សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រទី២៧ខែវិច្ឆិកានេះ ក្រសួងបរិស្ថានបានបង្ហោះនូវរូបភាពនៃសម្រស់ធម្មជាតិ អមដោយសត្វជាច្រើនប្រភេទផង បានចោទជាសំណួរជាច្រើនថា តើត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីអាចបង្កើតភ្នំបាន? តើត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីបានអាកាសធាតុត្រជាក់ស្ទើរគ្រប់រដូវ?
តើត្រូវចំណាយប៉ុន្មានដើម្បីបានទឹកហូរ ដ៏ថ្លាឆ្វង់? តើត្រូវចំណាយប៉ុន្មានដើម្បីបានដើមឈើធំៗរាប់លានដើម? តើត្រូវចំណាយប៉ុន្មានដើម្បីបានឃើញផ្កាព្រៃរាប់រយប្រភេទ រីកស្គុសស្គាយពាសពេញព្រៃ ? តើគេត្រូវចំណាយប៉ុន្មានដើម្បីបានដីក្រហម មានជីវជាតិ អាចដាំដំណាំគ្រប់ប្រភេទបាន? ហើយថាតើគេត្រូវចំណាយប៉ុន្មានដើម្បីបានឃើញសត្វស្លាបស្អាតៗហោះហើរមកជិតខ្លួន ច្រៀង យំ ពេញព្រៃភ្នំ?
លើសពីនេះ តើគេត្រូវចំណាយប៉ុន្មានដើម្បីឃើញមេអំបៅច្រើនប្រភេទមកក្រេបលម្អងផ្កា? តើគេចំណាយប៉ុន្មានដើម្បីបង្កើតអព្ទ័ សក្បុសនៅជុំវិញខ្លួន ពេលព្រឹកព្រលឹមជាដើម? ក្រសួងបរិស្ថានអះអាងថា ទាំងនេះហើយ ជាតម្លៃនៃធម្មជាតិ ដែលមិនអាចកាត់ថ្លៃបាន។
ទោះបីជាយ៉ាងនេះក្តី ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ទទួលស្គាល់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តរងការបំផ្លិចបំផ្លាញ ការរំលោភទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។
លោក ស ខេង បញ្ជាក់ទៀតថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនោះ ក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពផ្សេងៗផងដែរ។
ជាងនេះទៀតសកម្មជនការពារព្រៃ និងប្រជាសហគមន៍មូលដ្ឋាន ធ្លាប់បានអះអាងថា ព្រៃធម្មជាតិនៅតំបន់អភិរក្សជាច្រើន ពិសេសតំបន់ព្រៃឡង់ និងព្រៃការពារក្នុងភូមិភាគឦសាន្ត កំពុងរងការបំផ្លិចបំផ្លាញឥតស្រាកស្រាន្តនាពេលបច្ចុប្បន្ន។
ដោយឡែកភ្នំធម្មជាតិជាច្រើននៅកម្ពុជា ក៏កំពុងរងការបំផ្លាញ ឬវិនាសបាត់រូបរាង ជាបណ្តើរៗ ក្រោមស្លាកនៃការវិនិយោគឱ្យឈ្មួញឯកជនសម្រាប់ធ្វើអាជីវកម្ម ដូចជាភ្នំបាភ្នំនៅខេត្តព្រៃវែង ភ្នំដិលនិងភ្នំផ្សេងទៀតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ព្រមទាំងភ្នំខ្លះទៀតនៅខេត្តកំពង់ស្ពឺ និងខេត្តកំពតជាដើមនោះ ក៏កំពុងឈានទៅរកភាពវិនាសផងដែរ។
ក្រុមអ្នកអភិរក្សធម្មជាតិ ធ្លាប់បង្ហាញការយល់ឃើញថា ត្បិតតែក្រសួងបរិស្ថានបានយល់ពីតម្លៃធម្មជាតិដ៏មហាសាលបែបនេះក្តី ប៉ុន្តែស្ថាប័នកំពូលដែលជាសេនាធិការរបស់រដ្ឋាភិបាលមួយនេះនៅមិនទាន់បានបង្ហាញពីយន្តការជាក់លាក់ក្នុងការថែរក្សា ឬទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្រោមស្លាកអភិវឌ្ឍន៍ឬ ការផ្តល់សិទ្ធិដល់ឈ្មួញក្នុងការធ្វើអាជីវកម្ម ដែលបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិទាំងនោះនៅឡើយទេ។
រហូតមកដល់ពេលបច្ចុប្បន្ន តំបន់ការពារធម្មជាតិ និងតំបន់ព្រៃជម្រកសត្វ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានចំនួន ៧២កន្លែង ដែលមានផ្ទៃដីសរុបចំនួនជាង ៧លានហិកតា៕