34 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ចំនួន១៥ករណី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានអះអាងថាករណីឆ្លងរីករាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នឹងអាចកើនឡើងដល់១៥ករណី។ ករណីទាំងនេះ លោកថា បើ១ករណីទៀត នៅខេត្តសៀមរាបត្រូវបានវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថាវិជ្ជមានកូវីដ១៩នោះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប លោក ហ៊ុន សែន អះអាងថា ប្រសិនបើកូនស្រី លោកឆែម សាវុធ ដែលរស់នៅខេត្តសៀមរាបត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រថាមានវិជ្ជមានកូវីដ១៩ នោះការឆ្លងក្នុងសហគមន៍នឹងកើនឡើងដល់ទៅ១៥ករណី ក្នុងរយៈពេល២ ថ្ងៃនេះ។

លោកនាយករដ្ឋមន្ត្រី បានដាក់ឈ្មោះព្រឹត្តិការណ៍នៃការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកដំបូងនេះថាជា«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។

លោកបន្តថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ករណីឆ្លងពេលនេះ គឺស្ថិតនៅក្នុងចង្កោមនៃអ្នកដែលធ្វើការនៅក្នុងក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់អគ្គនាយកនៃអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃលោក ឆែម សាវុធ តែប៉ុណ្ណោះ។

ប៉ុន្តែករណីនេះលោក បានបញ្ជាឱ្យមានការស្រាវជ្រាវឱ្យបានហ្មត់ចត់ ដោយមិនមែនគ្រាន់តែតាមដានត្រឹមតែក្រុមគ្រួសារលោក ឆែម សាវុធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងបន្ថែមដល់ការពាក់ព័ន្ធនានាទៅតាមខេត្តនានាផងដែរ។

ប្រមុខរដ្ឋាភិបាលរូបនេះ អះអាងថា ក្រុមគ្រូពេទ្យបានយកសំណាកចំនួនជាង៣ពាន់ (៣៣៣២) មកពីខេត្តចំនួន៧ ដោយក្នុងនោះវិទ្យាស្ថានប៉ាស្ទ័ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈបានធ្វើតេស្តបានជាង២ពាន់សំណាក(២២៤៧) ដោយរកឃើញថាវិជ្ជមាន១៤ ករណី ប៉ុន្តែ១ករណីនៅសៀមរាប ដែលសង្ស័យថាវិជ្ជមាននោះ នៅមិនទាន់បញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័នៅឡើយទេ។

តាមរយៈសារជាសំឡេងរបស់លោក ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ ក៏បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធឱ្យផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ពិធីបុណ្យទាន កម្មវិធីសិក្សាឯកជន និងរដ្ឋ សម្រាប់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងហាមមិនឱ្យមានការជួបជុំមនុស្សលើសពី ២០នាក់ទៀតផង ដោយថាដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

លោកបន្ថែមថា ការបិទនេះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ឬ១៦ខែធ្នូ ហើយលោកសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋចំពោះការប្រកាសផ្អាកកម្មវិធី និងការជួបជុំផ្សេងៗនៅពេលនេះ។

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកកូវីដ១៩មុនគេ គឺភរិយាលោក ឆែម សាវុធ ដែលមានអការៈ១០ថ្ងៃ គិតត្រឹមថ្ងៃ រកឃើញ។ ក្រសួងថា អំឡុងពេលនោះ គាត់បានធ្វើដំណើរទៅផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសផ្សារទំនើបអ៊ីអន១ ដែលត្រូវបានប្រកាសឱ្យបិទភ្លាមៗ និងទៅសម្រាកនៅខេត្តសៀមរាបចំនួន៥ថ្ងៃទៀតផង។

ព្រឹត្តការណ៍២៨ខែវិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលបានសម្រេចបញ្ចេញសាច់ប្រាក់ជាង១ពាន់លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក។

លោកថាគ្រួសារនីមួយៗនឹងទទួលបាន២ម៉ឺនរៀលក្នុងមួយថ្ងៃ ពោលគឺអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ គ្រួសារនីមួយៗ នឹងទទួលបានថវិកាសរុបចំនួន៣០ម៉ឺនរៀលក្នុងមួយគ្រួសារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស