27 C
Phnom Penh

ឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា ព្រៃឈើ ដីធ្លី និងធនធានធម្មជាតិខ្មែរ នៅតែបន្តរងការបំផ្លិចបំផ្លាញគួរឱ្យព្រួយបារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអះអាងថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។

ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ស ខេង នៅថ្ងៃសុក្រនេះ បានសរសេរថា លោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តមណ្ឌលគិរី និងបណ្ដាខេត្តនានា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និងបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប៉ុន្តែលោកសង្កត់ធ្ងន់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តរងការបំផ្លិចបំផ្លាញ និងការរំលោភកាប់ទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។

លោក ស ខេង អះអាងថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភ ទៅដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនោះ ក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានាផងដែរ។

លោកបន្ថែមថាដើម្បីដោះស្រាយបញ្ហានេះ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ក៏បានសម្រេចឲ្យក្រសួងមហាផ្ទៃសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួនទៀតក៏កំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការទៀតផង។

ប្រភពដដែលបន្តថា ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ មានមន្ត្រីពីរប្រភេទ ពោលគឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។

លោក ប្រកាសថាមន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភា ថ្វីដ្បិតមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈក៏ដោយ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាម នីតិវិធី ច្បាប់ផងដែរ។

កាលពីថ្ងៃទី៣០ ខែសីហា លោក ស ខេង បានដាក់លិខិតមួយទៀតទៅលោក ហ៊ុន សែន ដើម្បីពិនិត្យនិងសម្រេចលើលទ្ធផលរបស់ក្រុមការងារអន្តរក្រសួង ចំពោះការចុះសិក្សាស្រាវជ្រាវករណីទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ក្នុងតំបន់ ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី។

លិខិតនោះ លោក ស ខេង បានស្នើសុំឱ្យមានការជួយសម្រួលភារកិច្ចដល់អភិបាលខេត្ដមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងបញ្ចប់មុខតំណែងមន្ដ្រីចំនួន៩រូបទៀតដែលរកឃើញថា មានកំហុសនិងជាប់ពាក់ព័ន្ធនឹងការរុករានរួមទាំងឈូសឆាយដីព្រៃខុសច្បាប់កន្លងមក។

លោក ធ្លាប់អះអាងថា បញ្ហាដីធ្លី និងព្រៃឈើនៅខេត្តភាគឦសាន្តមួយនេះ មានភាពស្មុគ្រស្មាញ ព្រោះមានការសម្រុករំលោភយកដីធ្លីនៅតំបន់នេះ ហើយភាគច្រើនសុទ្ធតែមន្ត្រីគ្រាក់ៗ ក្នុងជួររដ្ឋាភិបាល។លោកបន្តថាពេលខ្លះ ពួកគេបានយកទាំងឈ្មោះរបស់លោក ទៅប្រើប្រាស់ថែមទៀតផង។

ក្រុមអ្នកតាមដានបញ្ហាធនធានធម្មជាតិ ធ្លាប់អះអាងថា ធនធានធម្មជាតិខ្មែរ ពិសេសព្រៃឈើ កំពុងធ្វើដំណើរទៅរកភាពវិនាសក្នុងពេលឆាប់ៗ ខាងមុខ ប្រសិនបើរដ្ឋអំណាចនៅតែគ្មានយន្តការណ៍ជាក់លាក់ក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ លើសពីនេះ ភាពវិនាសនៃធនធានធម្មជាតិខ្មែរក៏កើតឡើង ដោយសារវប្បធម៌និទ្ទណ្ឌភាព អំពើពុករលួយ និងវប្បធម៌ឯងជួយអញ ហើយអញជួយឯងនោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស