ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជាច្រើន នៅខេត្តព្រះសីហនុ ផ្ញើសារព្រមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា សូមកុំចាត់ទុកពួកគាត់ ជាសត្រូវ និងចោទពួកគាត់ថា ជាជនអនាធិបតេយ្យចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ឬដីឯកជនមានម្ចាស់ កម្មសិទ្ធិ ដោយខុសច្បាប់តទៅទៀត។ ក្រុមអ្នកភូមិនិយាយថាដីធ្លីដែលពួកគាត់រស់នៅ និងអាស្រ័យផល មានអាយុកាលច្រើនឆ្នាំ និងស្របតាមច្បាប់ភូមិបាលត្រឹមត្រូវ។
ក្រុមពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន បានរិះគន់ចំពោះសកម្មភាពដឹកនាំ របស់លោក គួច ចំរើន ថាមិនសមជាថ្នាក់ដឹកនាំខេត្ត ឬជាម៉ែជាឪ ដែលជាទីពឹង របស់ពលរដ្ឋក្មុងមូលដ្ឋានេះទេ ដោយសារតែកន្លងមក អភិបាលខេត្តរូបនេះ តែងប្រើឥរិយាបទច្រឡោងខាម ឬគម្រោះគម្រើយ និងបដិសេធន៍ មិនជួបជាមួយប្រជាពលរដ្ឋ ដែលស្នើសុំជួប ឲ្យជួយដោះស្រាយវិវាទដីធ្លី ជូនពួកគាត់ ជាបន្តបន្ទាប់កន្លងមក។
ក្រុមពលរដ្ឋ អះអាងបន្តថា ចាប់តាំងពី លោក គួច ចំរើន បានផ្លាស់មកដឹកនាំជាអភិបាលខេត្តព្រះសីហនុ ជិតពីរឆ្នាំកន្លងមកនេះ គឺភាគតិចណាស់ ដែលអភិបាលរូបនេះ ទទួលជួបជាមួយពលរដ្ឋ ដែលស្នើសុំជួបឲ្យជួយអន្តរាគមន៍លើវិវាទដីធ្លី។
ប៉ុន្តែបើទទួលជួបវិញ គឺលោក ញួច ចំរើន មិនបានស្តាប់សំណើរ ឬការបញ្ចេញមតិយោបល់ របស់ពលរដ្ឋនោះទេ ហើយតែងប្រើភាសាស្តីបន្ទោសទៅលើពលរដ្ឋ ឬចាត់ទុកពលរដ្ឋដែលស្វែងរកការជួយអន្តរាគមន៍លើករណីវិវាទដីធ្លីថា ជាក្រុមជនអនាធិបតេយ្យ ដែលដើរធ្វើសកម្មភាពទន្ទ្រានយកដីរដ្ឋ ឬដីឯកជន ដោយខុសច្បាប់ទៅវិញ។
ពលរដ្ឋបន្តថា ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក គួច ចំរើន ក៏បានចេញលិខិតមួយច្បាប់ចោទពលរដ្ឋរស់នៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ដែលចេញមុខការពារដីលំនៅដ្ឋាន និងដីកសិកម្ម របស់ខ្លួន ពីការឈូសកម្ទេចផ្ទះ និងបម្រុងរំលោភយកដីធ្លីរបស់ពលរដ្ឋជាង៦០ គ្រួសារ ថាជាក្រុមជនអនាធិបតេយ្យ។
ពលរដ្ឋ អះអាងថា ចាប់តាំងពីអាណត្តិ លោក គួច ចំរើន មកធ្វើជាអភិបាលខេត្តព្រះសីហនុ គឺមិនដែលបានបញ្ចប់វិវាទដីធ្លីនៅតាមសហគមន៍បានមួយករណីណានោះទេ។
ប៉ុន្តែផ្ទុយទៅវិញ លោក គួច ចំរើន តែងបានបញ្ជាកម្លាំងប្រដាប់អាវុធចម្រុះ និងគ្រឿងចក្រ ឲ្យទៅឈូសឆាយកម្ទេចផ្ទះប្លន់យកដីកសិកម្ម និងដីលំនៅដ្ឋាន របស់ពលរដ្ឋ យកទៅឲ្យក្រុមហ៊ុន, បុគ្គលមានអំណាច ឬឈ្មួញមានទ្រព្យជាដើម មានដូចជា៖ ករណីទំនាស់ដីធ្លី នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង, ករណីទំនាស់ដីធ្លីនៅឃុំរាម ឃុំសំរុង ស្រុកព្រៃនប់ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវជាដើម។
ជាងនេះទៀត លោក គួច ចំរើន ថែមទាំងបានបញ្ជាកកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ តាមចាប់ពលរដ្ឋដាក់គុកច្រវ៉ាក់ និងប្រើប្រព័ន្ធតុលាការ សម្រាប់គម្រាមកំហែងប្រជាពលរដ្ឋ ដើម្បីប្លន់យកដី ជូនក្រុមហ៊ុន និងមន្ត្រីមានអំណាច ជាបន្តបន្ទាប់មកនេះ។
ត្រង់ចំណុចនេះ ទាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងពលរដ្ឋ រស់នៅតាមសហគមន៍មានទំនាស់ដីធ្លី នាខេត្តព្រះសីហនុ ចាត់ទុកទង្វើ និងសកម្មភាព ដឹកនាំ របស់លោក គួច ចំរើន ថាបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ របស់លោក ហ៊ុន សែន ធ្ងន់ធ្ងរ និងបានអនុវត្តការងារផ្ទុយពីគោលនយោបាយ របស់ប្រមុខដឹកនាំ បានដាក់ចេញ និងគ្មានសិលធម៌ ក្នុងភាពជាអ្នកដឹកនាំទៅវិញ។
ផ្តើមពីបញ្ហានេះ ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន នៅខេត្តព្រះសីហនុ បានសំណូមពរទៅ លោក ហ៊ុន សែន គួរតែពិចារណាថាតើគួរទុកឲ្យ លោក គួច ចំរើន បន្តធ្វើព្យុះធ្វើភ្លៀងតាមបែបចៅហ្វាយខេត្តទំនើង ដែលលោក គួច ចំរើន ខ្លួនឯងធ្លាប់តាំងខ្លួនថាជាចៅហ្វាយខេត្តបងធំ ឬមួយត្រូវដកចោល។
យ៉ាងនេះក្តី The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ របស់ ពលរដ្ឋ ខាងលើបានទេ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ប៉ុន្តែកន្លងមក លោក គួច ចំរើន ធ្លាប់បានលើកឡើងថា ទីតាំងដីទាំងឡាយណាដែលមានប័ណ្ណកម្មសិទ្ធិ ឬមានច្បាប់ធ្វើវិនិយោគ គឺរូបលោកមិនរារែក ក្មុងការពារផលប្រយោជន៍ជូនបុគ្គល ឬក្រុមហ៊ុននោះទេ ព្រោះជារឿងស្របច្បាប់។
កន្លងមកនេះ លោក ហ៊ុន សែន ធ្លាប់ប្រកាសបកស្រែក ឬដកតំណែង រហូតដល់ផ្តន្ទាទោស តាមច្បាប់ ចំពោះមន្ត្រីរាជការទាំងឡាយណា ដែលធ្វើទង្វើផ្តេសផ្តាស ក្នុងពេលកំពុងកាន់តំណែង៕