បរិស្ថាន

នគរបាលខេត្តព្រះសីហនុ ឃាត់ជនជនជាតិចិន៤នាក់ សង្ស័យជាក្រុមចាប់ជំរិតមនុស្ស និងប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ

By ឌឹ ខេមបូឌា ដេលី

December 02, 2020

កម្លាំងសមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានឃាត់ខ្លួនបុរសជាជនជាតិចិនចំនួន ០៤នាក់ ដែលប្រើរថយន្ត ពាក់ស្លាកលេខក្លែងក្លាយ និងមានឧបករណ៍សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពចាប់ជំរិតមនុស្ស ក្នុងអំឡុងពេល សមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅតាមកំណាត់ផ្លូវជាតិលេខ៤។ 

ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ០០ និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

យោងតាមការចុះផ្សាយ របស់គេហទំព័រក្នុងស្រុកឈ្មោះ “កម្ពុជាថ្ងៃនេះ” ឬ CAMDAY.NEWS បានដកស្រង់សំដី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មកចុះផ្សាយថា រថយន្ត ០១គ្រឿង ដែលជនសង្ស័យជនជាតិចិនជិះ ហើយត្រូវសមត្ថកិច្ចឃាត់ត្រួតពិនិត្យ នោះ មានម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 បើកបរដោយជនជាតិចិន។

លោក ជួន ណារិន្ទ បន្តថា ក្រោយធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ ក្នុងសកម្មភាពចាប់ជំរិតមនុស្ស ទើបឈានដល់ឃាត់ខ្លួនជនជាតិចិន ជិះនៅក្នុងរថយន្តទាំងអស់ សរុបមានគ្នា ០៤នាក់។

បុរសដែលជាជនសង្ស័យ ជាជនជាតិចិនទាំង ០៤នាក់ មានឈ្មោះ៖ ឈ្មោះ ZHANG GE XIN, LU LU, SONG JIA MING និងJIANG BAO ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់នេះ មិនមានលិខិតឆ្លងដែន យកតាមខ្លួនទេ ហើយពួកគេស្នាក់នៅបណ្តោះអាសន្ន ក្នុងក្រុងព្រះសីហនុ។

រីឯវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

ដំបងឆក់ ០១ដើម, ខ្នោះដៃ ០១គូ, ស្រោមខ្នោះ ០១, ខ្សែលួស ០១ដុំ, ម៉ាស់ ១៨សន្លឹក, ស្បោងក្រណាត់ខ្មៅសម្រាប់គ្របមុខ ០១, ស្រោមដៃ ០៥គូ និងរថយន្ត ០១គ្រឿង ម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802  (ស្លាកលេខក្លែងបន្លំ)។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំយកមកសួរចម្លើយ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីច្បាប់៕