29.6 C
Phnom Penh

សង្គមស៊ីវិល ថានីតិវិធីកោះហៅអតីតសកម្មជនបក្សប្រឆាំងធ្វើឡើងមិនបានត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានករណី សវនាការសំណុំរឿងរបស់អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ មើលឃើញថានីតិវិធីកោះហៅពួកគេធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ដែលតាមដានករណីសវនាការអតីតមន្ត្រីបក្សប្រឆាំងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលចេញពីបន្ទប់សវនាការថា នីតិវិធីកោះហៅអតីតមន្ត្រីបក្សប្រឆាំងឱ្យចូលសវនាការនៅថ្ងៃនេះ ធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។

លោកថា មិនត្រឹមត្រូវ ព្រោះអ្នកដែលត្រូវបានតុលាការកោះហៅខ្លះ បញ្ជាក់ថាពួកគេមិនទទួលបានដីកាពីតុលាការ ឬអាជ្ញាធរនោះឡើយ ហើយដីកាកោះហៅគ្រាន់តែយកទៅបិទនៅស្នាក់ការបក្ស ដែលជាទីកន្លែងពួកគាត់មិនអាចទៅជិតបានផង។

លើសពីនេះ មេធាវីការពារក្តីឱ្យអតីតបក្សប្រឆាំងមួយរូប គឺលោក សំ សុគង់ ក៏មិនបានដឹងថាតើកូនក្តីរបស់លោកជានរណាខ្លះដែលត្រូវបានតុលាការកោះហៅ និងចោទប្រកាន់ពីបទអ្វីនោះដែរ។

លោក នី សុខា យល់ឃើញថាពីនេះតទៅ ដើម្បីឱ្យនីតិវិធីដំណើរការដោយរលូន មិនមានបញ្ហាប្រឈម តុលាការគប្បីរៀបចំឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមបែបបទផ្លូវច្បាប់។  

សំណុំរឿងពាក់ព័ន្ធបទចោទប្រកាន់ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស ទៅលើអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជិត១៥០នាក់ ត្រូវបានតុលាការបើកសវនាការនៅថ្ងៃទី២៦ខែ                 វិច្ឆិកានេះ ប៉ុន្តែបើតាមលោកនី សុខា ថាមានអ្នកដែលត្រូវបានកោះហៅចូលរួមសវនាការជាង៣០នាក់ប៉ុណ្ណោះ។

យ៉ាងណា នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ បានប្រមូលផ្តុំគ្នា ជាការលើកទឹកចិត្តដល់អ្នកដែលត្រូវបានតុលាការកោះហៅ ប៉ុន្តែត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញមិនអនុញ្ញាតឱ្យពួកគេប្រមូលផ្តុំគ្នានៅក្បែរសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយរូប ដែលបានចូលរួមសវនាការលោក ថាច់ សេដ្ឋា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនទទួលបានដីកាកោះហៅពីតុលាការនោះទេ ហើយដីកាដែលយកទៅបិទនៅស្នាក់ការគណបក្សគឺមិនត្រឹមត្រូវនោះឡើយ ព្រោះសរសេរឈ្មោះ និងទីកន្លែងរស់នៅរបស់លោកខុសទាំងអស់។ លោកបញ្ជាក់ថា ការចូលរួមសវនាការនោះ គឺចូលដោយឆន្ទៈ និងចង់ឃើញភាពយុត្តិធម៌សម្រាប់ខ្លួនលោក និងអ្នកផ្សេងទៀតផងដែរ។

លោក ថាច់ សេដ្ឋា បញ្ជាក់ថា ក្រុមរបស់លោកមិនបានប្រព្រឹត្តអំពើរួមគំនិតក្បត់ជាតិ និងញុះញង់អ្នកដទៃ ដូចការចោទប្រកាន់នោះឡើយ។

លោកបន្តថា ការចោទប្រកាន់មកលើអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិ គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលមានដើមកំណើតមកពីកម្ពុជាក្រោមរូបនេះ លើកឡើងថា ការចោទប្រកាន់ពេលនេះ លោកហាក់ងឿងឆ្ងល់ថា តើនរណាខ្លះក្បត់ជាតិ? ហើយក្បត់រឿងអ្វីឱ្យប្រាកដ? ហើយសម្រាប់លោក មិនទាំងដឹងថាតើខ្លួនឯងបានធ្វើខុសអ្វីផង ប៉ុន្តែត្រូវបានតុលាការកោះហៅ និងចោទប្រកាន់ទាំងអយុត្តិធម៌។

សំណុំរឿងរួមគំនិតក្បត់ជាតិ និងញុះញង់ របស់អតីតមន្ត្រី និងសកម្មជនជិត១៥០នាក់នេះ ត្រូវបានតុលាការបែងចែកជាពីរក្រុម និងដាក់បញ្ចូលមកជាពីរសំណុំរឿងវិញ ហើយសម្រេចនឹងបន្តសវនាការក្រុមទី១នៅខែមករា និងក្រុមទីពីរនៅខែមិនា ឆ្នាំ២០២១។

យ៉ាងណាសំណុំរឿងដែលមានការកោះហៅមនុស្សច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រកម្ពុជាពេលនេះ ត្រូវបានអ្នកឃ្លាំមើលខ្លះនិយាយថាជាសេនារីយោលបែបចំណាប់ខ្មាំងនយោបាយ ដែលនឹងអាចឈានទៅរកការចរចានៅពេលខាងមុខ។

ប៉ុន្តែកាលពីថ្ងៃពុធម្សិលមិញ  លោក ហ៊ុន សែន អះអាងថា គ្មានការចរចានយោបាយ មុនការបញ្ចប់នីតិវិធីបទល្មើសតាមផ្លូវតុលាការនោះឡើយ។

យ៉ាងណាលោកបង្ហើបថា លោកស្វាមគមន៍ចំពោះគំនិតបង្រួបបង្រួមនយោបាយ ដើម្បីខ្មែរទាំងអស់គ្នា ប៉ុន្តែប្រសិនបើគូប្រជែងនយោបាយមានបំណងកម្ទេចក្រុមគ្រួសារលោក ឬកម្ចេចត្រកូលហ៊ុន ការបង្រួបបង្រួមនយោបាយ នឹងមិនអាចកើតមានបានជាដាច់ខាត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស