26 C
Phnom Penh

ល្បែងសង្រ្គាមជាមួយអ៊ីរ៉ង់របស់រដ្ឋការដូណាល់ត្រាំនៅមិនទាន់បិទបញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅសល់មិនដល់២ខែទៀតនោះទេ លោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមាន ដោយសារតែ លោកបានបាត់បង់ឱកាស កាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត ព្រោះតែប្រកួតចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣វិច្ឆិកា។ 

លោកត្រាំបានបង្ហើបថា លោកបានអោយ មន្ត្រីរបស់លោកទាំងអស់នៅគ្រប់ក្រសួងត្រូវរៀបចំដើម្បីចាកចេញនិងទុកដាក់ផ្ទេរការងារទៅអោយរដ្ឋមន្ត្រីថ្មីដែលនឹងមកជំនួស។

បើទោះជាបែបនេះក្ដី  រដ្ឋការរបស់លោកត្រាំនិងរូបលោកផ្ទាល់ នៅតែបន្តពង្រីកការដាក់ទណ្ឌកម្មថែមទៀតទៅលើប្រទេសណាដែលបានរងទណ្ឌកម្ម រយៈពេលជិត៤ឆ្នាំមកនេះ ជាពិសេស គឺប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសកោងកាចជាងគេនៅតំបន់មជ្ឈឹមបូព៌ា។

ជាមួយគ្នានេះ លោកបានដាស់តឿន អោយប្រទេស មហាមិត្តរបស់អាមេរិក ទាំងអស់នៅតំបន់នេះត្រូវប្រុងប្រយ័ត្នខ្ពស់ ខ្លាចក្រែងមានការពើបប្រយុទ្ធគ្នាអាចកើតមានរវាងប្រទេសណាមួយក្នុងតំបន់ជាមួយអ៊ីរ៉ង់។

ទំនងដោយសារហេតុនេះ លោកត្រាំក៏បានបញ្ជូន លោករដ្ឋមន្ត្រីការបរទេស Mike Pompeo ទៅជួបមេដឹកនាំប្រទេសអ៊ីស្រាអ៊ែល ប្រទេសអារ៉ាបប៊ីសាវអូឌិត និងប្រទេសសម្ព័ន្ធភាពជាច្រើនទៀតក្នុងតំបន់នេះ។

ដំណើររបស់លោក Pompeo ត្រូវបានសារព័ត៌មាន ជាច្រើន នៅតំបន់នេះ រួមមានសារព័ត៌មានTimes of Israel បានចុះផ្សាយថា ក្រោយប្រមុខការទូតអាមេរិកចាក់ពីតំបន់មជ្ឈឹមបូព៌ា គឺស្រាប់តែកងទ័ពអ៊ីស្រាអ៊ែល ត្រូវបានអោយត្រៀមខ្លួន ដើម្បីសង្រ្គាម ជាមួយនឹងអ៊ីរ៉ង់ បើកងទ័ពអាមេរិក វាយប្រហារលើទឹកដីអ៊ីរ៉ង់។ ដំណឹងនេះ ហាក់ដូចជាគាប់ជួននឹងការជិតចាកចេញពីសេតវិមានរបស់រដ្ឋការលោកដូណាល់ត្រាំគឺសមដូចកាសែតអាមេរិក The New York Times បានចុះផ្សាយថា លោកត្រាំបានស្នើអោយ ទីប្រឹក្សាកំពូលៗរបស់លោក សិក្សាជាបន្ទាន់អំពីលទ្ធភាពនៃការវាយប្រហារទៅលើទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាជម្រើសរបស់លោកត្រាំចង់បំផ្លាញសារធាតុ អ៊ុយរ៉ានីញ៊ូម ដែល ជាសារធាតុមួយដ៏សំខាន់នៃការផលិតអាវុធនុយក្លេអ៊ែរ។

