ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី បានសច្ចានឹងគ្នាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយ ប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក ។
មិនថាឡើយប្រទេសទាំង៤នេះទេ ដែលបារម្ភចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង គឺនៅថ្ងៃនេះ សារព័ត៌មានវៀតណាម VN Express International បានចុះផ្សាយថា ប្រទេសកាណាដា តាមរយៈរដ្ឋមន្ត្រីការពារជាតិ របស់ ប្រទេសនេះ គឺលោក Harjit Sajjan បានធ្វើសេចក្ដីបញ្ជាក់ថា កាណាដា គឺជាប្រទេសមួយ ត្រូវតែប្រឆាំងដាច់ខាតការធ្វើយោធានូបនិយកម្មរបស់ប្រទេសចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង។
លោក បានសង្កត់ធ្ងន់ថា កាណាដាពិតណាត្រូវតែចេញមុខជំទាស់សកម្មភាពដ៏គឃ្លើន និងឯកតោភាគីនៃប្រទេសចិន ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់នៃសមុទ្រចិនខាងត្បូងដែលជាការបំផ្លាញ ស្ថិរភាពសាកល។
លោកបន្តថាយើងកាណាដា ពិតត្រូវប្រឆាំងដាច់ខាតការប្រើកម្លាំងទ័ពដើម្បីវាតទីកាន់កាប់ ដែនទឹកហើយ ប្រឆាំងចំពោះការស្ថាបនា តំបន់យោធា នៅសមុទ្រចិនខាងត្បូង។ លោករដ្ឋមន្ត្រី ការពារជាតិ នៃប្រទេស កាណាដា Harjit Sajjan បានបញ្ចាក់ជំហរដូចនេះដោយបានធ្វើឡើងនៅឯសនិ្នសីទអន្តរជាតិ អំពីជម្លោះ សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១៧ ខែវិច្ឆិកានៅទីក្រុងហាណូយប្រទេសវៀតណាម។
ក្នុងវេទិកានោះ ប្រមុខការពារជាតិកាណាដា បានប្រកាសអោយមានការសន្ទនាគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ ដោយ អនុលោមតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ លោកHarjit Sajjan បានសង្កត់ធ្ងន់ដូចនេះថា៖កាណាដា សន្យានៅតែបន្ត ទទូចអោយភាគីពាក់ព័ន្ធទាំងអស់ អនុវត្តអោយបាននូវការប្ដេជ្ញាចិត្ត ថាមិនប្រើប្រាស់កម្លាំងទ័ពដើម្បីដោះស្រាយជម្លោះ ហើយថា ភាគីទាំងអស់ត្រូវតាំងចិត្តធ្វើអោយបាននូវក្រមប្រតិបត្តិសមុទ្រ សម្រាប់តំបន់ ដែលតាក់តែងឡើងតាំងពីឆ្នាំ២០០២មកនោះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីរបស់ប្រទេស ដែលជាសមាជិកអង្គការណាតូមួយនេះបានសន្យាថាកាណាដានឹងត្រូវចូលខ្លួនពាក់ព័ន្ធនឹងជំលោះក្នុងតំបន់ ព្រោះដើម្បីសន្តិសុខសមុទ្រនិងផ្លូវនាវាចរអន្តរជាតិ។
លោកបានបង្ហើបអោយដឹងនៅក្នុងវេទិកានោះថា ការពិតប្រទេសកាណាដា បានកំពុងចងសម្ព័ន្ធមិត្តជាដៃគូរបស់ខ្លួនអោយបានច្រើន ដើម្បី ជួយពង្រឹងសណ្ដាប់ធា្លប់ ផ្លូវនាវាចរអន្តរជាតិ ជាពិសេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វិច និងនៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិ កាណាដា ក៏បានជំរុញអោយមេដឹកនាំសមាគមអាស៊ាន បន្តថែមទៀត ក្នុងការសាមគ្គីគ្នា ដើម្បីសន្តិសុខតំបន់ហើយសម្រាប់កាណាដា ចាំបាច់ណាស់គឺចង់ឃើញតំបន់អាស៊ាន មានសន្តិសុខរឹងមាំ។
សន្និសីទអន្តរជាតិ ស្ដីពី ជម្លោះសមុទ្រចិនខាងត្បូងដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ មានការចូលរួម ពីប្រតិភូ ជាតិនិងអន្តរជាតិ ចូលរួមដោយផ្ទាល់ជាង៣០០នាក់ និងតាមវិដេអូ Online ជាង400នាក់ ហើយភាគច្រើន អ្នកចូលរួម ច្រើនតែអ្នកស្រាវជ្រាវ អ្នកជំនាញកិច្ចការសមុទ្រ អ្នកជំនាញយោធា មន្ត្រីមកពីសមាគមអាស៊ាន ប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
វៀតណាម ជាប្រទេស មួយក្នុងសមាគមអាស៊ាន ដែលចេញមុខជាងគេ ក្នុងការប្រមូលសម្ព័ន្ធភាព ដើម្បីធ្វើអោយមានតុល្យភាពនឹងចិន។
ប្រទេសកុម្មុយនិស្តមួយនេះបានបើកចិត្តទូលាយ ដោយទទួលយកប្រទេសណាទាំងអស់អោយតែជួយឈឺឆ្អាលករណីចិនវាតទីកាន់កាប់សមុទ្រចិនខាងត្បូង ព្រោះតែប្រទេសនេះ បានបាត់បង់ខ្លះទៅហើយនូវ ដែនកោះរបស់ខ្លួននៅប្រជុំកោះប៉ារ៉ាហ្សែល នៅសមុទ្រចិនខាងត្បូង ដោយការចូលកាន់កាប់ដោយកងទ័ពចិន ចាប់តាំងពីសង្រ្គាមចិន វាយលុកនៅឆ្នាំ ១៩៧៤ នៅពេលវៀតណាមកំពុងជាប់ដៃនឹងសង្រ្គាមផ្ទៃក្នុងខ្លួនឯងផង និងសង្រ្គាម ជាមួយនឹងសហរដ្ឋអាមេរិកផង។
ឥឡូវនេះមិនថាឡើយប្រទេសកាណាដានោះទេ ដែលប្រតិកម្មប្រឆាំងនឹងចិន គឺក្រសួងការបរទេសនៃប្រទេសហូឡង់ បានប្រកាសព័ត៌មាន ដោយបានជំរុញអោយ សហភាពអឺរ៉ុបត្រូវចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស សកម្មភាពទាំងឡាយដែលអាចនាំអោយមានជម្លោះប្រដាប់អាវុធនៅសមុទ្រចិនខាងត្បូង។
សេចក្ដីប្រកាសព័ត៌មានរបស់ប្រទេស សមាជិកសហភាពអឺរ៉ុបមួយនេះ គឺជាគន្លឹះដ៏សំខាន់មួយ ដែលមានទំងន់ ដល់សមាជិកសហភាពអឺរ៉ុប ២៦ប្រទេសទៀត អោយចាប់អារម្មណ៍ ត្រូវចូលពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់អាស៊ាននៃជម្លោះកាន់កាប់ដែនសមុទ្រពីសំណាក់ប្រទេសចិន។
ប៉ុន្តែជំហររបស់ប្រទេសហូឡង់ ដែលជាសមាជិកដ៏សំខាន់នៃអង្គការយោធាណាតូ បានធ្វើឡើង បន្ទាប់ពី សមាជិកសហភាពអឺរ៉ុប ដូចជាបារាំង និងអាល្លឺម៉ង់ ដែលជាប្រទេសមានសក្ដានុពលទាំងយោធានិងសេដ្ឋកិច្ច បានចេញមុខ កាលពីថ្មីៗនេះចង់បញ្ចូននាវាចម្បាំង មកឆ្លងកាត់សមុទ្រចិនខាងត្បូង ជាថ្មីម្ដងទៀត ហើយសន្យាថានឹងមានការធ្វើសមុយុទ្ធនាវាចម្បាំងរបស់ពួកគេ នៅសមុទ្រចិនខាងត្បូងទៀតផង។
សម្រាប់ ប្រទេសហូឡង់ បានប្រកាសថានឹង បញ្ជូនកងនាវា របស់ខ្លួនអោយបើកកាត់សមុទ្រចិនខាងត្បូង នៅពេលឆាប់ៗនេះ។ ចំណែក ឯប្រទេសកាណាដា មិនត្រឹមតែនិយាយតែមាត់នោះទេ គឺប្រទេសនេះ បានសម្រេច បញ្ជូននាវាចម្បាំងរបស់ខ្លួនមួយគ្រឿងដ៏ធំដោយបានបើកឆ្លងកាត់រួចទៅហើយសមុទ្រចិនខាងត្បូង ដោយនាវារបស់ប្រទេសនេះ បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ទៀតផងគឺកាលពីមួយខែមុននេះ៕