាក់លាក់នៃរដ្ឋធម្មនុញ្ញថ្មីនោះទាំងស្រុងនោះទេ ដែលនឹងនាំអោយក្រុមម្ចាស់ញត្តិខកចិត្តជាខ្លាំង។

ទោះយ៉ាងណាក្រុមអ្នកតវ៉ាមិនចុះញ៉មដាច់ខាតគឺពួកគេជម្រុញយ៉ាងដាច់អហង្ការឱ្យសភាត្រូវគាំទ្រសេចក្តីព្រាងច្បាប់មួយដែលនឹងបង្វែរទិដ្ឋភាពនានានៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលបង្កើតឡើងដោយពួកយោធាដែលបាតុករថ្លែងថាបំពាក់បំប៉នប្រយោជន៍ដល់បក្សពួករបស់ខ្លួនគឺ តាំងពីស្ថាប័នព្រឹទ្ធសភា និង ព្រះមហាក្សត្រហើយជាការបើកផ្លូវឱ្យលោកប្រាយុទ្ធបានកាន់តំណែងនាយករដ្ឋមន្រ្តី ដោយប្រជាជនថៃមិនបានបោះឆ្នោតគាំទ្រ លើសលុបផងនោះ។

ស្របនឹងកាលៈទេសៈដែលត្រូវធ្វើការរុះរើរដ្ឋធម្មនុញ្ញនេះគឺ មុនរដ្ឋសភាបើកកិច្ចប្រជុំនៅថ្ងៃនេះក្រុមអង្គការសង្គមស៊ីវិលរួមនឹងអ្នកនយោបាយជើងចាស់មួយចំនួនបានធ្វើសិក្ខាសាលារួមគ្នាដោយរកឃើញថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលពួកយោធាតាក់តែងឡើងនោះគឺគ្មានស្មារតី ដើម្បីលើកស្ទួយសិទ្ធិសេរីភាព និងគោលការណ៍ប្រជាធិបតេយ្យឱ្យបានច្បាស់លាស់នោះទេ។ រដ្ឋធម្មនុញ្ញនោះមានចរិត ជារដ្ឋធម្មនុញ្ញដើម្បីបង្គ្រប់សភាពការណ៍សម្រាប់គ្រប់គ្រងស្ថានការណ៍តែប៉ុណ្ណោះ។

សម្រាប់បាតុករបានដាក់គោលដៅខ្លាំងបំផុតមិនមែនត្រឹមតែទាមទារឱ្យមានការររុះរើរដ្ឋម្មនុញ្ញនឹងកាត់បន្ថយអំណាចព្រះរាជានោះទេ គឺបង្ខំឱ្យលោកប្រាយុទ្ធត្រូវតែចុះចេញពីតំណែងព្រោះបាតុករមិនទទួលស្គាល់នាយករដ្ឋមន្រ្ដីកើតចេញពីរដ្ឋប្រហារនោះទេ។

ក្នុងស្ថានភាពនេះ មានជម្រើសច្រើនយ៉ាងដែលអាចបញ្ចប់ស្ថានការណ៍នៅទីក្រុងបាងកកគឺទីមួយលោកប្រាយុទ្ធត្រូវលាលែងពីតំណែង។

ទី២ ពួកយោធានឹងធ្វើអន្ដរាគមន៍ហើយចេញបម្រាមគោលចរ បិទការតវ៉ា ឬការប្រមូលផ្ដុំរបស់បាតុករ ហើយទី៣ ព្រះមហាក្សត្រត្រូវចេញព្រះភ័ក្រដោះស្រាយនូវការទាមទាររបស់បាតុករថាតើគួរទុកលោកប្រាយុទ្ធអោយបន្ដធ្វើជានាយករដ្ឋមន្ត្រី ឬក៏បំង្ខំឱ្យលោកប្រាយុទ្ធចុះចេញពីតំណែង។ប៉ុន្ដែអ្នកសង្កេតការណ៍ខ្លះគិតថាបើស្ថានភាពទាល់ច្រកគឺរដ្ឋប្រហារអាចនឹងកើតមាននៅក្រុងបាងកកជាថ្មីទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស