រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១០ ប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពហាក់ងាកខ្លួនពុំរួចក្រោមសម្ពាធរបស់មហាអំណាចធំមួយគឺចិន។
អ្នកវិភាគនយោបាយជាច្រើនដែលត្រូវបានស្រង់មកចុះផ្សាយដោយគេហទំព័រ New York Times កាលពីថ្មីៗនេះ គឺអ្នកស្រាវជ្រាវកិច្ចការនយោបាយអាស៊ីទាំងនោះបាន បញ្ចេញទស្សនៈដោយស្រង់ទ្រឹស្ដីរបស់អ្នកវិភាគជើងចាស់ម្នាក់ដែលល្បីល្បាញអំពីតំបន់អាស៊ីអាគ្នេយ៍គឺអ្នកវិភាគ Sebastian Strangioនៃ សកលវិទ្យាល័យយ៉េលសហរដ្ឋអាមេរិកដែលអ្នកវិភាគរូបនេះបានផ្ដល់ទស្សនទានថា ប្រទេសទន់ខ្សោយនៅក្នុងតំបន់អាស៊ានមិនត្រូវហុចដៃឱ្យប្រទេសមហាអំណាចណាមួយចូលពាក់ព័ន្ធស៊ីជម្រៅខ្លាំងក្លាពេកនោះទេ ដែលនឹងនាំមកនូវផលវិបាកដល់តំបន់នេះ។ តាមអ្នកជំនាញរូបនេះ ចិន គឺជាមហាអំណាច ដែលគួរអោយភ័យខ្លាច។
អ្នកសិក្សាភូមិសាស្រ្ដនយោបាយជាច្រើនផ្សេងទៀតក៏បានលើកយកទស្សនៈ របស់អ្នកជំនាញ Sebastian Strangio នេះយកមកធ្វើការវិភាគឡើងវិញដែលបានទទួលស្គាល់ថា ការផ្ដល់ទស្សនៈដូចនេះ ជាង១០ឆ្នាំមកហើយរបស់អ្នកជំនាញ Sebastian Strangio គឺពិតជាមានភាពឡូស៊ិក ក្នុងស្ថានភាពតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ននេះដែលប្រទេសក្នុងតំបន់នេះមួយចំនួនដូចជាកំពុងភ្លេចខ្លួនក្នុងការការពារភាពអព្យាក្រឹត្យរបស់ខ្លួននៅចំពោះមុខមហាអំណាចចិន។
ប៉ុន្ដែក្នុងអត្ថបទវិភាគរបស់ New York Times ដោយបានធ្វើការសង្ខេបគឺយ៉ាងហោចណាស់ក៏រកឃើញថាប្រទេសក្នុងសមាគមនេះពិតជាកំពុងជ្រុលខ្លួនជាខ្លាំងធ្វើខ្លួនឱ្យស្ថិតនៅក្រោម ឥទ្ធិពលរបស់ចិនដោយសារតែការចង់បានផលប្រយោជន៍របស់ខ្លួនពីចិនដោយភ្លេចគិតថាខ្លួនត្រូវការពារសន្ដិសុខតំបន់ដូចម្ដេចបើតំបន់ធ្លាក់ក្នុងជម្លោះភូមិសាស្រ្ដនយោបាយនាំទៅរកជំលោះកងទ័ពរវាងអាមេរិកនិងចិន។
តាមការវិភាគនេះគឺយ៉ាងហោចណាស់ប្រទេសពីរនៅក្នុងសមាគមអាស៊ានត្រូវបានមើលឃើញថាបានកំពុងធ្លាក់ក្រោមឥទ្ធិពលររបស់ចិនដែលពិបាករើខ្លួនរួចក្នុងនោះគេអាចរាប់បានប្រទេសឡាវមុនគេ ហើយក្រោយមកគឺប្រទេសកម្ពុជា។
ប្រទេសនៅក្នុងតំបន់អាស៊ានទាំង១០ប្រទេសគ្មានប្រទេសណាមួយដែលមិនធ្លាក់ក្នុងបំណុលរបស់ចិនដែលស្ថិតក្នុងយុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវាត់មួយនោះទេ។ ប្រទេសក្នុងតំបន់ទាំងនេះ គ្មានប្រទេសណាមួយដែលអាចជៀសផុតជាកូនបំណុលរបស់ចិនក្រោមប្រាក់កម្ចីចាប់ពីរាប់រយលានដុល្លារ ដល់ទៅពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែឡាវនិងកម្ពុជា គឺជាកូនបំណុលចិនលើសពាន់លានដុល្លារទៅហើយ។ ឡាវជាប្រទេសពុំមានជាប់នឹងដែនសមុទ្រនោះទេ។
សម្រាប់កម្ពុជាជាប្រទេសដែលជាប់សមុទ្រ។ អ្នកស្រាវជ្រាវរបស់អាមេរិករួមទាំងសារព័ត៌មាន របស់អាមេរិកផងដែរដូចជាThe Wall Street Journal បានបញ្ចេញអត្ថបទស៊ើបអង្កេតរបស់ខ្លួនមុនគេដោយស្រង់សម្ដីមន្រ្ដីអាមេរិកមកចុះផ្សាយថា ឆ្នេរសមុទ្រកម្ពុជានាភាគនិរតីបានកំពុងតែរៀបចំខ្លួនជាទីតាំងរបស់កងនាវាមកពីប្រទេសចិន។
ជាថ្មីម្ដងទៀតថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានReuters បានចុះផ្សាយថាសំណង់បញ្ជាការដ្ឋាននៅមូលដ្ឋានទ័ពរាមមួយទៀតដែលស្ថាបនាដោយមូលនិធិរបស់សហរដ្ឋអាមេរិកត្រូវបានបំផ្លាញហើយសំណង់នេះអាចក្លាយជាសំណង់ថ្មីរបស់ក្រុមហ៊ុនមួយរបស់ចិន។
ចំពោះរឿងនេះមិនថាឡើយមន្រ្ដីអាមេរិកតូចតាចនោះទេដែលបានបង្ហើបព័ត៌មានដូចនេះសូម្បីតែអនុប្រធានាធិបតីលោក Mike Penceក៏បាននិយាយចំៗថា ឆ្នេរសមុទ្រកម្ពុជានៅភាគនិរតីនោះនឹងក្លាយទៅជាមូលដ្ឋានកងទ័ពរបស់ចិនជាពុំខាន។
បែបនេះក្ដីសម្រាប់កម្ពុជាគឺទាំងមន្រ្ដីគ្រប់ជាន់ថ្នាក់ដែលជាមន្រ្ដីផ្លូវការរួមទាំងលោកនាយករដ្ឋមន្រ្ដីផងដែរបានច្រានចោលព័ត៌មាននិងការលើកឡើងរបស់មន្រ្ដីអាមេរិកដែលថាកម្ពុជាកំពុងស្ថាបនាសំណង់មូលដ្ឋានសម្រាប់កងនាវាកងទ័ពប្រទេសចិន។ ក្រសួងការបរទេសកម្ពុជាក៏ដូចជាលោកនាយករដ្ឋមន្រ្ដីហ៊ុនសែនបានប្រឆាំងដាច់ខាតចំពោះព័ត៌មានបែបនេះដោយអះអាងថាវាផ្ទុយទាំងស្រុងនឹងស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាដែលមិនបានអនុញ្ញាតឱ្យមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។
អ្នកវិភាគ Sebastian Strangio បានធ្វើការសន្និដ្ឋាននូវការវិភាគរបស់ខ្លួនថា សមាគមអាស៊ានខ្លួនឯងត្រូវតែមានសុទិដ្ឋិនិយមដោយប្រកាន់ឱ្យខ្ជាប់នូវចំនុចកណ្ដាលរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិកហើយមិនត្រូវគិតថាអន្ទាក់បំណុលប្រាក់កម្ចីគឺជារឿងដែលត្រូវផ្ដេកផ្ដួលតាមឥទ្ធិពលរបស់ប្រទេសណាមួយនោះឡើយ។
សហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០២១នេះតទៅ ទំនងនឹងដូរមេដឹកនាំគឺលោកចូបៃដិនដែលនឹងក្លាយជាប្រធានាធិបតី។ អ្នកសង្កេតការណ៍ជាច្រើននៅតែមានគំនិតគិតថា លោកចូបៃដិនក៏ប្រហែលមិនបោះបង់ចោលទេ សមាគមអាស៊ានហើយក៏មិនបោះបង់ចោលនូវ ការពង្រឹងកម្លាំងប្រជាធិបតេយ្យនៅក្នុងតំបន់នេះដែរ។
ក្នុងន័យនេះរដ្ឋការរបស់លោកចូបៃដិនក៏មិនបោះបង់ចោលដែរនូវការសួរនាំកម្ពុជានឹងស្រាវជ្រាវបន្ថែមទៀតអំពីការសង្ស័យថា អនាគតទ័ពចិនអាចនឹងមាននៅកម្ពុជាហើយសម្រាប់ប្រទេសផ្សេងទៀតក៏លោកចូបៃដិនក៏ត្រូវតែរកយុទ្ធសាស្រ្ដកាត់បន្ថយឥទ្ធិពលរបស់ចិនទៅលើប្រទេសទាំងនោះដែរ។
តែជាការកត់សម្គាល់គឺសមាជិកនៃសមាគមអាស៊ានមួយចំនួនដែលមិនអាចបោះបង់ចោលសហរដ្ឋអាមេរិកហើយស្រវាឱបចិន គឺដំបូងគេអាចនិយាយបានថាប្រទេសវៀតណាម ព្រោះប្រទេសនេះកំពុងតែត្រូវការអាមេរិកជាខ្លាំងឱ្យជួយការពារផលប្រយោជន៍របស់ខ្លួនជាពិសេសគឺដែនកោះ ដែលក្រុងហាណូយចោទថា ក្រុងប៉េកាំងនៅតែមានមហិច្ឆតាលុកលុយដែនកោះរបស់ខ្លួនថែមទៀតនៅសមុទ្រចិនខាងត្បូង។
ចំណែកឯសិង្ហបុរី-ឥណ្ឌុនេស៊ី-ថៃអាចរួមមានទាំងហ្វីលីពីនផងដែរនៅតែចាត់ទុកអាមេរិកមានសារៈប្រយោជន៍ក្នុងការការពារសន្ដិសុខតំបន់អាស៊ាន៕