33 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលសោកស្តាយចំពោះការប្រកាសបិទស្ថានទូតស៊ុយអ៊ែតនៅកម្ពុជា នាចុងឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអង្គការសង្គមស៊ីវិល បានបង្ហាញការសោកស្តាយ ក្រោយពេលប្រទេសស៊ុយអ៊ែត បានប្រកាសបិទទ្វារស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាត្រឹមចុងឆ្នាំ២០២១។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា ក្រោយកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ មានបណ្តាប្រទេសលោកសេរីជាច្រើនបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីជួយជ្រោមជ្រែងកម្ពុជា ឲ្យមានរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។

លោកបានបង្ហាញការសោកស្តាយជាពន់ពេក នៅពេលឮដំណឹងថា ស្ថានទូតប្រទេសស៊ុយអែត នឹងផ្លាស់ប្តូរពីភ្នំពេញ ទៅទីកាន់ក្រុងបាងកក នៅឆ្នាំក្រោយ ២០២១ ។

ដោយឡែកនាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR អ្នកស្រី ចក់ សុភាព បានលើកឡើងថា យើងនឹងបាត់បង់ស្ថានទូតស៊ុយអែតនៅចុងឆ្នាំ២០២១នេះហើយ។

អ្នកស្រីបន្តថា ប្រទេសស៊ុយអែតបានដើរតួនាទីយ៉ាងសំខាន់ ជាមិត្តដ៏ល្អរបស់កម្ពុជា គាំទ្រកិច្ចការជាច្រើនដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងតួអង្គដទៃទៀត ដោយឈរលើគោលការណ៍គោរព និងការពារសិទ្ធិមនុស្ស លើកកម្ពស់ និងតម្កល់គុណតម្លៃសិទ្ធិស្ត្រី និងភាពចម្រុះបែប ជាធំ។

នាយិការរូបនេះ យល់ឃើញថា ការផ្លាស់ប្តូរបែបផែនការងាររបស់ស៊ុយអ៊ែត ថ្វីបើមានការអះអាងថានៅរក្សាទំនាក់ទំនងល្អយ៉ាងណាក្តី ប៉ុន្តែការចាកចេញរបស់ស្ថានទូតស៊ុយអ៊ែតនេះ នឹងមានផលប៉ះពាល់ដល់ការផ្លាស់ប្តូរនូវនីតិវិធី និងការឆ្លើយតបជាច្រើនក្នុងកិច្ចគាំទ្រដល់កម្ពុជា។

ការបង្ហាញភាពសោកស្តាយនេះ ធ្វើឡើងក្រោយពេលក្រសួងការបរទេសស៊ុយអ៊ែតបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា ប្រទេសស៊ុយអ៊ែត នឹងបិទស្ថានទូតរបស់ខ្លួននៅកម្ពុជានៅចុងឆ្នាំ២០២១ ហើយទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា នឹងត្រូវផ្ទេរដាក់ឱ្យស្ថិតនៅក្រោមអគ្គរាជទូតប្រចាំនៅទីក្រុងបាងកក ប្រទេសថៃវិញ។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី Ann Linde បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អ ប៉ុន្តែស៊ុយអ៊ែតនឹងបន្តសហប្រតិបត្តិការតាមវិធីថ្មីមួយផ្សេងទៀតវិញ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា នៅពេលដែលស្ថានទូតបិទ ក្រសួងការបរទេសស៊ុយអែត នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្ត ដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ឬហៅថាSida។

ប្រទេសស៊ុយអ៊ែត បានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦១មក ប៉ុន្តែស៊ុយអ៊ែតទើបនឹងបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ កាលឆ្នាំ២០១០ ប៉ុណ្ណោះ។

ប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុបមួយនេះ កន្លងមកបានជួយជ្រោមជ្រែងដល់កម្ពុជា តាមរយៈអង្គការជាដៃគូរបស់ខ្លួនលើការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងបរិស្ថានជាដើម។

ប្រទេសលោកសេរីមួយនេះ ត្រូវបានគេមើលឃើញថាតែងចេញមុខថ្កោលទោស និងប្រកាសកាត់ផ្តាច់ជំនួយពីរដ្ឋាភិបាលខ្មែរ នៅពេលមានការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស