ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធព្រមានថារាល់វិធានការទាំងអស់ត្រូវតែមានដើម្បីបង្រ្កាបបាតុកម្ម

By ឌឹ ខេមបូឌា ដេលី

November 21, 2020

រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក ជារាជធានីនៃរាជាណាចក្រថៃ។ ហិង្សាបានកើតឡើង មិនត្រឹមតែប៉ះទង្គិចជាមួយ ប៉ូលិសបង្រ្កាបកុបកម្មនោះទេ គឺប៉ះទង្គិចរវាងប្រឆាំងរដ្ឋាភិបាល និងបាតុករ ដែលគាំទ្រស្ថាប័នរាជបល្ល័ង្គ។

ការសែតបាងកកប៉ុស្ត៍របស់ថៃ បានចុះផ្សាយថា បាតុករដែល ប្រឆាំង រដ្ឋាភិបាល បានបង្កើនកម្លាំងភ្លាមៗហើយម្នាក់ៗសុទ្ធតែមានកំហឹងជាប់នឹងខ្លួនដោយសារតែញត្តិរបស់ពួកគេដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរុះរើស្ថាប័នព្រឹទ្ធសភា ការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងការដកហូតលោកបា្រយុទ្ធចាន់អូចាចេញពីតំណែង មិនត្រូវបានសមាជិកសភា មកពីបក្សកាន់អំណាចនិង សមាជិកព្រឹទ្ធសភា អនុម័តនោះទេ។

បាតកម្មកាលពីរសៀលថ្ងៃទី១៨វិច្ឆិកា ត្រូវបានវាយបង្រ្កាប ដោយប៉ូលិសប្រឆាំងកុបកម្ម ព្រោះតែបាតុករ មានប្រតិកម្មជាខ្លាំងហើយ វាយតប់ គប់ដបសាំង និងឧស្ម័នលើប៉ូលិស ដោយបង្កអោយមានអ្នករងរបួស ជិត៦០នាក់។

មកដល់ថ្ងៃនេះ កំសួលនៃកំហឹងរបស់បាតុករនៅតែកើតមានដោយបានសន្យាថា នឹងមានរូបភាពធំម្ដងទៀតនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកពីការងារ។ បាតុករប្រកាសថា មិនព្រមចុះចាញ់ប៉ូលិសឡើយទោះជាមានការវាយបង្ក្រាបក៏ដោយ ហើយ ថាគោលដៅគឺដើម្បីបណ្ដេញលោកប្រាយុទ្ធពីតំណែង។

នៅពេលដែលដឹងថា បាតុករវ័យក្មេង កាន់តែបង្កហិង្សាដាក់ប៉ូលិស និងកាន់តែគំរាមរូបលោក គឺលោកប្រាយុទ្ធ បានសច្ចាថា នឹងប្រើវិធានការទាំងអស់ ដែលច្បាប់បានអនុញ្ញាតដើម្បីបង្ក្រាបហិង្សា។

លោកប្រាយុទ្ធគឺជាឧត្តមសេនីយ៍ ជាមេបញ្ជាការកងទ័ពដែលបានរឹបអូសអំណាច ពីបក្សនយោបាយ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារនៅខែឧសភា ឆ្នាំ២០១៤ ។  ចាប់ពីពេលនោះមក លោក បានក្លាយជានាយករដ្ឋមន្ត្រី ទាំងនាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារនិងនាយករដ្ឋមន្ត្រីដែលសមាជិកព្រឹទ្ធសភាលើកបន្តុប ក្រោយពីបោះឆ្នោតនៅខែមីនាឆ្នាំ២០១៩។

អំណាចនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រីម្នាក់នេះ ត្រូវបានហៅថាអំណាចរបស់មេរដ្ឋប្រហារ។ លោកប្រាយុទ្ធ និយាយថា ស្ថានភាពនៅពេលនេះ គឺអាក្រក់ណាស់ទៅហើយ ដែលមិនអាចវិលទៅរកប្រក្រតីឡើងវិញបានងាយនោះទេហើយនឹងកាន់តែមានហិង្សាថែមទៀត។

ស្របពេលគ្នានេះដែរ បក្សប្រឆាំងធំ២ គឺគណបក្សភឿថៃ និងគណបក្ស ចលនាឆ្ពោះទៅមុខ បានចេញសេចក្ដីថ្លែងការណ៍ដោយថ្កោលទោស ប៉ូលិសដែលវាយបង្ក្រាបលើបាតុករ។ បក្សប្រឆាំងធំ២នេះ ព្រមានថា មិនត្រូវយកសាំងទៅ ពន្លត់ភ្លើងនោះទេ។ គណបក្សពីរនេះ បានទាមទារអោយលោកប្រាយុទ្ធ បញ្ជៀសអោយបាន នូវការប្រើវិធានការហិង្សានៅក្នុងស្ថានភាពនេះ។ 

កាលពីថ្ងៃពុធទី១៨វិច្ឆិកា នៅពេលដែលដឹងថា ញត្តិរបស់ពួកគេត្រូវបានទាត់ចោល ដោយសមាជិកសភាបក្សកាន់អំណាចនិងព្រឹទ្ធសភា  បាតុករបានប្រមូលផ្ដុំគ្នា ដ៏ធំមួយ ហើយក៏នាំគ្នាទៅឡោមព័ន្ធស្នងការដ្ឋានប៉ូលិសក្រុងបាងកក ដើម្បីបង្ហាញថា បាតុករមិនខ្លាចញញើតចំពោះ ការវាយបង្រ្កាបរបស់ប៉ូលិសនោះទេ។

បាតុករព្រមានថា នឹងបន្តធ្វើបាតុកម្មជាប់រហូត គឺលុះត្រាតែមានការដកហូតលោកប្រាយុទ្ធពីតំណែង និង ការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ឡើងវិញ ដែលបាតុករយល់ថា រដ្ឋធម្មនុញ្ញឆ្នាំ២០១៧នោះ គឺជាឧបករណ៍របស់លោកប្រាយុទ្ធនិងពួកយោធា ដើម្បីពង្រឹងអំណាចរបស់ខ្លួនដោយមិនឈរលើគោលការណ័ ប្រជាធិបតេយ្យ។

ខណៈបាតុករ ឡោមព័ន្ធស្នងការដ្ឋានប៉ូលីសថៃ បានព្រមានបាតុករមិនឲ្យចូលអុកឡុក ស្នងការដ្ឋានរបស់ប៉ូលិស។ នៅពេលនោះប៉ូលិស បានយករថយន្តដឹកដីមកចតមុនខ្លោងទ្វារ និងប៉ូលិសបង្ក្រាបកុបកម្មត្រូវបានកោះហៅមកអន្តរាគមន៍។

ឧត្តមសេនីយ៍ Yingyos Thepchamnong អ្នកនាំពាក្យប៉ូលិសអះអាងថា សកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ គឺជាការបំពានច្បាប់ ហើយអាជ្ញាធរនឹងចាត់វិធានាការប្រឆាំង នឹងការបំពានច្បាប់។ អ្នកនាំពាក្យរូបនេះបានអោយដឹងថា បាតុកម្មកាលពីថ្ងៃទី១៧និងទី១៨ វិច្ឆិកាបណ្តាលឲ្យខូចកាណុងបាញ់ទឹកចំនួន៤ ឡានដឹកទឹកចំនួន២ ឡានក្រុងចំនួន៣ និងឡានដឹកទំនិញចំនួន១៣គ្រឿង។

ក្នុងការប៉ះទង្គិចរវាងបាតុករ និងប៉ូលិស បណ្តាលឲ្យបាតុករ៥៥នាក់រងរបួសដោយសារគ្រាប់បែកផ្សែង គ្រាប់កាំភ្លើងជ័រ និងកាណុងបាញ់ទឹករបស់ប៉ូលិស។

យ៉ាងហោចណាស់ មានមនុស្ស៤នាក់ត្រូវបានបញ្ជូនសម្រាកក្នុងមន្ទីរពេទ្យ និង៦នាក់ទៀតត្រូវគ្រាប់កាំភ្លើងជ័ររបស់ប៉ូលិស។ សមាគមមេធាវីសិទ្ធិមនុស្សថៃ បន្ទោសក្រុមប៉ូលិសថា ការបំបែកហ្វូងបាតុករ ដោយមិនស្របតាមវិធានអន្តរជាតិឡើយ។

មានការព្រមានថាប្រសិនបើ មិនអាចទៅរកស្ថានភាពដូចដើមវិញនោះទេ គឺពួកយោធាអាចនឹងអូសរថក្រោះមកកាន់រាជធានីបាងកក ហើយ ប្រកាសដាក់ផ្នែកខ្លះនៃតំបន់បាងកក ស្ថិតក្នុងបំរាមគោចរណ៍ គឺហាមធ្វើដំណើរ នេះ គឺជាវិធានការរបស់កងទ័ព ហើយបើពុំនោះទេ កងទ័ពអាចនឹងធ្វើរដ្ឋប្រហារ។ ប៉ុន្តែ មានការចោទសួរថាតើ ធ្វើរដ្ឋប្រហារយ៉ាងមេច បើមេរដ្ឋប្រហារកំពុងកាន់អំណាចណែនក្នុងដៃក្នុងតួនាទីជានាយករដ្ឋមន្ត្រីទៅហើយនោះ៕