មើលទៅជម្រើសនេះ គឺកាន់តែជឿជាក់ថែមទៀត ស្រាប់តែមានដំណឹងមកថា នាយករដ្ឋមន្ត្រីអ៊ីសា្រអ៊ែល Benjamin Netanyahu ក៏ បានឡើងយន្តហោះ ទៅប្រទេសអារ៉ាប់ប៊ីសាវអូឌិត ដោយបានជួបនឹង មហាក្សត្រគ្រងរាជ្យរបស់ប្រទេសនេះ កាលពីយប់ថ្ងៃអាទិត្យទី២២ ។ តែកិច្ចប្រជុំដ៏កម្រនេះ គឺធ្វើឡើងជាការសំងាត់។  ទាំងអ៊ីសា្រអ៊ែលនិងអារ៉ាប់ប៊ីសាវអូឌិត គឺអតីតសត្រូវនឹងគ្នាជាច្រើនទសវត្សមកហើយ ប៉ុន្តែប្រទេស២នេះ បានក្លាយជាកម្លាំងរួមដែលត្រូវប្រឈមនឹងអ៊ីរ៉ង់។

ឥឡូវនេះ ពាក្យចចាមអារ៉ាមបានផុសផល់ជាខ្លាំងថា អ៊ីស្រាអ៊ែល ប្រហែលជ្រើសរើសការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ អោយបានមុនលោកត្រាំផ្ទេរអំណាច ទៅអោយប្រធានាធិបតីថ្មីចូលបៃដិន។

ទំនងដូចនេះហើយ បានជាសហមរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោកត្រាំ ក្នុងសប្ដាហ៍នេះ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់ជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Times of Israel កាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ។

សារព័ត៌មាន ដដែលនេះបានឱ្យដឹងទៀតថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងដែល អមដំណើរដោយយន្ដហោះចម្បាំង F-15, F-16 រួមទាំង យន្ដហោះចាក់ប្រេង KC-10 និង KC-135 បានហោះកាត់តាមដែនអាកាសនៃប្រទេសអ៊ីស្រាអែល ហើយក្រោយមកចុះចតនៅក្នុងប្រទេសកាតាដែលជាមូលដ្ឋានរបស់វាសម្រាប់តំបន់មជ្ឈឹមបូព៌ា។

ការទៅដល់របស់យន្តហោះនេះកាលពីថ្ងៃសៅរ៍ទី២១ ខែវិច្ឆិកា គឺមុនលោករដ្ឋមន្ត្រីលោក Pompeo ត្រូវទៅដល់មជ្ឈឹមបូព៌ា។ ចំណែកឯ ទីបញ្ជាការកណ្ដាលយោធាអាមេរិក ក៏បានបញ្ជាក់ដែរថាការដាក់ពង្រាយ យន្ដហោះចម្បាំងទាំងនេះគឺមានគោលបំណងទប់ស្កាត់ការគំរាមកំហែងណាមួយលើសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់។

តែបែបណាក៏ដោយ ការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា កើតមានឡើងចំពេលដែល លោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ និងអ៊ីស្រាអែល បានកំណត់ពីផែនការធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ អោយបានមុន លោក ចូ បៃដិន ដែលមជ្ឈដ្ឋានខ្លះយល់ថាមានទំនោរទន់ភ្លន់ជាមួយអ៊ីរ៉ង់ ហើយអាចអោយអ៊ីរ៉ង់កាន់តែព្រហើនកោកកាចវាយប្រហារប្រទេសជិតខាងជាពិសេស ប្រទេសសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់នេះ ដែលខ្លប់ខ្លាចអ៊ីរ៉ង។

ការពិតអាមេរិក និងអ៊ីរ៉ង់ សឹងតែផ្ទុះសង្រ្គាមវាយប្រហារគ្នាច្រើនដងមកហើយ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ បន្ទាប់ពីរដ្ឋការរបស់លោកដូណាល់ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែឧសភាឆ្នាំ២០១៨ដែលកិច្ចព្រមព្រៀងនេះ ជាកេរ្តិ៍តំណែលរបស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា ដែលលោកចូលបៃដិន គឺជាអនុប្រធានាធិបតី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស