31 C
Phnom Penh

តំណាងសហជីពប្រចាំទីក្រុងតូក្យូបានចោទ ក្រុមហ៊ុនតុកាត់សឹហ្វូត ថាបានរំលោភសិទ្ធិកម្មករបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ បានដឹកនាំនិយោជិតកម្មករ តវ៉ាទាមទារ ឲ្យក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD) លុបបំបាត់ការរើសអើងពលករបរទេស និងផ្តល់យុត្តិធម៌ជូនពួកគេដែលក្រុមហ៊ុនបានរំលោភបំពានសិទ្ធិការងារកន្លងមក។

មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ (Munabu Sato) អះអាងថា ការដឹកនាំធ្វើបាតុកម្មនេះ គឺក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុន TOKATSU FOOD ចេញមុខសុំទោសដោយស្មោះត្រង់ និងត្រូវសងជំងឺចិត្តដល់កម្មករទាំងនោះជាដាច់ខាត។

លោកបានបញ្ជាក់ថា ការតវ៉ាទាមទារនេះ គឺដើម្បីជុំរុញឲ្យរដ្ឋាភិបាល ជប៉ុនយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ក្នុងការអនុវត្តច្បាប់ការងាររបស់ក្រុមហ៊ុននីមួយៗឲ្យបានត្រឹមត្រូវ និងជួយលើកម្ពស់សិទ្ធិពលករបរទេសឲ្យបានល្អប្រសើរ ជៀងវាងក្រុមហ៊ុនទាំងនោះប្រព្រឹត្តល្មើស បំពានច្បាប់ និងរំលោភសិទ្ធកម្មករតាមទំនើងចិត្ត។

ជាងនេះទៅទៀត លោក មូណាប៊ូ សាតុ អះអាងថា ការធ្វើការតវ៉ាទាមទារនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ គឺមានលទ្ធផលជាវិជ្ជមាន ត្បិតក្រសួងការងារជប៉ុន និងសមាគមន៏បញ្ជូនពលករ បានឯកភាពថា នឹងសើរ៉ើករណីរំលោភបំពានលើសិទ្ធិកម្មករនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះទាំងនោះ។

លោក សង្ឃឹមថាយ៉ាងមុតមាំថា ពលករដែលរងការរំលោភបំពានសិទ្ធិការងារពីសំណាក់ក្រុមហ៊ុននោះនឹងទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗខាងមុខនេះ។

ការអះអាងនេះធ្វើឡើងក្រោយពី ក្រុមហ៊ុន TOKATSU FOOD បានប្រព្រឹត្តខុសលក្ខខណ្ឌការងារដែលបានចាប់បញ្ចូនកម្មករខ្មែរ ឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញដោយការបង្ខិតបង្ខំ ក្រោមលេសថា កម្មករទាំងនោះ បានប្រព្រឹត្តខុសលក្ខខណ្ឌការងារ របស់ប្រទេសជប៉ុន និងលក្ខខណ្ឌការងាររបស់រោងចក្រ។

បុគ្គលិកសហជីព General Support Union-NPO/POSSE ជនជាតិជប៉ុនដើមកំណើតខ្មែរ អ្នកស្រី ម៉ៃ តាកេម៉ូរ៉ា ទាមទារឲ្យ ក្រុមហ៊ុន ផ្តល់យុត្តិធម៌ជូនអតីតកម្មករខ្មែរទាំង៨រូប ដែលអ្នកស្រីមានភ័ស្តុតាងគ្រប់គ្រាន់ ទាំងខ្សែវីដេអូ និងឯកសារផ្សេងៗ ដែលអាចបញ្ជាក់បានថា       ក្រុមហ៊ុន ពិតជាបាន រំលោភសិទ្ធិការងារពលករខ្មែរទាំងនោះយ៉ាងពិតប្រាកដ។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក មូណាប៊ូ សាតុ និងប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន TOKATSU FOOD បានជួបពិភាក្សាគ្នា ដើម្បីចរចារកដំណោះស្រាយផ្តល់យុត្តិធម៌ជូនពលករដែលរងគ្រោះ ខណៈតំណាងរោងចក្របដិសេធ មិនយល់ព្រមតាមសំណើរនេះឡើយ។

តំណាងនយោជិតកម្មករ លោក មូណាប៊ូ សាតុ បានទាមទារឲ្យតំណាងរោចក្រ សងជំងឺចិត្តដល់អតីតកម្មករខ្មែរ ជាទឹកប្រាក់ក្នុងរយៈពេល ៣០ ខែ ដើម្បីឲ្យសមស្របទៅតាមកិច្ចសន្យាការងារដែលកម្មករទាំងនោះបានចុះកិច្ចសន្យា ក្នុងរយៈពេល ៣ឆ្នាំ ហើយដែលកម្មករទាំងនោះធ្វើការបានត្រឹមតែ៦ខែប៉ុណ្ណោះ។

ក្រុមហ៊ុន TOKATSU FOOD កាលពីឆ្នាំ២០១៦ បានរំលោភច្បាប់ការងារលើពលករខ្មែរដោយពួកគេបានបញ្ឈប់ពលករទាំងនោះទាំងបង្ខំ និងបានចាប់ញ្ជូនពួកគេ ឲ្យត្រឡប់ទៅកម្ពុជាវិញ ដោយមិនបង់ប្រាក់សំណងដល់ពួកគេនោះទេ ខណកិច្ចសន្យាការងាររបស់ពួកគេនឹងត្រូវផុតនៅឆ្នាំ២០១៩។

នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ និយោជិតកម្មករដែលជាបុគ្គលិករោងចក្រនានា ប្រមាណជាង ២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារជប៉ុន និងនៅមុខសមាគមបញ្ជូនពលករ ដែលស្ថិតក្នុងទីក្រុងតូក្យូដើម្បីទាមទារឲ្យរោងចក្រទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត ជាជាងការគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រុមហ៊ុន TOKATSU FOOD មានបុគ្គលិកបម្រើការប្រមាណជិត ៤ពាន់នាក់ និងមានសាខាប្រមាណជា១០សាខាទូទាំងប្រទេសជប៉ុន ដែលជាក្រុមហ៊ុនវេចខ្ចប់អារហារគ្រប់ប្រភេទ ដែលតែងរងការចោទប្រកាន់ថា បានរំលោភសិទ្ធិការងារកម្មករបរទេសជាញឹកញាប់ទៅលើ កម្មករខ្មែរ កម្មករថៃ កម្មករវៀតណាម ឥណ្ឌូនេស៊ី និងកម្មករមកពីប្រទេសមីយ៉ានម៉ាជាដើម។

ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទង អ្នកគ្រប់គ្រងក្រុមហ៊ុន TOKATSU FOOD ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ។

តំណាងបុគ្គលិកកម្មករ និងតំណាងសហជីពទាំងអស់ អំពាវនាវ ឲ្យក្រុមហ៊ុន TOKATSU FOOD បញ្ឈប់ការរ៉ើសអើងកម្មករបរទេសតទៅទៀត ត្បិតជាទង្វើបង្ហាញពីការប្រកាន់ពូជសាសន៍ ដែលផ្ទុយទៅនឹងច្បាប់ស្តីពីសិទ្ធិមនុស្សជាសាកលរបស់អង្គការសហប្រជាជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស